ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​បើក​ការ​ដ្ឋាន​​​សាង​សង់​ចំណត​ផែ​កុ​ង​តឺន័រ​ថ្មី​នៅ​បន្ទាយ​ដែក

15 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​មាន​ប្រសាសន៍​​ថា ចំណត​ផែ​កុង​តឺ​ន័រ​​ថ្មី​ ​នឹង​រួម​ចំណែក​បំពេញ​ឱ្យ​តួនាទី​​កំពង់​ផែ​ស្វយ័ត​​ភ្នំពេញ ដែល​មាន​ស្រាប់​ឱ្យ​ទៅ​ជា​មជ្ឈ​មណ្ឌល​ផ្គត់​ផ្គង់​ភស្តុភារ ប្រមូល​និង​ចែក​ចាយ​ទំនិញ​ដ៏​ធំ​របស់​ជាតិ​សំដៅ​​រួម​ចំណែក​​ដល់​ការ​ធ្វើ​សមា​ហ​រណ​​​កម្ម​ផ្ទៃ​ក្នុង​ជាតិ​ទាំង​មូល​ ការ​ធ្វើ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ តំបន់ ជា​ពិសេស​ក្នុង​ការ​ជំរុញ​អនុ​វត្ត​ផែ​នការ​នាំ​ចេញ​​អង្ករ​ប្រមាណ​១​លាន​តោន​នៅ​ឆ្នាំ​២០១៦ ខាង​​មុខរបស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ។

​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​៩ មីនា ក្នុង​ឱកាស​​អញ្ជើញ​​​ជា​អធិបតី​​ក្នុង​ពិធី​សម្ពោធ​​បើក​ការ​ដ្ឋាន​​សាង​សង់​​ចំណត​ផែ​​កុង​តឺ​ន័រ​​​ថ្មី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ស្ថិត​នៅ​ភូមិ​កណ្តាល​លើ ឃុំ​បន្ទាយ​ដែក ​ស្រុក​កៀន​ស្វាយ ​ខេត្ត​កណ្តាល ​ដោយ​ប្រើ​ប្រាស់​​​ប្រាក់​កម្ចី​របស់​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន​ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​​ជាង​២៨​លាន​ដុល្លារ​អាមេ​រិក ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ថា នេះ​គឺជា​ការ​កសាង​សម្រាប់​អភិ​វឌ្ឍ​​ប្រទេស​កម្ពុជា​តម្រូវការ​នៃ​ការ​ដឹក​ជញ្ជូន​​ទាំង​ការ​នាំ​ចេញ និង​ការ​នាំ​ចូល ។ នៅ​ពេល​ខាង​មុខ​កម្ពុជា​ពិត​ជា​នឹង​មាន​ទំនិញ​យ៉ាង​ច្រើន​ក្នុង​ការ​នាំ ចេញ និង​​មាន​ទំនិញ​​នាំ​ចូល​ផង​ដែរ ដោយ​សារ​តែ​កម្ពុជា​ក៏​ជា​សមា​ជិក​នៃ​អង្គ​ការ​ពាណិជ្ជ​​កម្ម​ពិភព​លោក ហើយ​​​ដែល​មាន​លទ្ធ​​ភាព​​​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​​អន្តរ​ជាតិ​កាន់​តែ​ច្រើន ។

​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ បើ​សិន​ជា​មិន​កសាង​កំពង់​ផែ​កុង​តឺន័រ​ថ្មី​​នេះ​ទេ ស្ថាន​ភាព​នៅ​ទី​ក្រុង​ភ្នំពេញ មាន​ចំណុច​ពីរ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ។ ទី១-គឺ​សមត្ថ​ភាព​នៅ​​ពេល​ដែល​ទំនិញ​មាន​ការ​រីក​ចម្រើន​​ទាំងការ​នាំ ចេញ និង​​ការ​នាំ​ចូល​នោះ កំពង់​ផែ​ភ្នំពេញ សព្វ​ថ្ងៃ​នេះ​ទ្រទ្រង់​មិន​គ្រប់​ទេ ។ ទី២-ពេល​ខ្លះ​កំពង់​ផែ​ត្រូវ​ផ្អាក​​សកម្ម​ភាព​ទាំង​ស្រុង​តែ​ម្តង ​នោះ​គឺ​នៅ​ត្រង់​ថា រៀង​រាល់​​ឆ្នាំ​ត្រូវ​ប្រារព្ធ​​ពិធី​បុណ្យ​អុំទូក​ សំពះ​ព្រះ​ខែ ដូច្នេះ​​ពេល​នោះ​​កំពង់​ផែ​ភ្នំពេញ ​ត្រូវ​ផ្អាក​​ទាំង​អស់ ។ ​ដូច្នេះ​​បញ្ហា​នេះ​គឺ​មាន​ការ​ពាក់​ព័ន្ធ ​នឹង​ការ​រក​ស៊ី ។ ​អាស្រ័យ​​ហេតុ​នេះ​យើង​បាន​ជ្រើស​រើស​ទីតាំង​សាង​សង់​ចំណត​ផែ​​ថ្មី​នៅ​​ស្រុក​​​កៀន​ស្វាយ​នេះ ដើម្បី​រួម​ចំណែក​​បង្កើន​សមត្ថ​ភាព​កំពង់​ផែ​​ស្វយ័ត​​ភ្នំពេញ ​សម្រាប់​ទទួល​កុង​តឺ​ន័រ​ដែល​កំពុង​កើន​ឡើង​ជា​លំដាប់​ និង​បញ្ចៀស​បាន​នូវ​ការ​កក​ស្ទះ​​ចរា​ចរ​ក្នុង​រាជ​ធានី​ភ្នំពេញ ។

​ទន្ទឹម​នឹង​នេះ​សម្តេច​តេជោ​នាយ​ករដ្ឋ​មន្ត្រី​សូម​ឱ្យ​​​លោក​ផាន គ័ង​ស៊ា ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ពាំ​នាំ​​ការ​អរ​គុណ​របស់​រាជ​រដ្ឋា​ភិបាល​​ និង​ប្រជា​ជន​កម្ពុជា​ជូន​ចំពោះ​ប្រជា​ជន​ និង​រដ្ឋា​ភិបាល​​នៃ​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន​ដែល​​ជា​មិត្ត​ភក្តិ​​ដ៏​ជិត​ស្និទ​ជា​ប្រវត្តិ​សាស្ត្រ និង​ជា​ម្ចាស់​​ហិរញ្ញ​​ប្ប​ទាន​​សហ​ប្រតិ​បត្តិ​ការ​​ឥត​លក្ខខណ្ឌ​​សម្រាប់​ការ​អភិ​វឌ្ឍ​កម្ពុជា ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​​លើ​ការ​ស្តារ​ និង​ការ​អភិ​វឌ្ឍ​​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន គឺ​ផ្លូវ​ ស្ពាន និង​កំពង់​​ផែ ។

ទាំង​នេះ​បញ្ជាក់​​ឱ្យ​ឃើញ​​ច្បាស់​ថា ជា​និច្ច​កាល​​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន​​​​តែ​ង​តែ​​​គិត​គូរ​ និង​ជួយ​​លើ​វិស័យ​​អាទិ​ភាព​​​នានា​ដែល​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច និង​ការ​អភិ​វឌ្ឍ​សង្គម តាម​រយៈ​ការ​ផ្តល់​​នូវ​ការ​​ឧបត្ថម្ភ​​គាំទ្រ​​ជា​បន្ត​បន្ទាប់​ពី​​ការ​សាង​សង់​​ប្រព័ន្ធ​ធារា​សាស្ត្រ​ វារី​អគ្គិ​សនី ផ្លូវ​ ស្ពាន​ ​កំពង់​ផែ ការ​បណ្តុះ​បណ្តាល​​ធន​ធាន​មនុស្ស​ និង​ជំរុញ​​វិនិយោគ​គិន​ចិន ឱ្យ​មក​ធ្វើ​វិនិ​យោគ​នៅ​កម្ពុជា ​សំដៅ​រួម​ចំណែក​​ជំរុញ​​កំណើន​សេដ្ឋ​កិច្ច បង្កើត​​មុខ​របរ និង​ការ​ងារ​ និង​លើក​កំពស់​​កំរិត​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន​កម្ពុជា ។

​ទន្ទឹម​នឹង​នេះ​សម្តេច​តេជោ​​ជូន​ពរ​ដល់​សន្និ​បាត​លើក​ទី​១២ របស់​ចិន​ដែល​បាន​​និង​កំពុង​ប្រព្រឹត្ត​​ទៅ​នេះ​ទទួល​បាន​​ជោគ​ជ័យ​​នៅ​ក្នុង​ដំណើរ​ការ​​នៃ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​ថ្មី ​ព្រោះ​ការ​រីក​ចំរើន​​នៃ​សេដ្ឋ​កិច្ច​​ថ្មី​មិន​មែន​គ្រាន់​តែ​ជួយ​ចិន​ខ្លួន​ឯង​​ទេ ​គឺ​ចិន​បាន​ជួយ​ដល់​បណ្តា​ប្រទេស​កំពុង​អភិ​វឌ្ឍន៍​​ទៀត​។ ​ជាង​នេះ​ជា​នាទី​សំខាន់​ណាស់ ​ក្នុង​ពេល​ដែល​សេដ្ឋ​កិច្ច​​ពិភព​លោក​​មាន​វិបត្តិ​​យ៉ាង​ធ្ងន់​ធ្ងរ​​ ជា​ពិសេស​​សហ​រដ្ឋ​​អាមេ​រិក និង​សហ​ភាព​អឺរ៉ុប ។ បើ​​សិន​ជា​នៅ​កាល​នោះ​ទាំង​ចិន និង​ឥណ្ឌា​​ជួប​ប្រទះ​​វិបត្តិ​​ថែម​ទៀត ​គឺ​មិន​ដឹង​ជា​អ្នក​ណា​ជួយ​អ្នក​ណា​ទេ ។ ​ពីរ​លើក​​រួច​មក​ហើយ ចិន​បាន​បង្ហាញ​​តួនាទី​​របស់​ខ្លួន​​នៅ​ក្នុង​ការ​សង្គ្រោះ គឺ​លើក​ទី​១ នៅ​ឆ្នាំ​១៩៩៧ ពេល​នោះ​វិបត្តិ​​ហិរញ្ញ​​វត្ថុ​​ក្នុង​តំបន់​​ចិន​មាន​​តួនាទី​ជួយ​ដោះ​ស្រាយ​​នូវ​វិបត្តិ​នេះ។ ​ឆ្នាំ​២០០៨-២០០៩ រហូត​មក​ដល់​ពេល​បច្ចុ​ប្បន្ន​នេះ អ្នក​ទទួល​រង​​ ទើប​តែ​នឹង​​ងើប​បន្តិច​ៗ​ទេ ចិន​​នៅរក្សា​កំណើន​​សេដ្ឋ​កិច្ច​៧-៨% របស់​ខ្លួន ។ ​ដូច្នេះ​ចិន​មិន​បាន​ធ្លាក់​​ទៅ​ក្នុង​វិបត្តិ​​ទេ ដែល​ក្នុង​នោះ​មាន​ប្រជា​ជន​ជាង​១.៣០០​លាន​នាក់ ។ ចិន​បាន​បង្ហាញ​​អំពី​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ជោគជ័យ​​សេដ្ឋ​កិច្ច​ផ្ទៃ​ក្នុង​របស​់ខ្លួន​​ផង​ និង​ចូល​រួម​ចំណែក​វិនិ​យោគ​​ទៅ​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍។

លោក​ត្រាំ អ៊ីវ​តឹក ​រដ្ឋ​មន្ត្រី​​ក្រសួង​​សាធា​រណ​​ការ និង​ដឹកជញ្ជូន​បាន​​ឱ្យ​ដឹង​ថា គម្រោង​សាង​សង់​ចំណត​ផែ​កុង​តឺ​ន័រ​ថ្មី​នៅ​ពេល​នេះ​ប្រមាណ​ជា​១០​ហិកតា មាន​ទី​តាំង​ស្ថិត​នៅ​លើ​ដង​ទន្លេ​មេ​គង្គ​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ចម្ងាយ​ប្រមាណ​​ជា​៣០​គីឡូ​ម៉ែត្រ ​ពី​រាជធានី​ភ្នំពេញ ត្រូវ​ចំណាយ​អស់​ទឹក​ប្រាក់​​ជាង​២៨​លាន​ដុល្លារ​អាមេ​រិក ដែល​ជា​ប្រាក់​​កម្ចី​ឥណទាន​របស់​សាធារណ​រដ្ឋ​​ប្រជា​មានិត​ចិន​ សាង​សង់​ដោយ​ក្រុម​ហ៊ុន​សំណង់​​សៀង​ហៃ​គ្រុប រយៈ​​ពេល​សាង​សង់​ចំនួន​៣០​ខែ។

លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​សាង​សង់​ហើយ​ចំណត​ផែ​កុង​តឺ​ន័រ​​ថ្មី​នេះ អាច​ទទួល​​នាវា​ដែល​មាន​ចំណុះ​ផ្ទុក​៥.០០០​តោន ​ឱ្យ​ចូល​ចត​បាន​​ចំនួន​២​កន្លែង​​ទន្ទឹម​គ្នា​ និង​អាច​មាន​សមត្ថ​ភាព​ទទួល​បាន​​កុង​តឺ​ន័រ​​ចំនួន​១២០.០០០ TEUS ក្នុង​មួយ​ឆ្នាំ ។

​បន្ទាប់​ពី​សាង​សង់​រួច ចំណត​ផែ​​ថ្មី​នឹង​ត្រូវ​ដាក់​ឱ្យដំណើរ​ការ​សម្រាប់​ប្រតិ​បត្តិ​ការ​​លើក​ ដាក់ ផ្ទេរ ផ្ទុក​ទំនិញ​​នៅ​ទី​នេះ ដែល​នឹង​ស្រូប​យក​ទំនិញ​សរុប​​ពី​កំពង់​ផែ​​ភ្នំពេញ ដែល​មាន​ស្រាប់​​បច្ចុ​ប្បន្ន​​ប្រមាណ​ជា​៧៥% ​ហើយ​នៅ​សល់​២៥%​ទៀត គឺ​ប្រតិ​បត្តិ​​ការ​នៅ​ចំណត​ផែ​បច្ចុ​ប្បន្ន​​ក្បែរ​​គល់​ស្ពាន​ជ្រោយ​​​ចង្វា​ដដែល ។

លោក​ផាន់ គ័ង​ស៊ា ឯក​អគ្គ​រដ្ឋ​ទូត​​សាធា​រណ​រដ្ឋ​ប្រជា​មានិត​ចិន​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋា​ភិបាល​ចិន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ទំនាក់​ទំនង​​ជាដៃ​គូ​សហ​​ប្រតិ​បត្តិ​ការ​​យុទ្ធ​សាស្ត្រ​ គ្រប់​វិស័យ​​រវាង​ចិន​ និង​កម្ពុជា និង​បន្ត​ពង្រឹង​សហ​ប្រតិ​បត្តិ​​ដែល​មាន​ផល​ប្រយោជន៍​​ទៅ​វិញ​ទៅ​មក​ជា​មួយ​គ្នា​ និង​វិស័យ​​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ការ​អភិ​វឌ្ឍ​​តំបន់​​សេដ្ឋ​កិច្ច​ពិសេស ​ការ​បណ្តុះ​បណ្តាល​​ធន​ធាន​មនុស្ស​​ជា​មួយ​ភាគី​កម្ពុជា។

​លោក​ឯក​អគ្គ​រដ្ឋ​ទូត​ចិន បន្តថា ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​​នេះ​រាជ​រដ្ឋាភិបាល​​កម្ពុជា កំណត់​ទិស​ដៅ​នៃ​ការ​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​ ហើយ​រដ្ឋា​ភិបាល​​ចិន​​ទទួល​ការ​គាំទ្រ​​ខាង​​កម្ចី​សម្ប​ទាន​ឥណ​ទាន។ កិច្ច​សហ​ប្រតិ​បត្តិ​ការ​​នេះទទួល​បាន​សមិទ្ធ​ផល​គួរ​កត់​សំគាល់​​ជា​ច្រើន ។ ​​ភាគី​ទាំង​ពីរ​បាន​ធ្វើ​កិច្ច​​សហ​ប្រតិ​បត្តិ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ក្នុង​វិស័យ​​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ដូច​ជា​ផ្លូវ​ថ្នល់ ស្ពាន ​ប្រព័ន្ធ​ធារា​សាស្ត្រ អគ្គិសនី​ជាដើម ។

​ថ្ងៃ​នេះ​កំពង់​ផែ​​ថ្មី​ផ្ទុក​​កុង​តឺ​ន័រ ​បាន​​បើក​ការ​ដ្ឋាន​សាងសង់ គឺ​ជា​និមិត្ត​សញ្ញា​មួយ​នៃ​ការ​ធ្វើ​សហ​ប្រតិ​បត្តិ​ការ​​រវាង​ចិន និង​កម្ពុជា​កំពុង​បោះ​​ជំហាន​ទៅ​មុខ​ឆ្ពោះ​​​ទៅ​កាន់​​តែ​​​ធំទូលាយ និង​កាន់តែ​ស៊ី​ជម្រៅ​​លើ​គ្រប់​វិស័យ។ ​កំពង់​ផែ​ជា​បង្អួច​របស់​ប្រទេស​មួយ​សម្រាប់​ទាក់​ទង​ជា​មួ​យ​ក្រៅ​ប្រទេស​ដែល​ជា​និមិត្ត​​សញ្ញា​មួយ​នៃ​ការ​អភិ​វឌ្ឍ​ផ្នែក​ពាណិជ្ជ​កម្ម​ទំនិញ​ចេញ-ចូល​​ និង​ផលិត​កម្ម​​ឧស្សាហ​កម្ម​ ផ្នែក​​សំណង់ ផ្នែក​​បំពាក់​សំភារ បរិក្ខារ អាជីវកម្ម ​សុទ្ធ​តែ​ទទួល​បាន​នូវ​​​ការ​អភិ​វឌ្ឍ ៕