ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ស្ទើរ​ប្រេះ​លលាដ៍ក្បាល ក្លាយទៅជា​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មេឃ​រាំងភ្លៀង និង​ក្តៅ​ខ្លាំង​អស់​រយៈពេល​ជាង​កន្លះ​ខែ​កន្លង​មក ធ្វើ​ឱ្យ​អ្នកចម្ការ​មួយ​ចំនួន​នាំ​គ្នា​អង្គុយ​យំ​កើតទុក្ខ ដោយ​គិត​ចាប់តាំងពី​ដើមខែ​មិថុនា

ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​មេឃ​រាំងភ្លៀង និង​ក្តៅ​ខ្លាំង​អស់​រយៈពេល​ជាង​កន្លះ​ខែ​កន្លង​មក ធ្វើ​ឱ្យ​អ្នកចម្ការ​មួយ​ចំនួន​នាំ​គ្នា​អង្គុយ​យំ​កើតទុក្ខ ដោយ​គិត​ចាប់តាំងពី​ដើមខែ​មិថុនា ឆ្នាំ​២០១៦ រហូត​មក​ដល់​វេលា​ម៉ោង​៥ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​១៩ និង​ម៉ោង​៥​និង​៣០​នាទី​ល្ងា ច​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៦ នេះ មាន​ភ្លៀង​លាយ​ដោយ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​បំ ផ្លាញ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន អស់​៦៣​ខ្នង ដោយ​ខូចខាត​ធ្ងន់ធ្ងរ ចំនួន​២៣​ខ្នង ។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ដោយសារ​តែ​អាកាសធាតុ​ក្តៅ​ខ្លាំង អស់​រយៈពេល​ជិត​១​ខែ​មកនេះ ដែល​បណ្តាល​ឱ្យ​ដំណាំ​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​ស្ទើរ​ងាប់​អស់រលីង ទើប​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ មេឃ​ក៏​បង្ក​ទៅ​ជា​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បក់​បោក​មក​ពី​ទិស​ខាងកើត បណ្តាល​ឱ្យ​បុក​ប៉ើង​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​រង​ការ​ខូចខាត​អស់​ចំនួន​៦៣​ខ្នង ប៉ើង​ដំបូល​ទាំងស្រុង​អស់​ចំនួន​២៣​ខ្នង ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ករណី​ភ្លៀង​លាយ​ដោយ​ខ្យល់​កន្ត្រាក់​នេះ មិន​បណ្តាល​ឱ្យ​មនុស្ស​ឬ​សត្វ​ទទួល​រងគ្រោះថ្នាក់​របួស ឬ​ស្លាប់​បាត់បង់​ជីវិត​នោះ​ឡើយ ។

ចំណែក​លោកស្រី ពេញ ម៉ូយ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរ​តា​វ៉ៅ បាន​រៀបរាប់​ថា ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បាន​បក់​បោក​យ៉ាង​ខ្លាំង ទៅ​លើ​ភូមិ​ចំនួន​៥ គឺ​ភូមិ​ខ្លុង ភូមិ​កូនភ្នំ ភូមិ​អូរ​តា​វ៉ៅ ភូមិ​ក្បាល​ព្រ​លាន និង​ភូមិ​ដីក្រហម ស្ថិត​ក្នុង​សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន នៅ​ចន្លោះ​ក្នុង​ម៉ោង​៥​និង​៣០​នាទី ល្ងាច រហូត​ដល់ ៦​និង​០០​នាទី​ល្ងាច និង​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែមិថុនា ធ្វើ​ឲ្យ​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ដួល​រលំ​ជា​ច្រើន​ខ្នង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​ប្រជាពលរដ្ឋ​នោះ​ទេ ។ លោកស្រី​បាន​បន្ត​ទៀត​ថា ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទាំងនោះ​មិន​ទាន់​ដឹង​ពី​តួលេខ​នៃ​ការ​ខូចខាត​ពិតប្រាកដ​គិត​ជា​ប្រាក់​អស់​ប៉ុន្មាន​នៅឡើយ​ទេ គឺ​រង់ចាំ​ខាង​អាជ្ញាធរ ក៏​ដូច​ជា​ខាង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ចុះ​ទៅ​ប្រមូល​ទិន្នន័យ និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រោយមក​គេ​ឃើញ​ខាង​អាជ្ញាធរ និង​កាកបាទក្រហម​បាន​ចុះ​ត្រួតពិនិត្យ និង​ជួយ​ប្រជាពលរដ្ឋ ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ភ្លាម​ៗ ក្រោយ​ហេតុការណ៍​ក៏​អាក្រក់​នេះ​បាន​កើតឡើង ។  ក្រៅពី​នោះ ក្រុមការងារ ក៏​បាន​នាំ​យក​អំណោយ​ជួយ​សង្គ្រោះ​បន្ទាន់​ទៅ​ជូន​ប្រជាពលរដ្ឋ​ភ្លាម​ៗ ៕