ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនុំ​ពី​មុន​! គ្រាន់​តែ​ឃើញ​ភ្លាម​ស្ទុះ​វាយ​គ្នា ម្ខាង​របួស ម្ខាង​ទៀត​ត្រូវ​ចាប់ខ្លួន​ជា​បន្តបន្ទាប់

2 ឆ្នាំ មុន
  • សៀមរាប

ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម មាន​គ្នា​ចំនួន​៥​នាក់ បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​មួយ​ក្រុម​ទៀត ដែល​មាន​គ្នា​ចំនួន​៣​នាក់ បណ្តាល​ឱ្យ​រង​បួស​ធ្ងន់​ម្នាក់​ត្រង់​ក្បាល ហើយ​ខណៈ​ពេល​នោះ

ខេត្តសៀមរាប ៖ ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម មាន​គ្នា​ចំនួន​៥​នាក់ បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​មួយ​ក្រុម​ទៀត ដែល​មាន​គ្នា​ចំនួន​៣​នាក់ បណ្តាល​ឱ្យ​រង​បួស​ធ្ងន់​ម្នាក់​ត្រង់​ក្បាល ហើយ​ខណៈ​ពេល​នោះ បំ​រ៉ុ​ង​នាំ​គ្នា​គេចខ្លួន តែ​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​សូទ្រនិគម ឃាត់ខ្លួន​បាន រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត បញ្ជូន​ទៅ​កាន់​តុលាការខេត្ត​។

ហេតុការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច នៅ​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០២២ ស្ថិត​នៅ​ចំណុច​ទំនប់​៧៨ ចុង​ភូមិ​ស្រម៉​ធំ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

បើ​តាម​ប្រសាសន៍​របស់​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា រ៉េ​ត ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២២​នេះ​ថា មាន​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​គ្នា​ចំនួន​៥​នាក់ បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​មួយ​ក្រុម​ទៀត ដែល​មាន​គ្នា​ចំនួន​៣​នាក់ បណ្តាល​ឱ្យ​រង​បួស រួច​រត់គេច​ខ្លួន តែ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​សូទ្រនិគម ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ។

លោក​បន្ថែម​ថា តាម​ការ​បំភ្លឺ​របស់​ដើមចោទ (​ជន​រង​គ្រោះ​) នៅ​ថ្ងៃ​ទី​៣ ខែមករា​ថា ក្រុម​ដើមចោទ (​ជន​រង​គ្រោះ​) មាន​គ្នា​០៣​នាក់ បាន​ជិះ​ម៉ូតូ​០២​គ្រឿង​ទៅ​ផឹកស៊ី​នៅ​ខ្យុ​ស​ទំនប់​៧៨ ស្ថិត​នៅ​ចុង​ភូមិ​ស្រម៉​ធំ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ខណៈ​ពេល​កំពុង​អង្គុយ​បាន​មួយ​ភ្លែត ក៏​ឃើញ​ក្រុម​ចុងចោទ (​ជនសង្ស័យ​) មាន​គ្នា​០៥​នាក់ ក៏​មក​អង្គុយ​ផឹកស៊ី​ជិត​គ្នា​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ដោយសារ​ក្រុម​ទាំង​២​ក្រុម​នេះ ធ្លាប់​មាន​ទំនាស់ ឌឺដង និង​វាយ​គ្នា​ពី​មុន មក ទើប​ក្រុម​ចុងចោទ (​ជនសង្ស័យ​) ដែល​មាន​គ្នា​០៥​នាក់​ក្រឡេក​ឃើញ​ក្រុម​ជន​រង​គ្រោះ​ភ្លាម ក៏​បាន​យក​មួក​សុវត្ថិភាព​ស្ទុះ​ទៅ​វាយ​ក្រុម​ដើមចោទ (​ជន​រង​គ្រោះ​) ដែល​មាន​គ្នា​ចំនួន​០៣​នាក់​នោះ​តែ​ម្តង បណ្ដាល​ឱ្យ​រង​របួស​ខាង​ដើមចោទ (​ជន​រង​គ្រោះ​) ម្នាក់ ធ្វើ​ឱ្យ​រយះ​ក្បាល ០,៣ សង់ទីម៉ែត្រ​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ក្រុម​ចុងចោទ (​ជនសង្ស័យ​) បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​ស្រុក​សូទ្រនិគម សហការ​គ្នា​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​០៤ ខែមករា ហើយ​ក៏​នាំ​ខ្លួន​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​ស្រុក​សូទ្រនិគម​តែ​ម្ដង​។

លោក​បាន​បញ្ជាក់​ទៀត​ថា ជន​ចុងចោទ (​ជនសង្ស័យ​) ចំនួន​០៥​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖ ១- ឈ្មោះ​យ៉ុ​ន អាទិត្យ (​ហៅ​ប៉ាន់​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ ២- ឈ្មោះ ថា សុ​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ ៣- ឈ្មោះ ហូ​យ សី​ហាក់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។ ៤-​ឈ្មោះ វ៉ា ថុ​ង (​ហៅ​ពី​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​គោក​ឬ​ស្សី​ខាងជើង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​៥- ឈ្មោះ ជឿន ណា​រ៉ូ​ត (​ហៅ​ម៉ា​ប់​) ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ចែក ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

ចំណែក​ដើមចោទ​វិញ (​ជន​រង​គ្រោះ​) មាន​គ្នា​ចំនួន​០៣​នាក់ ក្នុង​នោះ​មាន ៖ ១- ឈ្មោះ វុន វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ត្របែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប រង​របួស​រយះ​០,៣​ស​.​ម ចំ​កណ្ដាល​ក្បាល ដោយ​ត្រូវ​ក្រុម​ចុងចោទ​មាន​គ្នា​០៥​នាក់​ព្រួត​វាយ​នឹង​មួក​សុវត្ថិភាព​។ ២- ឈ្មោះ ឆេ​ង កក្កដា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​គោក​មន ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប មិន​រង​របួស​ទេ និង​៣-​ឈ្មោះ ទួន រ៉ាត់​វីវៈ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ត្របែក ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត​សៀម​រាម មិន​រង​របួស​ទេ ។

ក្រោយ​ពី​សាកសួរ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ចុងចោទ (​ជនសង្ស័យ​) បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​នាំ​គ្នា​ព្រួត​វាយ​ទៅ​លើ​ក្រុម​ដើមចោទ (​ជន​រង​គ្រោះ​) ពិតប្រាកដ​មែន ។ ហើយ​បច្ចុប្បន្ន​នេះ កម្លាំង​នគរបាល​ជំនាញ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន ជនសង្ស័យ​ចំនួន​៥ នាក់​ទៅ​កាន់​តុលាការ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ