ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​រីករាយ​ក្នុង​វ័យ​កុមារ​ជួយ​ធ្វើ​ឱ្យ​ល្អប្រសើរ​ដល់​សុខភាព​បេះដូង​ពេល​ធំ​ពេញវ័យ

7 ឆ្នាំ មុន

ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​ជនជាតិ​ហ្វាំ​ង​ឡង់​និង​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Circulation បាន​បង្ហាញ​ថា បណ្តា​មនុស្ស​ធំ​ពេញវ័យ​ដែល​កាលពី​វ័យ​កុមារភាព​ធ្លាប់​ទទួល​បាន​ភាព​រីករាយ និង​សុខភាព​ផ្លូវ​កាយ​ផ្លូវចិត្ត​ពេញ​បរិបូរ

ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​ជនជាតិ​ហ្វាំ​ង​ឡង់​និង​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Circulation បាន​បង្ហាញ​ថា បណ្តា​មនុស្ស​ធំ​ពេញវ័យ​ដែល​កាលពី​វ័យ​កុមារភាព​ធ្លាប់​ទទួល​បាន​ភាព​រីករាយ និង​សុខភាព​ផ្លូវ​កាយ​ផ្លូវចិត្ត​ពេញ​បរិបូរ សុខភាព​បេះដូង​របស់​ពួក​គេ​គឺ​ល្អ​ប្រសើរ​បំផុត​ធៀប​ទៅ​នឹង​បុគ្គល​ដែល​ជួប​តែ​ក្តី​និរាស​ព្រាត់ប្រាស​កាលពី​វ័យ​កុមារ ។

នៅ​ក្នុង​ការ​ពិសោធ​តាមដាន​លើ​មនុស្ស​ជាង​១​ពាន់​នាក់​ចាប់ពី​កុមារភាព​ដល់​វ័យ​ពី​៣០​ទៅ​៤៥​ឆ្នាំ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​ថា​តើ​ពួក​គេ​ទាំងនោះ​មានគុណ​សម្បត្តិ​ផ្លូវចិត្ត​អំឡុង​កុមារភាព តួយ៉ាង​ដូច​ជា រស់នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ទម្លាប់​រស់នៅ​ល្អ មានការ​អប់រំ​ប្រៀនប្រដៅ​ល្អ និង​ការ​ផ្គត់ផ្គង់​សេដ្ឋកិច្ច​គ្រប់គ្រាន់​ដែរ​ឬ​យ៉ាងណា ។

ជា​លទ្ធផល ពួក​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា បុគ្គល​ពេញវ័យ​ដែល​ទទួល​បាន​គុណសម្បត្តិ​ផ្លូវចិត្ត​ច្រើន​បំផុត​កាលពី​វ័យ​កុមារ ១៤​ភាគរយ​មាន​ទម្ងន់​ខ្លួន​ធម្មតា ១២​ភាគរយ​មិន​ជក់បារី និង​១១​ភាគរយ​មាន​កម្រិត​ស្ករ​ក្នុង​ឈាម​ធម្មតា ។ កត្តា​ទាំង​អស់នេះ​នឹង​ញ៉ាំង​សុខភាព​បេះដូង​បាន​ល្អ​ប្រសើរ ។

Laura Pulkki-Raback អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of Helsinki ប្រទេស​ហ្វាំ​ង​ឡង់​និយាយ​ថា ជម្រើស​របស់​ឪពុក​ម្តាយ​គឺ​បាន​ជះ​ឥទ្ធិពល​រយៈពេល​វែង​លើ​សុខភាព​នា​ពេល​អនាគត​កូន​របស់​ពួក​គេ ។ មួយវិញទៀត ការ​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ក្នុង​ផ្នែក​ណាមួយ​ជា​ពិសេស​គឺ​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង ។

អ្នក​ស្រាវជ្រាវ​រូប​នេះ​បាន​បន្ថែម​ថា ភស្តុ​តាង​វិទ្យាសាស្ត្រ​លើក​នេះ​បាន​បន្ថែម​ទម្ងន់​ទៅ​លើ​ការ​ពិត​ដែល​ថា ការ​វិនិយោគ​លើ​សុខុមាលភាព​របស់​កូន​និង​គ្រួសារ​គឺជា​ការ​ចំណាយ​ដ៏​មាន​ប្រសិទ្ធភាព​រយៈពេល​វែង ។ ពីព្រោះ វា​បាន​ជួយ​កាត់​បន្ថយ ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​នៅ​ក្នុង​ជីវិត​ពេល​អនាគត ៕