ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​​សង្ក្រាន​ឆ្នាំថោះ ​ត្រីស័ក​​ ចុល្ល​សករាជ​ ១៣៧៣ មហា​​សករាជ ១៩៣៣ ​ពុទ្ធ​​សករាជ ​២៥៥៥ ​​គ្រិស្ត​សករាជ ​២០១១

13 ឆ្នាំ មុន

ព្រះពុទ្ធ​​សក​រាជ​ព្រះសាសនា​អតិក្កន្តា​កន្លង​ទៅហើយ​បាន​២៥៥៤ ត្រឹម​​ថ្ងៃ១៥កើត ​ខែ​ពិសាខ លុះ​ដល់​ថ្ងៃ១​រោច ​ខែពិសាខ ឆ្នាំ​ថោះ ​ត្រីស័ក​តទៅ​ចូល​ពុទ្ធ​សក​រាជ​២៥៥៥ ។​នឹង​គណនា​ឆ្នាំ​ថោះ​ ឥឡូវនេះសង្ក្រាន្ត​ចូលមក​នៅ​ថ្ងៃព្រហស្បតិ៍១១​កើត​ខែ​ចេត្រ ត្រូវនឹង​ថ្ងៃទី​១៤ មេសា គ្រិស្ត​សករាជ២០១១ វេលាម៉ោង​១៣ និង​១២នាទី ។ ពេលនោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី ទៅ​ស្ថិត​នៅ​ឯមេស​រាសី​តាមផ្លូវ​គោ​វិថី គឺ​ផ្លូវ​កណ្តាល ទើប​មានទេវធីតា​មួយ​​ព្រះ​អង្គ​ជា​មគ្គ​នាយិកា​ព្រះនាមកិរិណី​ទេវី ជាបុត្រីទី៥នៃ​កបិល​មហាព្រហ្មគង់​នៅ​ចាតុម្ម​ហារាជិកា ទ្រង់​​អម្ពរពណ៌បៃតង លម្អ​នៅ​ព្រះ​កាណ៌ដោយ​សៀត​ផ្កាមន្ទារអភរណទ្រង់​ពាក់កែវ​មរកត

ព្រះពុទ្ធ​​សក​រាជ​ព្រះសាសនា​អតិក្កន្តា​កន្លង​ទៅហើយ​បាន​២៥៥៤ ត្រឹម​​ថ្ងៃ១៥កើត ​ខែ​ពិសាខ លុះ​ដល់​ថ្ងៃ១​រោច ​ខែពិសាខ ឆ្នាំ​ថោះ ​ត្រីស័ក​តទៅ​ចូល​ពុទ្ធ​សក​រាជ​២៥៥៥ ។​

នឹង​គណនា​ឆ្នាំ​ថោះ​ ឥឡូវនេះសង្ក្រាន្ត​ចូលមក​នៅ​ថ្ងៃព្រហស្បតិ៍១១​កើត​ខែ​ចេត្រ ត្រូវនឹង​ថ្ងៃទី​១៤ មេសា គ្រិស្ត​សករាជ២០១១ វេលាម៉ោង​១៣ និង​១២នាទី ។ ពេលនោះ​ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី ទៅ​ស្ថិត​នៅ​ឯមេស​រាសី​តាមផ្លូវ​គោ​វិថី គឺ​ផ្លូវ​កណ្តាល ទើប​មានទេវធីតា​មួយ​​ព្រះ​អង្គ​ជា​មគ្គ​នាយិកា​ព្រះនាមកិរិណី​ទេវី ជាបុត្រីទី៥នៃ​កបិល​មហាព្រហ្មគង់​នៅ​ចាតុម្ម​ហារាជិកា ទ្រង់​​អម្ពរពណ៌បៃតង លម្អ​នៅ​ព្រះ​កាណ៌ដោយ​សៀត​ផ្កាមន្ទារអភរណទ្រង់​ពាក់កែវ​មរកត ភក្សាហារ ទ្រង់​សោយ​ សណ្តែក-ល្ង ព្រះហស្ត​ស្តាំ​ទ្រង់​កង្វេរ ​ព្រះ​ហស្ត​ឆ្វេង​ទ្រង់​កាំភ្លើង​ ទ្រង់​អង្គុយ​​ពាក់​ឆៀង​លើ​ខ្នង​គជ​សារ​(សត្វដំរី)ជា​ពាហនៈ ​ទើប​​នាំ​អស់​ទេវបុត្រ​ ទេវធីតា​ទាំង​មួយ​​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ ធម្ម​មាលី នា​ទីភ្នំ​កៃ​លាស ខេត្ត​ហិម​ពាន្ត​ជាទីតម្កល់​​ទុក​នូវ​ព្រះ​សិរសា កបិល​មហា​ព្រហ្ម ដែលតម្កល់​​លើ​ពាន​មាស នាំ​មកដង្ហែ​​ប្រទក្សិណ ភ្នំព្រះ​សុមេរុ​រាជ តាមផ្លូវ​ព្រះអាទិត្យ​ចរចំនួន​៦០​នាទី (២៤ម៉ោង)​ ទើបនាំយក​ទៅ​តម្កល់​ទុកកន្លែង​ដើម​វិញ​ ហើយ​ប្រជុំ​ទេវបុត្រ ​ទេវ​ធីតា​ទាំង​មួយ​​សែន​កោដិចូល​ទៅ​ស្រង់​ទឹក អនោត្ត​មហាស្រះ ដែល​មាន​ទឹកហូរ​ចេញ​ពី​បំពង់​ថ្ម​កែវ​ដែលជា​មាត់គោឧសភរាជទាំង​៧​ត្រជាក់​ក្សេម​ក្សាន្ត​ព្រះ​រាជ​ហប្ញទ័យ ហើយនាំ​គ្នា​ចូល​ទៅ​​សមា​ទាន​រក្សា​សីល​ដោយ​សោម​នស្ស​រីក​រាយ​គ្រប់ព្រះអង្គ​ក្នុងភគវតី​សភាសាលា​ដែលវិស្សកម្ម ទេវបុត្រនិម្មិតថ្វាយ​ដើម្បីបន្ទោ​បង់អពមង្គល​ឱ្យ​ជ្រះស្រឡះ​ ហើយចម្រើន​នូវសិរីសួស្តីជ័យមង្គល ជន្មាយុ​យឺនយូរដល់​ទេវតា និងមនុស្សសត្វផង​ទាំងឡាយ​តាំងពីឆ្នាំថ្មី​ចូលមក​នេះ​បាន​ធូរ​ទូលំ​ ទូលាយ​ សុខក្សេម​ក្សាន្ត​​តរៀង​ទៅ ។

ថ្ងៃព្រហស្បតិ៍ ​១១កើត ខែចេត្រ ត្រូវ​នឹង​​ថ្ងៃ​ទី១៤ មេសា​ គ្រិស្ត​សករាជ​២០១១ វេលាម៉ោង ១៣ និង​១២នាទី​ជា​ថ្ងៃ​ចូលឆ្នាំ​ថោះ​ត្រីស័ក ។

ថ្ងៃសុក្រ ១២កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃទី១៥ ​មេសា គ្រិស្ត​សករាជ ២០១១​ជា​វារៈ​វ័ន​បត ។

ថ្ងៃ​សៅរ៍ ១៣កើត ខែ​ចេត្រ ​ត្រូវ​នឹង​​ថ្ងៃទី​១៦ ​មេសា គ្រិស្ត​សក​រាជ​២០១១ នៅវេលា​ម៉ោង​១៥ និង​៣០​នាទី​១២វិនាទី ជាវារៈ​ឡើង​ស័កគម្រប់​ជា​សង្ក្រាន្ត​៣​ថ្ងៃ​ស្រេច​បរិបូណ៌​ចូល​ជា​សាកល​ឆ្នាំ​ថោះ​ត្រីស័ក ចុល្ល​សករាជ១៣៧៣ និង​មហាសក​រាជ​១៩៣៣ តទៅ ។

ក្នុង​ឱកាស​​សង្ក្រាន្ត​ទាំង​៣​ថ្ងៃ សូម​អស់​ប្រជា​ពល​រដ្ឋ​ប្រុស​ស្រីផង​ទាំង​ឡាយ​រៀបចំពលិការ គ្រឿង​សក្ការបូជា​អុជប្រទីប​ជ្វាលា ថ្វាយ​ព្រះ​រតន​ត្រ័យ​ និងទទួល​ស្វាគមន៍​ ទេវបុត្រ​ទេវធីតា​ឆ្នាំ​ថ្មី​ ហើយ​ខំ​លះ​បង់​ចិត្ត​អាក្រក់​អន្យ​តិរិ្ថយ ជា​ចិត្ត​អប្រីយ៍​ជាប់​ដោយ​គំនុំគុំកួន​ ព្យាបាទ​ឈ្នា​នីស ដែលកើត​មានក្នុង​ឆ្នាំចាស់ឱ្យជ្រះ​ ស្រឡះ​តាំង​ចិត្ត ​ប្រព្រឹត្ត​ល្អប្រកប​ដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញា ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃ​ណី​ រក្សា​សីលប្រាំ​ឱ្យ​​​បាន​ជាប់​ជា​និច្ច​ នោះ​ទើបទេវ​តា​នឹង​ឱ្យពរ សព្ទសា​ធុការ លោក​អ្នក​នឹង​​មានសិរី​សួស្តី សុភមង្គល​ វិបុលសុខគ្រប់​ប្រការ​​តាំងពី​ឆ្នាំ​ថ្មីនេះត​រៀង​ទៅ ។

  • រណ្តាប់​ទទួល​ទេវតា

រណ្តាប់​ទទួល​ទេវតា​តាមទំនៀម​ពីបុរាណ​​រៀង​រហូតមក​ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​​មុខផ្ទះ​មួយ សម្រាប់​តាំងគ្រឿង​​ពលិកា​រផ្សេងៗ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌ស ឬបៃតង ហើយ​ រៀប​បាយ​សី៩​ថ្នាក់មួយគូ បាយសី៧ថ្នាក់មួយ​​គូ​បាយសី៥ថ្នាក់​មួយ​គូ​ បាយសី៣​ថ្នាក់មួយគូ បាយសី​ប៉ាឆាម​មួយគូ ស្លា​ធម៌​មួយគូ ទឹកអប់​មួយ​គូ (ទៀន៥ ធូប៥) លាច៥​ ផ្កា​៥ ដាក់​លើ​ជើង​ពាន១គូ ចេក​នួន ចេកណាំវ៉ាពីរជើង​ពាន ផ្លែ​ឈើ១១​មុខ រៀប​ដាក់​ជើង​ពាន​១១គូ ដូង​ឡៅមួ​យ​គូ ​ទឹក​ស្អាត​ពីរកែវ ។ ឆ្នាំនេះ​គួររក​សណ្តែក និងល្ង ដាក់​ទទួល​ទេវតា​ផង ព្រោះ​ជា​ភក្សាហាររបស់ទេវធីតា ។

ចំពោះ​បាយសី៩ថ្នាក់ ៧ថ្នាក់​ សម្រាប់នៅ ព្រះបរមរាជវាំង ​ចំពោះប្រជារាស្ត្រ​គួរ​ធ្វើត្រឹម៥​ ថ្នាក់​ចុះ​មក ឬ​រៀបត្រឹម​គ្រឿង​សក្ការបូជាដែល​មាន​ទៀន​ប្រាំ ធូប​ប្រាំ ស្លា​ធម៌កូនចេក​មួយគូ​ក៏ល្អដែរ ។ ចំពោះផ្លែឈើ​សម្រាប់​ប្រជា​រាស្ត្រ​គួរ​​រៀបឱ្យបានត្រឹម​៣ ឬ​៥មុខ​ជាការ​ប្រសើរ គឺ​រៀបទៅតាម​ធនធានរបស់ខ្លួន ។​ នៅគ្រប់​​តង្វាយ​​​ទាំង​អស់​ត្រូវ​ដាក់​ផ្កា​ម្លិះភួងពីលើគ្រប់​តង្វាយ ​នៅលើ​ជើងពាន​ និងលើ​បាយសីត្រូវ​ដោត​ទៀន​ហើយដុត​បំភ្លឺ ៕