ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​២០០៩​អ្នកទេសចរ​កើន​ប្រមាណ​២​លាន​២​សែន​នាក់

14 ឆ្នាំ មុន

មន្ដ្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា បើ​ទោះបី ប្រទេស​កម្ពុជា ក៏​ដូច​ប្រទេស​ក្បែរ​ខាង​កំពុង​រង​ផល​ប៉ះពាល់ ពី​ឥទ្ធិពល​វិបត្ដិ​សេដ្ឋកិច្ច​ពិភពលោក យ៉ាងណា ក៏​ដោយ ក៏​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​នេះ​នៅ​តែ​មាន​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​ តិចតួច​ដែរ គឺ​កើនឡើង​ពី​២​ទៅ ៣​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​…

ខេត្ដសៀមរាប ៖ មន្ដ្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អះអាង​ថា បើ​ទោះបី ប្រទេស​កម្ពុជា ក៏​ដូច​ប្រទេស​ក្បែរ​ខាង​កំពុង​រង​ផល​ប៉ះពាល់ ពី​ឥទ្ធិពល​វិបត្ដិ​សេដ្ឋកិច្ច​ពិភពលោក យ៉ាងណា ក៏​ដោយ ក៏​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​នេះ​នៅ​តែ​មាន​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​តិចតួច​ដែរ គឺ​កើនឡើង​ពី​២​ទៅ ៣​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០០៨ កន្លង​ទៅ​នេះ ។

លោក​ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ នៃ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍ ប្រាប់​ដោយ​ផ្ទាល់​កាល ពី​ថ្ងៃ​ទី​៦ ធ្នូ កន្លង​មក ខណៈ​ដែល​លោក​ចូលរួម​ក្នុង​ពិធី​រត់ប្រណាំង ពាក់កណ្ដាល​ម៉ា​រ៉ា​តុ​ន​អន្ដរជាតិ លើក​ទី​១៤ នៅ​អង្គរ​កន្លង​ទៅ​ថ្មី​ៗ​នេះ​ថា នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ យើង​សង្ឃឹមថា កម្ពុជា​នឹង​មាន​ចំនួន​ភ្ញៀវ​ទេសចរ កើនឡើង​ពី​២​ទៅ​៣​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ គឺ​មាន​ចំនួន​ប្រមាណ​២​លាន ២០​ម៉ឺន​នាក់ ។ លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​ដំណាក់កាល​វិបត្ដិ​សេដ្ឋកិច្ច​ពិភពលោក​នេះ ប្រទេស​ណា​ក៏​ទទួល​រង នូវ​ផល​ប៉ះពាល់​ពី​ឥទ្ធិពល​នោះ​ដែរ ជា​ពិសេស​វិស័យ​ទេសចរណ៍ ក៏​ប៉ុន្ដែ​ប្រទេស​កម្ពុជា​យើង​ប៉ះពាល់​តិចតួច តែ​ប៉ុណ្ណោះ ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង ជា​ពិសេស​សម្ដេច​នាយក​រដ្ឋមន្ដ្រី លោក​បាន​ដាក់​ចេញ​នូវ យុទ្ធសាស្ដ្រ​សំខាន់​ៗ ដើម្បី​ជួយ​ទប់ទល់​នូវ​វិបត្ដិ​សេដ្ឋកិច្ច​នេះ ដូច​ជា​ការ​បើក​ច្រក​ទូលាយ​ព្រំដែន​គោក ដើម្បី ទាញ​យក​លំហូរ​ទេសចរ​ពី​ប្រទេស​ក្បែរ​ខាង ឱ្យ​ចូល​មក​ប្រទេស​កម្ពុជា​ឱ្យ​បាន​ច្រើន ឱ្យ​គេ​យក​លុយ​មក​ចាយ នៅ​ប្រទេស​យើង ។

លោក​ថោ​ង ខុន បាន​បន្ដ​ប្រសាសន៍​ទៀត​ថា នៅ​ឆ្នាំ​២០០៩​នេះ ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន កូរ៉េ ជប៉ុន មានការ​ធ្លាក់​ចុះ ប៉ុន្ដែ​ជា​រួម​ភ្ញៀវ​ទេសចរ​មក​ពី​អ៊ឺ​រុ​ប ពុំ​មានការ​ធ្លាក់​ចុះ​ទេ ហើយ​ភ្ញៀវ​ទេសចរ​៣៥​ភាគរយ ឆ្លងកាត់​ប្រទេស​ថៃ​តាម​ព្រំដែន​គោក ។ សូម​ជម្រាប​ថា យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍​ឆ្នាំ​២០០៨ បានឱ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ បរទេស​ដែល​ចូល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​២.១៥០.០០០​នាក់ ដែល​មក​ពី​ប្រទេស​សំខាន់​ៗ​ចំនួន​៥​រួម មាន​កូរ៉េ​ខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក ចិន និង​វៀតណាម ហើយ​ថ្មី​ៗ​នេះ​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ កិច្ចព្រមព្រៀង​ជាមួយ​គុយ​វ៉េ​ត នៃ​តំបន់​មជ្ឈិមបូព៌ា ឱ្យ​មាន​ជើងហោះហើរ​ត្រង់​មក​កាន់​ប្រទេស​កម្ពុជា ដែល​នយោបាយ​បើក​ជើង​អាកាស​នេះ គេ​មានការ​រំពឹង​ទុក​ថា នឹង​បង្កើន​ចំនួន​ទេសចរ​មក​កាន់​ប្រទេស​កម្ពុជា ជា​ពិសេស​មក​ពី​ប្រទេស​អា​រ៉ាប់ ។ទោះ​បែប​ណា សំរាប់​ខេត្ដសៀមរាប ដែល​បាន​ចាត់ទុកជា​តំបន់​ប៉ូ​ល នៃ​វិស័យ​ទេសចរណ៍​របស់​ប្រទេស កម្ពុជា​ត្រូវ​បាន​លោក​ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​បង្ហើប​ឱ្យ​ដឹង​ថា នៅ​មាន​ចំនួន​ភ្ញៀវ​ទេសចរ ធ្លាក់​ចុះ​នៅឡើយ​ទេ តែ​ប្រសើរ​ត្រង់​ថា វា​កើន​ជាង​មុន​បន្ដិច ដោយសារ​ពី​៦​ខែ​ដើមឆ្នាំ វា​ធ្លាក់​ចុះ​រហូត ដល់​១៤​ភាគរយ ហើយ​ក្នុង​ខែតុលា​នេះ សៀមរាប​នៅ​ថយ​ចុះ​តែ​២​ភាគរយ​ប៉ុណ្ណោះ ។

ចំណែក​លោក​ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដសៀមរាប បាន​ប្រាប់​ថា នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ ខេត្ដសៀមរាប​មាន​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស ប្រមាណ​តែ​៩៨០.០០០​នាក់​ប៉ុណ្ណោះ ថយ​ជាង​ឆ្នាំ​២០០៨ ប្រមាណ ៦,៨៣​ភាគរយ ។ ការ​ធ្លាក់​ចុះ​នេះ​វា​បណ្ដាល​មក​ពី​កំសួល នៃ​វិបត្ដិ​សេដ្ឋកិច្ច​ពិភពលោក មិន​ទាន់ អស់ ជា​ពិសេស​ខេត្ដសៀមរាប​បាន​ជួបនឹង​ព្យុះកំបុតត្បូង​កេ​ត​សា​ណា​ផង ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ ខក ដំណើរ​មក​ទស្សនា​កម្ពុជា យើង​អស់​ជា​ច្រើន​នាក់ ។

លោក​ង៉ូ​វ សេង​កាក់ បាន​ថ្លែង​បន្ដ​ថា ដើម្បី​ស្ដារ​ស្ថានការណ៍​ឱ្យ​ប្រសើរ​ឡើង​មន្ទីរ​កំពុង​តែ ធ្វើការ​សហការ ជាមួយ​ផ្នែក​ឯកជន ដើម្បី​ធ្វើ​ការងារ​ឃោសនា​បន្ថែម ទាក់ទិន​យុទ្ធសាស្ដ្រ​កម្ពុជា​អច្ឆរិយ ដោយ​ជំរុញ​ឱ្យ​មាន ការ​ចាក់​ផ្សាយ​នៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន​ផ្សេង​ៗ ឱ្យ​ភ្ញៀវ​ទេសចរ​បានឃើញ និង ជួយ​ផ្សព្វផ្សាយ បន្ដ​។ ទន្ទឹម​គ្នា​នោះ យើង​ក៏​ធ្វើការ​ពង្រឹងគុណភាព​សេវា និង​សន្ដិសុខ នៅ​ក្នុង​ខេត្ដ​យើង​ឱ្យ​បាន​ល្អ ព្រោះ សំខាន់​ណាស់​គុណភាព​សេវា​ហ្នឹង បើ​មិន​យកចិត្ដទុកដាក់​យើង​នឹង​ចប់ ។
លោក​ប្រធាន​មន្ទីរ​រូប​នោះ​បាន​បន្ដ​ប្រសាសន៍​ទៀត​ថា ជា​ធម្មតា​កាលណា​ចំនួន​ភ្ញៀវ​ទេសចរ មានការ​ធ្លាក់ ចុះ​វា​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​ឯកជន ដូច​ជា​ភោជនីយដ្ឋាន របរ​លក់​គ្រឿង​អនុស្សាវរីយ៍ ក្រុមហ៊ុន ដឹក​ភ្ញៀវ​ទេសចរ ជា​ពិសេស​សណ្ឋាគារ ដែល​មាន​តំលៃ​បន្ទប់​ថ្លៃ​ចាប់ពី​ជាង​១០០ ដុល្លារ​ឡើង​ទៅ​។

ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​បានឱ្យ​ដឹង​ថា តាម​ការ​ប៉ាន់​ប្រមាណ ភ្ញៀវ​ទេសចរ​ម្នាក់ ដែល​មក​ទស្សនា​ប្រទេស កម្ពុជា ពួក​គេ​ជា​មធ្យម​ម្នាក់​ចំណាយ​៧០០​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ការ​ប៉ាន់​ប្រមាណ​នេះ​មិន​ទាន់​គិត​ពី ថ្លៃ​សំបុត្រ​យន្ដហោះ ព្រមទាំង​ថ្លៃ​ទិដ្ឋាការ​(​វី​ហ្សា​)​ឡើយ ។ ដូច្នេះ បើ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ ប្រមាណ​២​លាន​២០​នាក់ ក្នុង​ឆ្នាំ​២០០៩ ដូចដែល​លោក​រដ្ឋមន្ដ្រី ថោ​ង ខុន អះអាង​នោះ កម្ពុជា​នឹង​មាន ចំណូល​ប្រមាណ​១.៥៤០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ឯណោះ​ក្នុង​ឆ្នាំ​២០០៩​នេះ ដែល​ចំណូល​មួយ​ចំនួន បាន​ទៅ លើ​វិស័យ​ឯកជន​និង​មួយ​ផ្នែក​ទៀត​បាន​ទៅ​លើ​រដ្ឋ ក៏​ប៉ុន្ដែ​អ្វី​ដែល​គួរ​ឱ្យ​សោកស្ដាយ​ត្រង់​ថា ចំណូល​ប្រមាណ ៣០​ភាគរយ ត្រូវ​ធ្លុះធ្លាយ​ទៅ​ប្រទេស​ជិតខាង​វិញ​តាម​រយៈ​ការ​នាំ​ចូល​នូវ​បន្លែ​ត្រី​សាច់​ពី ប្រទេស​សៀម និង​វៀតណាម ។