ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង សោ​ភ័​ណ្ឌ សង្ឃឹម​ឈ្នះ​ពេជ្រ សីហា នៅ​វគ្គ​ផ្ដា​ត់​ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ បាន​បង្ហាញ​នូវ​ភាព​ជឿជាក់​ថា​អាច​យកឈ្នះ ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ

រាជធានី​ភ្នំពេញ ៖ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ បាន​បង្ហាញ​នូវ​ភាព​ជឿជាក់​ថា​អាច​យកឈ្នះ ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី ថ្ងៃ​សៅរ៍​ទី​១៨ មិថុនា នេះ ។

គូ​នេះ​មានឱកាស​ឡើង​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​បន្ទាប់​ពី​រឿង សោ​ភ័​ណ្ឌ បាន​ផ្ដួល ឡុ​ង សុ​ភី មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា​ឱ្យ​សន្លប់​នៅ​ក្នុង​ទឹក​ទី​២ ចំណែក ពេជ្រ សីហា ផ្ដួល​កីឡាករ​ឡាវ​ឈ្មោះ​ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ា​លី ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ កីឡាករ​ទាំង​ពីរ​សុទ្ធតែ​ពូកែ​ប្រើ​ស្នៀត​កណ្ដាប់ដៃ​ដូច​គ្នា គ្រាន់តែ​រឿង សោ​ភ័​ណ្ឌ មាន​ភាព​រហ័សរហួន​ជាង ។ ចំណែក ពេជ្រ សីហា ល្អ​បាន​តែ​វាយ​ជា​ប្រយោល​ប៉ុណ្ណោះ បើ​ចូល​កៀក​វិញ​មិន​អាច​ទៅ​រួច​ជាមួយ​រឿង សោ​ភ័​ណ្ឌ បាន​ឡើយ​។ ចាំ​មើល​រវាង រឿង សោ​ភ័​ណ្ឌ និង​ពេជ្រ សីហា នរណា​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើងឯក​គោ​ជល់ ។

ចំណែក ឡុ​ង សុ​ភី ត្រូវ​ជួប​ប្រកួត​ជាមួយ ធុ​ត​ស៍​ភុ​ន ស​.​សុ​ម៉ា​លី ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣ ខណៈ​រូបគេ​ធ្លាប់​ចាញ់​កីឡាករ​ឡាវ​រូប​នេះ​ម្ដង​រួច​ហើយ មិនដឹង​ថា គេ​អាច​សងសឹក​បាន​ឬ​អត់​នោះ​ទេ ។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​រវាង​កីឡាករ​សុខ សុវណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ជាមួយ​កីឡាករ​ថៃ​ឈ្មោះ រើ​ហ្វា​ស៊ី​ត ណា​យុ​ត​ថៃ និង​កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ បឺត សង្ឃឹម មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​។

ចំណែក​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ឯណោះ​វិញ សម្រាប់​ថ្ងៃ​សៅរ៍​នេះ​ក៏​មានការ​ប្រកួត​ប្រដាល់​ដែល​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន​គូ​ផង​ដែរ ក្នុង​នោះ​គូ​អន្តរជាតិ​មាន​២​គូ​។ កីឡាករ​ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​កៅ​ភោ​ដាំ ហាន​រ៉ា​វី ។ កីឡាករ​មាស ភារ​ម្យ មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ប្រកួត​​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភិត​មុន្នី ម៉ូត​សាំង​សា​រ៉ា​ខាម ។ រីឯ​ការ​ប្រកួត​រវាង​កីឡាករ​ក្នុងស្រុក​មាន​កីឡាករ​សល់ អា​ម៉ា មក​ពី​ក្លិប​កុសល​កីឡា ប្រកួត​ជាមួយ​កីឡាករ​ទេស​ឧត្តម មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ​ពេជ្រ ប៊ុ​ន​ឆេ​ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ កីឡាករ​រស់ វិបុល មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។

ដោយឡែក​ការ​ប្រកួត​នៅ​ថ្ងៃអាទិត្យ​ស្អែក​វិញ​សម្រាប់​គូ​អន្តរជាតិ​ក៏​មាន​ពីរ​គូ​ដែរ​ដែល​តម្រូវ​ទៅ​លើ​កីឡាការិនី នូវ ស្រី​ពៅ មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាការិនី​ថៃ​ឈ្មោះ ​ណ​ង​ណាំ​រ៉ា​ន ត​.​ត្រេ​ត​ស៊ី​ឡា និង​កីឡាករ​ចាន់ សំអាត មក​ពី​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​យុគ​ភេ​ត ស​.​ស្រី​វី​ឆា ។ ចំណែក​​គូប្រកួត​មិត្តភាព​ធម្មតា​មាន​កីឡាករ​ឃិ​ត សុវណ្ណ​និល មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ម៉ី សុ​ផាត់ មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​កីឡាករ​ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ចាន់ សច្ចា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ៕