កាលពីច្រើនរយឆ្នាំមុន ភ្នំភ្លើង «Masaya» ប្រទេសនីការ៉ាហ្គា គឺជាទីតាំងសម្រាប់បូជាយញ្ញ ដោយកុមារ និងស្ត្រីត្រូវគេបោះចូលក្នុងរូងភ្នំភ្លើងនោះ ។ ភ្នំភ្លើង Masaya ដែលស្ថិតនៅភាគខាងលិចឆៀងខាងត្បូងក្រុងម៉ាណាហ្គានោះ បច្ចុប្បន្នក្លាយជាប្រភពទាក់ទាញអ្នកទេសចរបរទេស ។ គេនឹងបានឃើញអំណាចភ្លើងឆេះផុសនៅខាងមុខ ព្រោះភ្នំភ្លើងនោះឆាបឆេះជានិច្ច ។
ក្រៅពីភ្នំភ្លើង Masaya នោះ នៅមានភ្នំភ្លើងនៅហាវ៉ៃ និងនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលឆេះជាប្រចាំដែរ ។
Masaya ស្ថិតនៅបរិវេណតំបន់ឆ្នេរប៉ាស៊ីហ្វិក របស់នីការា៉ហ្គា ផ្នែកខាងក្នុងតំបន់អភិរក្សដែលមានលក្ខណៈខុសប្លែកនៃធម្មជាតិ មានក្រឡាផ្ទៃប្រហែល៥០គីឡូម៉ែត្រក្រឡា។ ក្រៅពីមានភ្នំភ្លើងគួរឱ្យភ័យខ្លាចនោះ នៅមានដើមផ្ការីកស្រស់ប្រណីតទៀតផង ។ Masaya មានកម្ពស់៤០០ម៉ែត្រ កកើតឡើងតាំងពី៥.០០០ឆ្នាំមុន ។ ក្នុងរយៈពេល៦ខែកន្លងមកមើលទៅវាហាក់ដូចជាមានបម្រែបម្រួលខ្លាំង ខណៈលោកស្រីមីជេឡា គ្យូបា គ្រូពេទ្យជនជាតិអូទ្រីសឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ការដើរកម្សាន្តនៅភ្នំភ្លើងនោះ ហាក់ដូចជាមានអារម្មណ៍រីករាយ និងជាលើកដំបូងដែលឃើញទិដ្ឋភាពបែបនេះ ។
លោកស្រីមីជេឡា គ្យូបា ជាមនុស្សម្នាក់ក្នុងចំណោមអ្នកទេសចរ ៤.០០០នាក់ ដែលរដ្ឋាភិបាលនីការ៉ាហ្គា អនុញ្ញាតឱ្យចូលទៅកម្សាន្តនៅមាត់ភ្នំភ្លើងនោះ ។ ក្នុងមួយលើកបើកឱ្យអ្នកទេសចរម្នាក់ចូលទស្សនាតែរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ព្រោះបារម្ភពីគ្រោះថ្នាក់ពីការស្រូបយកឧស្ម័នពុល និងសត្វដែលរស់នៅបរិវេណមាត់ភ្នំភ្លើងដ៏ជ្រៅជាច្រើនរយម៉ែត្រ គឺមានសត្វសេកបៃតង និងប្រជៀវ ។
បច្ចុប្បន្នការស្រាវជ្រាវបានរកឃើញកំណកកំអែស្ថិតក្នុងភ្នំភ្លើងនោះ ចាប់ផ្តើមមានកម្រិតខ្ពស់ ជារឿយៗ និងសន្និដ្ឋានថា វាអាចផ្ទុះជាថ្មីម្តងទៀតក្នុងរយៈពេល១៥០ឆ្នាំខាងមុខ។ ការផ្ទុះដ៏ខ្លាំងបំផុតរបស់វាកើតឡើងនៅឆ្នាំ១៧៧២ ដោយការផ្ទុះនោះផ្តល់ផលប៉ះពាល់ក្នុងរយៈចម្ងាយ៣០គីឡូម៉ែត្រ ។
បច្ចុប្បន្នភ្នំភ្លើង Masaya មិនទាន់ផ្ទុះ ដូច្នេះអ្នកទេសចរអាចដើរកម្សាន្តបាន ប៉ុន្តែក៏មិនអាចធានាថាវាមិនផ្ទុះមួយរយភាគរយទេ គឺវាអាចផ្ទុះជាយថាហេតុ ដូច្នេះការដើរកម្សាន្តនៅមាត់ភ្នំភ្លើងនោះគឺជារឿង «ប្រឈមនឹងគ្រោះថ្នាក់» មួយ៕
ចែករំលែកព័តមាននេះ