ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ត្រយង​ចំ​កំក​ស ជា​ប្រភេទ​ជិត​ផុត​ពូជត្រឡប់​ទៅ​រស់នៅ​ដែន​ជម្រក​ធម្មជាតិ​វិញ

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) សហការ​ជាមួយ​ក្រសួងបរិស្ថាន មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ និង​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ

ខេត្តព្រះវិហារ ៖ ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) សហការ​ជាមួយ​ក្រសួងបរិស្ថាន មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ និង​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ បាន​លែង​សត្វ​ត្រយង​ចំ​កំក​ស​មួយ​ក្បាល​ដែល​ជា​ប្រភេទ​រង​គ្រោះ​ជិត​ផុត​ពូជ​បំផុត សត្វ​មៀម​ធំ​វូ​ចំនួន​៣​ក្បាល សត្វ​អក​ពស់ព្រៃ​ចំនួន​២​ក្បាល និង​សត្វ​ទីទុយ​ត្រី​ថ្ងាស​ត្នោត​ចំ​នយន​១​ក្បាល ។ សត្វ​ស្លាប​ទាំង​៧​នេះ ត្រូវ​បាន​លែង​ឱ្យទៅ​រស់នៅ​ក្នុង​ព្រៃ​សហគមន៍​ការពារ​ធម្មជាតិ​ត្មាត​ប៉ើយ ស្ថិត​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព ដែល​ជា​កន្លែង​ពួក​វា​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សមាជិក​សហគមន៍ ។

កាលពី​ខែឧសភា ឆ្នាំ​២០១៦ សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ​ត្មាត​ប៉ើយ បាន​ប្រទះ​ឃើញ​កូន​សត្វ​ត្រយង​ចំ​កំក​ស​មួយ​ក្បាល ស្ថិត​ក្នុង​សភាព​ទន់ខ្សោយ និង​មិន​អាច​ហើរ​បាន ។ កូន​ត្រយង​នេះ​ត្រូវ​បាន​គេ​នាំ​យក​ទៅ​កាន់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​នៅ​ខេត្តសៀមរាប ដើម្បី​ទទួល​បានការ​ថែទាំ​មុន​ពេល​វា​ត្រូវ​បាន​គេ​លែង​ឱ្យទៅ​រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​វិញ ។

លោក Michael Meyerhoff អ្នក​ថែទាំ​សត្វព្រៃ​នៅ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ មាន​ប្រសាសន៍​ថា ៖ «​កូន​ត្រយង​ចំ​កំក​ស​នេះ មិន​គ្រប់​គីឡូ​ឡើយ​ពេល​បញ្ជូន​មក​ដល់​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ ។ វា​ត្រូវ​បាន​គេ​ទុកដាក់​ឱ្យ​ឆ្ងាយ​ដើម្បី​កាត់​បន្ថយ​ការ​រំខាន​ពី​មនុស្ស ។ យើង​បាន​ផ្តល់​ចំណី​ឱ្យ​វា​ដូច​ជា​សត្វល្អិត ត្រី និង​កង្កែប រហូត​ដល់​វា​មាន​ទម្ងន់​គ្រប់គ្រាន់ និង​រឹង​មាំ ហើយ​អាច​ហើរ និង​ចិញ្ចឹម​ខ្លួនឯង​បាន ។

លោក Michael Meyerhoff បន្ត​ថា ៖ «​ក្រោយ​ពី​កូន​ត្រយង​ចំ​កំក​ស​នេះ​មាន​ទម្ងន់​គ្រប់គ្រាន់ និង​អាច​ហើរ​បាន​ហើយ​នោះ យើង​បាន​សហការ​ជាមួយ​អង្គការ WCS ដើម្បី​ស្វែងរក​ទីជម្រក​សម​ស្រប​ដើម្បី​លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​កន្លែង​ដែល​ពួក​វា​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ។ យើង​បាន​លែង​វា​ក្បែរ​ត្រពាំង​មួយ​ក្នុង​ព្រៃ​ដែល​អាច​ផ្តល់​ជាទី​ជម្រក និង​ចំណីអាហារ​សម្រាប់​វា​ផង​ដែរ​» ។

ត្រយង​ចំ​កំក​ស ត្រូវ​បាន​គេ​ចាត់ទុកជា​ប្រភេទ​សត្វ​ស្លាប​ទឹក​ដែល​ទទួល​រង​ការ​គំរាមកំហែង​ខ្លាំង​ជាងគេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ ការ​បង្កាត់​ពូជ​របស់​សត្វ​ត្រយង​ចំ​កំក​ស​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ គាំទ្រ​ដល់​ចំនួន​សត្វ​ត្រយង​ចំ​កំក​ស​នៅ​លើ​សាកលលោក ខណៈ​គេ​បាន​អះអាង​ថា មាន​ត្រ​យ៉ង​ចំ​កំក​ស បាន​ពង​កូន​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត និង​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ។

លោក Stefan Harrison ទីប្រឹក្សាបច្ចេកទេស​ប្រចាំ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​របស់​អង្គការ WCS មាន​ប្រសាសន៍​ថា ៖ «​បើ​ពុំ​មានការ​គាំទ្រ និង​ការ​ចូលរួម​ចំណែក​ពី​ប្រជា​សហគមន៍ និង​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​ទេ​នោះ ពួក​យើង​ប្រហែលជា​មិន​អាច​សង្គ្រោះ​ត្រយង​ចំ​កំក​ស និង​សត្វ​ស្លាប់​៦​ក្បាល​ផ្សេង​ទៀត​បាន​ឡើយ ។

គុណសម្បត្តិ​ទាំង​អស់នេះ គឺជា​របស់​គណៈកម្មការ​ទេសចរណ៍ធម្មជាតិ​ត្មាត​ប៉ើយ ពីព្រោះ​ឥឡូវនេះ​សត្វ​ស្លាប​ទាំងអស់​ទទួល​បានការ​ថែរក្សា និង​មាន​តម្លៃ​សម្រាប់​ប្រជាជន​សហគមន៍ ខណៈ​ពួក​គេ​កំពុង​តែ​រស់នៅ​យ៉ាង​ល្អ និង​សុខសាន្ត ។ សម្រាប់​ខ្ញុំ ទាំង​អស់នេះ​បាន​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​របស់​វិស័យ​ទេសចរណ៍ធម្មជាតិ​ក្នុង​ការងារ​អភិរក្ស​» ។

នៅ​តំបន់​ទេសភាព​ខ្ពង់រាប​ភាគ​ខាងជើង អង្គការ WCS សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​ប្រជាជន​មូលដ្ឋាន​បាន និង​កំពុងធ្វើការ​ងារ​យ៉ាង​សកម្ម​ដើម្បី​អភិរក្ស​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ជា​ច្រើន និង​ទីជម្រក​របស់​វា​ក្នុង​រយៈពេល​១៦​ឆ្នាំ​ចុង​ក្រោយ​នេះ​តាម​រយៈ​សកម្មភាព​ជា​ច្រើន​ដូច​ជា​ការ​លើកកម្ពស់​ការ​យល់​ដឹង និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​ជាដើម ។

កូន​មៀម​ធំ​វូ និង​ទីទុយ​ត្រី​ថ្ងាស​ត្នោត ត្រូវ​បាន​សមាជិក​សហគមន៍​ត្មាត​ប៉ើយ​ប្រទះ​ឃើញ​បន្ទាប់​ពី​ញាស់ ។ ពួក​វា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​ដី​មិន​អាច​ហើរ​បាន និង​នៅ​ក្បែរ​ភូមិ ដែល​ឆ្កែស្រុក​អាច​ប្រទះ​ឃើញ និង​ស៊ី​ពួក​វា ។ សមាជិក​សហគមន៍ ក៏​សម្រេចចិត្ត​យក​ពួក​វា​ទៅ​ថែទាំ និង​រង់ចាំ​រហូត​ទាល់តែ​វា​ធំ អាច​ហើរ​និង​រស់នៅ​ដោយ​ខ្លួនឯង​ក្នុង​ព្រៃ​បាន ។

ចំណែក​អក​ពស់ព្រៃ​ទាំង​២​ក្បាល​នោះ​វិញ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ខណៈ​ពួក​វា​ត្រូវ​គេ​ដាក់​លក់​ជា​សត្វ​ចិញ្ចឹម​ខុសច្បាប់​នៅ​ផ្សារ ។ ស្លាប​របស់​វា​ត្រូវ​បាន​គេ​ចង ដូច្នេះ​ហើយ​ពួក​វា​ត្រូវ​បាន​រក្សា​ទុក​នៅ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ​ជា​ច្រើន​ខែ រហូត​ទាល់តែ​ពួក​វា​អាច​ហើរ​បាន ។

ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព មាន​ជា​ប្រភេទ​ទីជម្រក​ចម្រុះ​ដូច​ជា​ព្រៃ​ល្បោះ ព្រៃ​ពាក់កណ្តាល​ស្រោង និង​ត្រពាំង​ដែល​គាំទ្រ​ដល់​ការ​រក​ចំណី  និង​រស់នៅ​ដែល​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​សត្វ​ត្រយង​ចំ​កំក​ស ៕