ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រិះគន់​បញ្ហា​ព្រៃ​នៅ​ភ្នំ​ខៀវ ត្រូវ​គេ​កា.ប់​រាន​ជិត​រលាយ​អស់ហើយ

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ធ្វើការ​រិះគន់​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អាកាសធាតុ​កាន់តែ​មាន​កម្ដៅ​ខ្លាំង​ឡើង​ៗ

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ធ្វើការ​រិះគន់​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ អាកាសធាតុ​កាន់តែ​មាន​កម្ដៅ​ខ្លាំង​ឡើង​ៗ ស្ទើរ​ទ្រាំ​លែង​កើត ។ ចំណែកឯ​ទឹកស្ទឹង ត្រពាំង បឹងបួរ ដែល​កាលពីមុន​មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ខួប​ប្រាំង​វស្សា រហូត​មក​ដល់​ពេល​នេះ រីង​ខះ​ស្ទើរ​អស់រលីង​ដែរ ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្លួនឯង​នាំ​គ្នា​កាប់​បំផ្លាញ​ព្រៃឈើ​តាំងពី​ព្រៃ​ដុះ​ទ្រុប​ទ្រុល បាន​ក្លាយទៅជា​ចម្ការ​ដំណាំ​ពោត និង​ដំឡូង​មី​អស់រលីង ។ ជាក់ស្តែង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ នៅ​ជើងភ្នំ​ខៀវ​មួយ​កន្លែង ត្រង់​ចំណុច​ក្បែរ​រមណីយដ្ឋាន​ចម្ការ​ខ្នុរ ក្នុង​ភូមិប​ហ៊ុយ​ត្បូង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ត្រូវ​ជនខិលខូច បាន​បន្ត​កាប់​ទន្ទ្រានព្រៃ​យក​ដី​ដាំ​ដំណាំ ដោយ​មិន​គិត​ខ្វល់​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​ឡើយ ។ 

ចំណែក​ឯខាង​មន្ទីរ​បរិស្ថាន និង​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ប៉ៃលិន​វិញ បាន​ត្រឹម​ឆ្លើយ​ប្រចាំ​គ្នា​ថា មិនមែន​ជា​កន្លែង​ដែន​ការពារ​របស់​ខ្លួន​ឡើយ ។ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ភាពរាំងស្ងួត​ហួតហែង ប៉ះពាល់​ដល់​ការ​ដាំ​ដំណាំ​របស់​ខ្លួន​បាន​លើក​ឡើង​ថា គ្រោះ​ធម្មជាតិ​រាំង​ស្ងួត និង​គ្រោះ​ទឹកជំនន់ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ឡើយ គឺ​មនុស្ស​ជា​អ្នក​សាង និង​ប្រព្រឹត្ត​ព្រោះថា តាម​ការ​សង្កេត​មើល​របស់​ពួក​គាត់​កាលពី​រាប់​សិប​ឆ្នាំ​កន្លង​មក​ហើយ មិន​ធ្លាប់​មាន​ភាពរាំងស្ងួត​អូស​បន្លាយ​រយៈពេល​យូរ​បែប​នេះ​ទេ ។ 

ប៉ុន្តែ​បន្ទាប់​ពី​ឈ្មួញ និង​ប្រជាពលរដ្ឋ​បន្ត​នាំ​គ្នា​លួច​កាប់​រាន​ព្រៃ​ជើងភ្នំ​ខៀវ និង​តំបន់​ផ្សេង​ៗ​ទៀត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ រហូត​ដល់​ជិត​ដល់​កំពូលភ្នំ និង​ព្រៃ​តំបន់​អភិរក្ស ត្រូវ​គេ​លួច​កាប់​រាល់ថ្ងៃ​រហូត​ដល់​អស់រលីង ទើប​ធ្វើ​ឱ្យ​អាកាសធាតុ​ក្លាយទៅជា​បែប​នេះ ។ ប្រជាពលរដ្ឋ​បញ្ជាក់​ទៀត​ថា ចំណែក​ឈើ​តូច​ធំ​នានា ប្រជាពលរដ្ឋ​ស្លូតត្រង់​មួយ​ចំនួន​មិន​អាច​ចូល​ទៅ​កាប់​នោះ​ឡើយ មាន​តែ​ប្រជាពលរដ្ឋ​មាន​ខ្នង​ជា​មេព្រៃ ឬ​ជា​មន្ត្រី​បរិស្ថាន​ទើប​ហ៊ាន​ចូល​ទៅ​កាប់​រួច​លក់​ចែក​លុយ​គ្នា ។ ដូច្នេះ​ព្រៃឈើ​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​មិន​សង្ឃឹមថា អាច​ឈរ​នៅ​ដុះ​បន្ត​ទៀត​ឡើយ នៅ​ថ្ងៃ​ខាង​មុខ​នឹង​រលាយ​ជាក់​ជា​មិន​ខាន ដោយសារ​តែ​មន្ត្រី​មួយ​ចំនួន​ប្រចាំ​គ្នា និង​ឃុបឃិត​ជាមួយ​ពលរដ្ឋ​មួយ​ចំនួន​កាប់​បំផ្លាញ​ប៉ុណ្ណោះ ។

ពលរដ្ឋ​លើក​ឡើង​មក​និយាយ​គ្នា​លេង​នៅ​តាម​តុ​កាហ្វេ​ឱ្យ​ដឹង​ថា បើ​ចង់​ហាម​ពលរដ្ឋ​ដែល​លួច​កាប់​ព្រៃ​នៅ​តំបន់ហាមឃាត់ ឬ​តំបន់​អភិរក្ស​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​គេ​មិន​ធ្វើ​នោះ​ទេ ព្រោះ​រាល់ថ្ងៃ​គេ​ឱ្យ​ឈ្មួញ​ចូល​ទៅ​កាប់​រួច​បង់លុយ​ឱ្យ​សមត្ថកិច្ច ក្នុង​មួយ​ម៉ូតូ​១​ម៉ឺន ទៅ​ពីរ​ម៉ឺន​រៀល​ឯណោះ ។ បើ​ម៉ូតូ​ណា​មិន​បង់​ទេ នឹង​រឹបអូស​យក​ម៉ូតូ​និង​ឈើ​ទៅ​ដាក់​នៅ ប៉ុស្តិ៍ ដូច្នេះ​ហើយ​ព្រៃឈើ​នៅ​តំបន់​ភ្នំ​ខៀវ​ត្រូវ​តែ​រលាយ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក គឹ​ម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យ ដឹង​ថា ខាង​លោក​អត់​ដឹង​រឿង​នេះ​ទេ ហើយ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ ខាង​លោក​នឹង​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ ។ លោក​បន្ត​ទៀត​ថា ម្យ៉ាងវិញទៀត ព្រៃឈើ​នៅ​តំបន់​ប​យ៉ា​ខា ខាង​លោក​អត់​គ្រប់គ្រង​នោះ​ទេ គឺ​ប្រគល់​ឱ្យ​សហគមន៍​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​វិញ ដោយនៅ​ពេល​ខាង​មុខ​លោក​នឹង​យក​តំបន់​ព្រៃ​នោះ​មក​គ្រប់គ្រង​ថែរក្សា​ការ ពារ​ម្តង​វិញ ៕