ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជ្រើសរើស​សេវា​មួយ​ណា​រវាង តាក់ស៊ី និង​រ៉ឺ​ម៉ក​ម៉ូតូ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​មធ្យោបាយ​ធ្វើ​ដំណើរ​ពិតជា​សម្បូរ​បែប​ដែល​អ្នកដំណើរ​អាច​មាន​ជម្រើស​ច្រើន ដែល​ផ្ទុយ​ស្រឡះ​កាលពី​ទសវត្សរ៍​មុន​ៗ ។ យ៉ាងណា​ក៏​ដោយ តម្លៃ​គឺជា​កត្ដា​ប្រកួតប្រជែង​មួយ​របស់​អ្នក​ប្រកប​របរ​ផ្ដល់​សេវា​មួយ​នេះ

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​មធ្យោបាយ​ធ្វើ​ដំណើរ​ពិតជា​សម្បូរ​បែប​ដែល​អ្នកដំណើរ​អាច​មាន​ជម្រើស​ច្រើន ដែល​ផ្ទុយ​ស្រឡះ​កាលពី​ទសវត្សរ៍​មុន​ៗ ។ យ៉ាងណា​ក៏​ដោយ តម្លៃ​គឺជា​កត្ដា​ប្រកួតប្រជែង​មួយ​របស់​អ្នក​ប្រកប​របរ​ផ្ដល់​សេវា​មួយ​នេះ បន្ទាប់​ពី​កត្ដា​សុវត្ថិភាព ផាសុកភាព និង​ពេលវេលា​ជាដើម ហើយ​អ្នក​ធ្វើ​ដំណើរ​តែង​គិត​អំពី​វា និង​ធ្វើការ​សម្រេចចិត្ត​ជ្រើសរើស​ថា តើ​មធ្យោបាយ​ណាមួយ​ដែល​ល្អ​សម្រាប់​ពួក​គេ ។

ក្រឡេក​មើល​ពី​សេវា​តាក់ស៊ី និង​រ៉ឺ​ម៉ក​ម៉ូតូ​(​គេ​និយម​ហៅ​រឺ​ុ​ម៉ក​កង់​៣)​វិញ មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ខុស​ៗ​គ្នា អ្នកខ្លះ​ថា ជិះ​តាក់ស៊ី​ស្រួល​ជាង មាន​ផាសុកភាព សុវត្ថិ​ភាព និង​តម្លៃ​ថោក​ជាង​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ ប៉ុន្ដែ​ផ្ទុយ​ពី​នេះ ក៏​មាន​អ្នកដំណើរ​ខ្លះ​និយាយ​ថា ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ស្រួល​ជាង ព្រោះ​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា មិន​ចាំបាច់​រង់ចាំ​យូរ ថ្វី​ដ្បិតតែ​មិនសូវ​មាន​ផាសុកភាព សុវត្ថិភាព​ដូច​តាក់ស៊ី និង​ថ្លៃ​ខុស​គ្នា​តិចតួច តែ​ចំពោះ​អ្នក​ពុល​រថយន្ត វា​ជា​ជម្រើស​ដ៏​ល្អ ។

បើ​តាម​អ្នកស្រី ផា​ន ស្រី​ចាន់ ដែល​ជ្រើសរើស​យក​សេវា​តាក់ស៊ី​បាន​ប្រាប់​ថា ៖ « ខ្ញុំ​គិត​ថា​វា​មាន​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ យើង​អត់​ខ្លាច​ចោរប្លន់​, មិន​ខ្លាច​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​បើ​ក្រុម​គ្រួសារ​មាន​ក្មេង​តូច​ៗ គឺ​វា​រឹតតែ​ងាយស្រួល​ថែម​ទៀត ។ តែបើ​យើង​ជ្រើសរើស​រ៉ឺ​ម៉ក​ម៉ូតូ យើង​ខ្លាច​ចោរឆក់ ខ្លាច​ក្មេង​លេង ព្រោះ​យើង​មានកូន​តូច​ៗ ខ្លាច​ធ្លាក់ » ។ អ្នកស្រី​បន្ត​ថា ៖ « ចំពោះ​តម្លៃ​វិញ សម្រាប់​ខ្ញុំ​គិត​ថា តាក់ស៊ី​ធូរ​ថ្លៃ​ជាង​រ៉ឺ​ម៉ក​ម៉ូតូ ណាមួយ​គ្រួសារ​ខ្ញុំ​គាត់​ចូល​ចិត្ត​ជិះ​តាក់ស៊ី​ច្រើន​ជាង ដោយសារ​តែ​តម្លៃ​ធូរ​ថ្លៃ និង​មាន​លេខ​កុង​ទ័​រ​ចម្ងាយ​ឲ្យ​យើង​ឃើញ​ស្រាប់ » ។

យ៉ាងណា​ក៏​ដោយ ក៏​មាន​អ្នក​ធ្វើ​ដំណើរ​តាម​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​រហ័ស និង​មិន​ចំណាយពេល​រង់ចាំ​យូរ មាន​ន័យ​ថា គ្រប់​ផ្លូវ​សំខាន់​ៗ​នៅ​តាម​ទីប្រជុំជន​នានា សុទ្ធតែ​មាន​រ៉ឺ​ម៉ក​ម៉ូតូ​រត់​ទាំងអស់ ចំណែក​តាក់ស៊ី​ហាក់​មិន​ទាន់​សម្បូរ​បែប​នៅឡើយ ។

អ្នកស្រី ហេង គី​ថា ដែល​ជា​អនិកជន​ខ្មែរ​នៅ​បរទេស​ប្រាប់​ថា ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​មាន​សុវត្ថិ​ភាពល្អ និង​អាច​មើល​ទេសភាព​បាន​នៅ​ពេល​ធ្វើ​ដំណើរ ។ អ្នកស្រី​ថា ៖ « ពេល​ត្រឡប់​មក​ស្រុក​ខ្មែរ​ម្តង​ៗ ខ្ញុំ​តែងតែ​ជ្រើសរើស​យក​សេវា​រ៉ឺ​ម៉ក​ម៉ូតូ​នេះ​រាល់ពេល ចំណែក​តម្លៃ​ខុស​គ្នា​បន្ដិចបន្ដួច គឺ​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ » ។

បើ​តាម​លោក ដា លុ​ច អ្នក​បើករថយន្ត​ក្រុមហ៊ុន Global Taxi បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ដឹក​អ្នកដំណើរ​បច្ចុប្បន្ន​មាន​ច្រើន និង​មាន​តម្លៃ​ប្រកួតប្រជែង ។ សព្វ​ថ្ងៃនេះ តាម​ការ​កត់សម្គាល់​មាន​ភ្ញៀវ​មួយ​ចំនួន​ចូល​ចិត្ត​ជិះ​តាក់ស៊ី​វាស់​ម៉ែត្រ បើ​គាត់​ជិះ​ពី​ក្នុង​ក្រុង​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ អស់ប្រាក់​ប្រហែល​៧​ទៅ​៨​ដុល្លារ តែបើ​ជិះ​ពី​ព្រ​លាន​យន្តហោះ​ទៅ​ក្រៅ​ក្រុង​បន្ដិច ដូច​ជា​តំបន់​បឹង​ស្នោ​ជាដើម អស់ប្រាក់​ជិត​១០​ដុល្លារ អីចឹង​គាត់​ជិះ​តាក់ស៊ី​ចំណេញ​ជាង ។ ចំពោះ​ក្រុមហ៊ុន Global Taxi របស់​លោក ក្នុង​ចម្ងាយ​១.២០០​ម៉ែត្រ ថ្លៃ​៤​ពាន់​រៀល ។ បើ​តាម​ដំណឹង​នៅ​ខែ​ខាង​មុខ​នេះ ក្រុមហ៊ុន​គ្រោង​នឹង​នាំ​ចូល​រថយន្ត​ថ្មី​ប្រហែល​២០​គ្រឿង​បន្ថែម​ទៀត​ដើម្បី​ពង្រីក​សេវា​ដឹក​ភ្ញៀវ ។

លោក ទូច សំ​អុល អ្នក​បើករថយន្ត​តាក់ស៊ី​ក្រុមហ៊ុន​មហា​កំផែង បាន​ឲ្យ​ដឹង​ថា តាក់ស៊ី​របស់​លោក ក្នុង​១​គីឡូម៉ែត្រ​ថ្លៃ​២.៥០០​រៀល ហើយ​ក្នុង​១​ថ្ងៃ​លោក​អាច​ដឹក​ភ្ញៀវ​បាន​ពីរ​ឬ​បី​ជើង​ដែរ​។ គិត​មក​ដល់​សព្វថ្ងៃ ក្រុមហ៊ុន​មាន​រថយន្ត​សម្រាប់​ដឹក​អ្នកដំណើរ​ចំនួន​៦២​គ្រឿង​ហើយ ។

ការ​លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ​ដែរ បើ​តាម​តំណាង​អ្នកបើកបរ​តាក់ស៊ី​ក្រហម បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​តាក់ស៊ី​ក្រហម​មាន​រថយន្ត​ប្រមាណ​៤០​គ្រឿង ហើយ​តម្លៃ​ដឹក​ភ្ញៀវ​ក្នុង​១​គីឡូម៉ែត្រ ថ្លៃ​២.៥០០​រៀល  ។

ចំណែក​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​ខាងក្រៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក ជៀប រុម បាន​ឲ្យ​ដឹង​ថា សេវា​រ៉ឺ​ម៉ក​ម៉ូតូ​នៅ​ខាងក្រៅ​ព្រ​លាន​យន្តហោះ គឺ​ធូរ​ថ្លៃ​ជាង​ខាងក្នុង ព្រោះ​សេវា​នៅ​ខាងក្នុង​ថ្លៃ​៩​ដុល្លារ​សម្រាប់​ដឹក​ភ្ញៀវ​ចេញពី​ព្រ​លាន​យន្ដហោះ​ចូល​ទៅ​ក្នុង​ក្រុង តែ​ភ្ញៀវ​ខ្លះ​ចង់​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​មាន​តម្លៃ​ថោក​ជាង​នេះ គេ​ចេញ​មក​ជិះ​ខាងក្រៅ ។

លោក​ថា ៖ « បើ​ភ្ញៀវ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ចេញពី​ព្រ​លាន​យន្តហោះ​ទៅ​ផ្សារ​ថ្មី មាត់ទន្លេ ឬ​ទៅ​ផ្សារ​ទំនើប​អុ​ី​អន ទារ​ថ្លៃ​ពី​ភ្ញៀវ​ពី​៥​ទៅ​៧​ដុល្លារ​ក្នុង​មួយ​ជើង តែ​ពេល​ត្រឡប់​មក​វិញ ទោះបីជា​ភ្ញៀវ​ឲ្យ​ថ្លៃ​ទាប​ជាង​នេះ​ក៏​យក​ដែរ ចៀសវាង​ត្រឡប់​មក​វិញ​ទទេ » ។

ការ​ផ្តល់​សេវា​កន្លង​មក ភ្ញៀវ​ភាគច្រើន​ចូល​ចិត្ត​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ ដោយសារ​ភ្ញៀវ​ខ្លះ​ពុល​រថយន្ដ ដូច្នេះ គាត់​ជិះ​កង់​បី​វា​ល្ហើយ​ជាង ហើយ​ភ្ញៀវ​បរទេស​ក៏​ចូល​ចិត្ត​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ច្រើន​ដែរ។ ប៉ុន្តែ​ភ្ញៀវ​ខ្លះ​ទៀត​អត់​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​ទេ គឺ​ចាំតែ​ជិះ​រថយន្ត​តាក់ស៊ី​ប៉ុណ្ណោះ បើ​ទោះបីជា​រថយន្ត​តាក់ស៊ី​មិន​ទាន់​មក​ដល់​ក៏​ដោយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​រូប​នេះ ។

យ៉ាងណា​ក៏​ដោយ នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​លើក​ឡើង​របស់​អ្នក​ធ្វើ​ដំណើរ​ដែល​ជ្រើសរើស​សេវា​ដែល​ខ្លួន​ពេញចិត្ត​ប៉ុណ្ណោះ តែ​វា​ជា​គំនិត​មួយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​សម្រេចចិត្ត​ថា​តើ​គួរ​ជ្រើសរើស​ការ​ជិះ​តាក់ស៊ី ឬ​រ៉ឺ​ម៉ក​ម៉ូតូ ?