ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​ការ​ស្លា.ប់​ដោយសារ​ថតរូប​សែ​ល​ហ្វ៊ី

7 ឆ្នាំ មុន

ថតរូប​សែ​ល​ហ្វ៊ី ត្រូវ​មនុស្ស​ជា​ច្រើន​លើ​ពិភពលោក​ចូល​ចិត្ត , សូ​ម្បី​អ្នកនយោបាយ​ខ្លះ ឬ​មនុស្ស​ល្បីល្បាញ​ខ្លះ​ក៏​ចូល​ចិត្ត​ដែរ ។

លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ថតរូប​សែ​ល​ហ្វ៊ី (Selfie)

ថតរូប​សែ​ល​ហ្វ៊ី ត្រូវ​មនុស្ស​ជា​ច្រើន​លើ​ពិភពលោក​ចូល​ចិត្ត , សូ​ម្បី​អ្នកនយោបាយ​ខ្លះ ឬ​មនុស្ស​ល្បីល្បាញ​ខ្លះ​ក៏​ចូល​ចិត្ត​ដែរ ។

លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi ថតរូប​សែ​ល​ហ្វ៊ី (Selfie) ជាមួយ​ថ្នាក់ដឹកនាំ​បរទេស​ជា​ញឹកញាប់ ។ ឆ្នាំ​២០១៥ ពិភពលោក​មាន​២៧​ករណី​រង​គ្រោះ​បាត់បង់​ជីវិត ដោយសារ​ថតរូប​សែ​ល​ហ្វ៊ី ដែល​ក្នុង​នោះ​ជាង​ពាក់កណ្ដាល​កើត​នៅ​ប្រទេស​ឥណ្ឌា ។ និន្នាការ​នេះ​ប្រហែល​មិន​ទាន់​បញ្ឈប់​បាន​នៅឡើយ ព្រោះ​គ្រាន់តែ​២​ស​ប្ដា​ហ៍​ដើមឆ្នាំ​២០១៦​នេះ មាន​៣​ករណី​ស្លាប់​បាត់បង់​ជីវិត ដោយសារ​ថតរូប​សែ​ល​ហ្វ៊ី​នៅ​ឥណ្ឌា​ទៀត ។

ឆ្នាំ​២០១៥ ជនជាតិ​ឥណ្ឌា​ម្នាក់​ពេល​ថតរូប​សែ​ល​ហ្វ៊ី រអិល​ជើង​ធ្លាក់​ចុះ​ពី​ជញ្ជាំង​ភ្នំ ។

ម្នាក់​ទៀត​ថតរូប​សែ​ល​ហ្វ៊ី​នៅ​ពីមុខ​រថភ្លើង​ដែល​កំពុង​រត់​មក​យ៉ាង​លឿន​ដើម្បី​ឱ្យ​មាន​រូប​ខ្លួនឯង​ឈរ​សើច​ពីមុខ​រថភ្លើង លុះ​រថភ្លើង​មក​ដល់​រត់​ចេញ​អត់​ទាន់ ក៏​ខ្ទេចខ្ទី​ខ្លួនប្រាណ​ទៅ​ជា​ចំណែក​តូច​ៗ ។

អ្នកទេសចរ​ជនជាតិ​ជប៉ុន​ម្នាក់ ពេល​ទស្សនា​ប្រទេស​ឥណ្ឌា បាន​ថតរូប​សែ​ល​ហ្វ៊ី​នៅ​ប្រាសាទ​Taj  Mahal ពេល​កំពុង​ថត ស្រាប់តែ​រអិល​ជើង​ធ្លាក់​ជណ្ដើរ​ប្រាសាទ​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​ពុំ​អាច​សង្គ្រោះ​បាន ។

ស្ថិត​ចំពោះ​មុខ​គ្រោះថ្នាក់​ហូរហែ ដោយសារ​ថតរូប​សែ​ល​ហ្វ៊ី​ី​បែប​នេះ រដ្ឋាភិបាល​ឥណ្ឌា​បើក​យុទ្ធនាការ​ក្រើនរំលឹក​ប្រជាជន​របស់​ខ្លួន​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដែល​យុទ្ធនាការ​នោះ​មានឈ្មោះ​ថា «​សែ​ល​ហ្វ៊ី​ជាមួយ​កូនស្រី​របស់​មិត្ត​» ។

ទន្ទឹម​នឹង​យុទ្ធនាការ​របស់​រដ្ឋាភិបាល  តារា​ភាពយន្ត​ឥណ្ឌា​ម្នាក់​ឈ្មោះ Bajrangi Bhaijaan ក៏​តែង​បទ​ចម្រៀង​យ៉ាង​អាក្រក់​អា​ក្រី​តែ​ពេញ​និយម​មួយ​​បទ​ឈ្មោះ «Selfie Le Le  re» រួមចំណែក​ជួយ​ដាស់តឿន​ទៀត ។ ប៉ុន្តែ​ទោះ​ដូច្នេះ​ក៏​ដោយ ក៏​នៅ​តែ​មាន​អ្នក​ស្លាប់​ដោយសារ​ថតរូប​ស្វែ​ល​ហ្វ៊ី​ហូរហែ​ដដែល ។

ចុង​ក្រោយ​ឥណ្ឌា​ចេញ​ការ​ព្រមាន​ហាម​ថតរូប​សែ​ល​ហ្វី ក្នុង​ពិធីបុណ្យ​សាសនា​ឈ្មោះ Kumbh Mela ព្រោះ​ខ្លាច​មាន​សភាពការណ៍​រត់​ជាន់​គ្នា ។

ឥណ្ឌា​មិនមែន​ជា​ប្រទេស​តែ​មួយ​គត់ ដែល​មាន​មនុស្ស​ស្លាប់ ដោយសារ​ថតរូប​សែ​ល​ហ្វ៊ី​ទេ ។ នៅ​ប្រទេស​រុ​ស្ស៊ី នារី​អាយុ​២១​ឆ្នាំ​ម្នាក់ ថតរូប​សែ​ល​ហ្វ៊ី​ខ្លួនឯង​កំពុង​កាន់​កាំភ្លើងខ្លី​យ៉ាង​សង្ហា​ពេល​ថត​នោះ ស្រាប់តែ​ច្រឡំ​កេះកៃ​កាំភ្លើង​ដោយ​អ​ចេតនា បណ្ដាល​ឱ្យ​ផ្អើល​គិល ។ សំណាង​ហើយ ដែល​គ្រាប់កាំភ្លើង​មិន​បាន​ត្រូវ​មនុស្ស ,​កុំ​អី​រឿង​ធំ  ។

នៅ​អេ​ស្ប៉ា​ញ បុរស​ម្នាក់​ពេល​កំពុង​រត់គេច​ពី​គោ​ដេញ​ជល់​ក្នុង​ពិធី​គោ​ជល់​ប្រចាំឆ្នាំ​, រត់​បណ្ដើរ​ឆ្លៀត​ថតរូប​សែ​ល​ហ្វ៊ី​ខ្លួនឯង​បណ្ដើរ​ដើម្បី​ឱ្យ​ឃើញ​កំពុង​នៅ​ពីមុខ​គោ​ជល់​ស្នែង​ស្រួច​វែង ,​មានអី រវល់​តែ​ជក់​ភ្នែក​នឹង​ទិដ្ឋភាព​នោះ ក៏​ត្រូវ​គោ​តាម​ទាន់​វ័ធ​ធ្លាយ​ពោះ​ស្លាប់​នៅ​នឹង​កន្លែង ។

នារី​ទេសចរ​ជនជាតិ​អង់គ្លេស អាយុ​២៣​ឆ្នាំ ឈ្មោះ Zoe Woolmer ពេល​ធ្វើ​ដំណើរ​ទេសចរ​នៅ​ប្រទេស​អូស្ដ្រាលី បាន​ឡើងឈរ​លើ​ថ្ម​មួយ​ដុំ​ធំ ដែល​ដុះ​លយ​ចេញពី​ញកភ្នំ ហើយ​ត្រៀម​ថតរូប​សែ​ល​ហ្វ៊ី ដើម្បី​ឱ្យ​បាន​ទិដ្ឋភាព​ខ្លួនឯង​កំពុង​ឈរ​នៅ​កន្លែង​គ្រោះថ្នាក់ តែ​មិន​ទាន់​បាន​ថត​ផង ក៏​រអិល​ជើង​ធ្លាក់​ចុះ​ក្រោម​ក្នុង​ជម្រៅ​៣០​ម៉ែត្រ បណ្ដាល​ឱ្យ​បាក់​ខ្នង និង​បែកក្បាល​របួសធ្ងន់ ។

តាម​ការ​ស៊ើបអង្កេត​ដំបូង​ឃើញ​ថា នារី​ជនជាតិ​អង់គ្លេស​រូប​នោះ ត្រូវ​ម​គ្គុ​ទ្ទេស​ទេសចរណ៍​របស់​ក្រុមហ៊ុន​ទេសចរណ៍​The Rock Tour នាំ​ទៅ​កម្សាន្ត​នៅ​ឧទ្យាន​ជាតិ​Watarrka កន្លែង​ដែល​មាន​ញាក​ភ្នំ​Kings ហើយ​ញកភ្នំ​នោះ​មាន​ថ្ម​មួយ​ដុំ​ធំ​ដុះ​លយ​ចេញពី​ជញ្ជាំង​ភ្នំ​គួរ​ឱ្យ​ចាប់អារម្មណ៍ ។ គេ​បង្ហាញ​នាង និង​ប្រាប់​នាង​ថា បើ​ឈរ​លើ​ដុំ​ថ្មដុះ​លយ​ចេញ​នោះ ហើយ​ថតរូប​សែ​ល​ហ្វ៊ី ពិតជា​បាន​ទិដ្ឋភាព​មួយ​គួរ​ឱ្យ​ចង​ចាំ​មួយ​ជីវិត ។ កន្លង​មក មាន​អ្នកទេសចរ​ច្រើន​នាក់​ហើយ ដែល​បាន​ឈរ​ថតរូប​សែ​ល​ហ្វ៊ី​នៅ​ទីនោះ។ នាង Zoe Woolmer ខ្លួនឯង​ក៏​យល់​ឃើញ​ដូច្នោះ​ដែរ ហេតុនេះ​ប្រញាប់ប្រញាល់​ធ្វើ​តាម​ភ្លាម , ដឹង​អី​ពេល​កំពុង​ងាក​រក​មើល​ទិស​ខាង​ណា​ជាប់​ទិដ្ឋភាព​ស្អាត​ជាងគេ ក៏​រអិល​ជើង​ធ្លាក់​ចុះ​ក្រោម​តែ​ម្ដង ។

៥០​នាទី​ក្រោយ​គ្រោះថ្នាក់ ពួក​បុគ្គលិក​ឧទ្យាន​ជាតិ​Watarrka ចុះ​តាម​រក​ឃើញ​Zoe Woolmer កំពុង​យំ​ដោយ​ការ​ឈឺចាប់ រួច​ចេះ​តែ ស្រឹម​ទៅ​ៗ រហូត​ស្លាប់​ក្នុង​រយៈពេល​២០​នាទី​ក្រោយ ។ យប់​នោះ​ពួក​បុគ្គលិក​ឧទ្យាន​ជាតិ​ត្រូវ​ចែកវេន​គ្នា​យាម​សព​នាង​ពេញ​មួយ​យប់ ព្រោះ ភ្លាម​ៗ​ដូច្នេះ​មិន​អាច​សែង​សព​នាង​ចេញ​មក​ដល់​ខាងក្រៅ​បាន ៕