Apple បង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដើម្បីលក់ថាមពលអគ្គិសនីជាទ្រង់ទ្រាយធំដែលបង្កើតឡើងដោយគម្រោងថាមពលព្រះអាទិត្យរាប់រយម៉េហ្កាវ៉ាត់ ។ ក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីរបស់ Apple មានឈ្មោះថា Apple Energy LLC ហើយខ្លួនបានដាក់សំណើជាមួយគណៈកម្មាធិការបទប្បញ្ញត្តិថាមពលសហព័ន្ធដើម្បីលក់ថាមពលជាទ្រង់ទ្រាយធំក្នុងទីផ្សារសហរដ្ឋអាមេរិក ។
ក្រុមហ៊ុន Apple Energy LLC បានប្រកាសពីគម្រោងផលិតថាមពលពន្លឺព្រះអាទិត្យចំនួន៥២១ម៉េហ្គាវ៉ាត់ទូទាំងពិភពលោក ដោយប្រើប្រាស់ថាមពលសម្អាតដើម្បីផ្តល់ថាមពលទៅកាន់មជ្ឈមណ្ឌលទិន្នន័យទាំងអស់របស់ក្រុមហ៊ុន ព្រមទាំងហាងរបស់ក្រុមហ៊ុន Apple និងការិយាល័យផងដែរ ។ ក្រុមហ៊ុនបានវិនិយោគបន្ថែមលើវារីអគ្គិសនី ជីវឧស្ម័ន និងថាមពលកម្តៅក្នុងផែនដី ។ លើសពីនេះទៅទៀតក្រុមហ៊ុនកំពុងសម្លឹងមើលការទិញថាមពលបៃតង ។
ក្រុមហ៊ុនមេ Apple អះអាងថា ទោះជាយ៉ាងណាក៏ដោយ Apple Energy LLC មានលទ្ធភាពបង្កើតអគ្គិសនីគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ថាមពលរបស់ខ្លួនប្រមាណជា ៩៣%នៅទូទាំងពិភពលោក ។
ដោយឡែក ក្រុមហ៊ុន Apple កំពុងពិចារណាសាងសង់ទីតាំងបង្កើតថាមពលដែលអាចបំពេញរាល់តម្រូវការនានាក្នុងការចូលរួមចំណែកនៃការរីកចម្រើននាពេលអនាគត ៕
ចែករំលែកព័តមាននេះ