ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​អង្គការ ២​នាក់​នៅ​បាត់​ខ្លួន ក្រោយ​យោធា​មី​យ៉ា​ន់​ម៉ា បើក​ការ​វាយប្រហារ​មួយ សម្លា.ប់​មនុស្សជិត ៤០​នាក់

2 ឆ្នាំ មុន

ទីក្រុង​រ៉​ង់​ហ្គូ​ន ៖ អង្គការ​សប្បុរសធម៌​អន្តរជាតិ​មួយ​ឈ្មោះ Save the Children និយាយ​ថា បុគ្គលិក​របស់​ខ្លួន ២​នាក់ នៅ​បាត់​ខ្លួន…

ទីក្រុង​រ៉​ង់​ហ្គូ​ន ៖ អង្គការ​សប្បុរសធម៌​អន្តរជាតិ​មួយ​ឈ្មោះ Save the Children និយាយ​ថា បុគ្គលិក​របស់​ខ្លួន ២​នាក់ នៅ​បាត់​ខ្លួន ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា បន្ទាប់​ពី​សាកសព​ជិត ៤០​នាក់ ត្រូវ​បាន​រក​ឃើញ បន្ទាប់​ពី​ការ​វាយប្រហារ​មួយ ដោយ​យោធា​មី​យ៉ា​ន់​ម៉ា នេះ​បើ​យោង​តាម BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ ធ្នូ ២០២១​នេះ ។

មន្ត្រី​អង្គការ​សប្បុរសធម៌ អោយ​ដឹង​ថា កងទ័ព​បាន​បង្ខំ​មនុស្ស​ឲ្យ​ចេញពី​រថយន្ត ខ្លះ​ត្រូវ​បាន​ចាប់ខ្លួន ខ្លះ​ទៀត​ត្រូវ​សម្លាប់ ដោយ​ដុត​សាកសព​ពួក​គេ ។ កុមារ និង​ស្ត្រី ត្រូវ​បាន​គេ​ជឿ​ថា ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ ក្នុង​ការ​ប្រហារ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​សុក្រ ទី​២៤ ធ្នូ ២០២១ នៅ​ក្នុង​រដ្ឋ Kayah ភាគ​ខាងកើត​ប្រទេស​ភូមា ។

អ្នកនាំពាក្យ​យោធា​មី​យ៉ា​ន់​ម៉ា ប្រកាស​ថា ពួក​គេ បាន​សម្លាប់​ក្រុម​ភេរវ​ករ ប្រដាប់​អាវុធ​ជា​ច្រើន​នាក់ នៅ​ក្នុង​តំបន់ ។

សូម​ជម្រាប​ថា ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ បាន​និង​កំពុង​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា ចាប់តាំងពី​យោធា បាន​ដណ្តើម​កាន់កាប់ កាលពី​ខែកុម្ភៈ កន្លង​មក ។ ហើយ​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត លោកស្រី អ៊ុ​ង​សាន ស៊ូ​ជី និង​សមាជិក​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ NLD ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ឃុំខ្លួន ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​សៅរ៍ អង្គការ​សប្បុរសធម៌​អន្តរជាតិ​ខាងលើ បាន​ថ្កោលទោស​ការ​វាយប្រហារ​នេះ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៣៨​នាក់​ត្រូវ​ស្លាប់ ។ ហើយ​បុគ្គលិក ២​នាក់ ដែល​ធ្វើ​ដំណើរ​ទៅ​ផ្ទះ នៅ​ថ្ងៃ​ឈប់​សម្រាក ក៏​ត្រូវ​ជាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​នោះ​ដែរ ហើយ​នៅ​តែ​បាត់​ខ្លួន​នៅឡើយ ដោយ​រថយន្ត​ឯកជន​របស់​ពួក​គេ រង​ការ​វាយប្រហារ និង​ឆេះ​ខ្ទេច​អស់ ។

នាយក​ប្រតិបត្តិ​អង្គការ​សប្បុរសធម៌ លោកស្រី Inger Ashing ថ្លែង​ថា “​យើង​មានការ​ភ័យរន្ធត់ ចំពោះ​អំពើ​ហិង្សា ដែល​បាន​ធ្វើ​ឡើង​លើ​ជន​ស៊ី​វិល​ស្លូតត្រង់ និង​បុគ្គលិក​របស់​យើង ដែល​កំពុងធ្វើការ​ជួយ​ដល់​កុមារ​រាប់​លាន​នាក់​ដែល​ខ្វះខាត​នៅ​ទូ​ទាំង​ប្រទេស​មី​យ៉ា​ន់​ម៉ា​” ។

លោកស្រី បាន​និយាយ​បន្ត​ថា ការ​ស៊ើបអង្កេត​លើ​ឧប្បត្តិ​ហេតុនេះ កំពុង​បន្ត ។ ព្រោះ​មាន​រូបថត ដែល​បង្ហាញ​ពី​ការ​វាយប្រហារ នៅ​ទីប្រជុំជន Hpruso ដែល​រថយន្ត ឆេះ​នៅ​សល់​តែ​គ្រោង​ដែក ។

ដោយឡែក កងកម្លាំង​ការពារ​ជាតិ​មួយ មានឈ្មោះ Karenni ដែល​ជា​កងជីវពល​ធំ​ជាងគេ​មួយ ដែល​ប្រឆាំង​នឹង​របប​យោធា​មី​យ៉ា​ន់​ម៉ា បាន​និយាយ​ថា អ្នក​ស្លាប់ មិនមែន​ជា​សមាជិក​កងជីវពល​របស់​ខ្លួន​ទេ ប៉ុន្តែ​ជា​ជន​ស៊ី​វិល ដែល​កំពុង​រត់​ស្វែងរក​ការ​ជ្រកកោន​ពី​ជម្លោះ ។

មេបញ្ជាការ​ម្នាក់ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា “​យើង​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង នៅ​ពេល​ឃើញ​សាកសព​ទាំងអស់​មាន​ទាំង​កុមារ ស្ត្រី និង​មនុស្ស​ចាស់​” ។

អ្នកនាំពាក្យ​របស់​យោធា​មី​យ៉ា​ន់​ម៉ា លោក Zaw Min Tun ក៏​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ដែរ​ថា ការ​ប្រយុទ្ធ​គ្នា បាន​ផ្ទុះ​ឡើង​នៅ​ទីក្រុង Hpruso កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ទាហាន​របស់​ខ្លួន បាន​ព្យាយាម​បញ្ឈប់រថយន្ត​ចំនួន ០៧​គ្រឿង ដែល​កំពុង​បើកបរ “​គួរ​ឲ្យ​សង្ស័យ​” ។ ទាហាន​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់ នៅ​ក្នុង​ការ​ប៉ះទង្គិច​គ្នា កើតឡើង​នា​ពេល​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ