រាជធានីភ្នំពេញ ៖ ជនសង្ស័យ១ក្រុមមានគ្នាចំនួន៦នាក់ ត្រូវបានប្រភពឱ្យដឹងថា បានធ្វើការវាយដំទៅលើជនជាតិចិនម្នាក់ប្លន់យកទូរស័ព្ទដៃ២គ្រឿង កាលពីថ្ងៃទី១ មីនា វេលាម៉ោង១២ និង៥០នាទីរំលងអធ្រាត្រនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ប៉ុន្តែភ្លាមៗនោះប៉ូលិសចាប់ខ្លួនបាន២នាក់ ។
លោកម៉ក់ ហុង អធិការប៉ូលិសខណ្ឌសែនសុខឱ្យដឹងថា ជនជាតិចិនដែលរងការវាយទ្រមខ្លួនពីក្រុមជនសង្ស័យដើម្បីប្លន់យកទូរស័ព្ទដៃចំនួន២ គ្រឿងនេះ ឈ្មោះលាវ ស៊ានសាន់ ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួលនៅកន្លែងកើតហេតុ ។ រីឯជនល្មើសចំនួន២នាក់ដែលប៉ូលិសចាប់បានឈ្មោះសួន សេដ្ឋីបុត្រ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងឈ្មោះផយ ប៊ុនធឿន ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកឯ៤នាក់ទៀតដែលសមត្ថកិច្ចស្គាល់អត្តសញ្ញាណនោះកំពុងតាមចាប់ខ្លួន។
លោកអធិការប្រាប់ថា នៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ថ្ងៃទី១ មីនា ឆ្នាំ២០១១ ជនជាតិចិនបានជិះម៉ូតូឌុបចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយពេលទៅដល់ផ្ទះជួលស្រាប់តែត្រូវចោរប្លន់ចំនួន២នាក់ជិះម៉ូតូ២គ្រឿងម៉ាកវ៉េវ និងគុបជ្រុងតាមទៅវាយទ្រមខ្លួនប្លន់យកទូរស័ព្ទចំនួន២គ្រឿង។ ទោះជាយ៉ាងណាក្តីពេលនោះកំលាំងប៉ូលិសល្បាតប្រទះឃើញចាប់បានចោរ២នាក់ ចំណែក៤នាក់ទៀតរត់គេចបាត់ ។ លោកអធិការបញ្ជាក់ថា ប៉ូលិសរឹបអូសបានម៉ូតូចំនួន២គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព ចំណែកឯទូរស័ព្ទរបស់ជនរងគ្រោះត្រូវជន៤នាក់នោះយកទៅបាត់ ៕
ចែករំលែកព័តមាននេះ