ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាប់​ហាម​…​ហាម​តែ​ច្បាប់ !

7 ឆ្នាំ មុន

នៅ​ស្រុក​យើង​អ្វី​ដែល​ច្បាប់​បាន​ហាម​…​ហាម​លែង​បាន​ទៅ​ហើយ ។ អ្វី​ដែល​មានច្បាប់​រក្សា​ការពារ​…​លែង​រក្សា​ការពារ​បាន​ទៅ​ហើយ ។ មិនដឹង​ថា ច្បាប់​នៅ​តែ​លើ​ក្រដាស…​ច្បាប់​ខ្សោយ

នៅ​ស្រុក​យើង​អ្វី​ដែល​ច្បាប់​បាន​ហាម​…​ហាម​លែង​បាន​ទៅ​ហើយ ។ អ្វី​ដែល​មានច្បាប់​រក្សា​ការពារ​…​លែង​រក្សា​ការពារ​បាន​ទៅ​ហើយ ។

មិនដឹង​ថា ច្បាប់​នៅ​តែ​លើ​ក្រដាស…​ច្បាប់​ខ្សោយ ឬ​មនុស្ស​ខ្សោយ​ខាង​ការពារ ក៏​ពិបាក​ថា ពិបាក​និយាយ​ឱ្យ​ចំ​ដែរ​…​ពិបាក​ណាស់ !
ច្បាប់​ហាម​ចាប់​ត្រី​ក្នុង​រដូវ​ពង​កូន​…​ប៉ុន្តែ​នៅ​លើ​ទីផ្សារ​គ្រប់​ច្រកល្ហក​…​សម្បូរ​ទៅ​ដោយ​ពងត្រី​…

ច្បាប់​ហាម​កាប់​ព្រៃ​លិច​ទឹក ទុក​សម្រាប់​ត្រី​ពង​បន្ត​ពូជ​…​ប៉ុន្តែ​ព្រៃ​លិច​ទឹក​ត្រូវ​អ្នកមាន​ប្រាក់​ឈូស​ឆាយ​ក្លាយជា​វាលរហោឋាន​…​អត់​ឃើញ​មានទោស​…​។

ច្បាប់​ហាម​កាប់​ឈើ​ក្នុង​ព្រៃ​ការពារ​…​ព្រៃ​អភិរក្ស​…​ប៉ុន្តែ​កាប់​យក​ម៉ដ្ឋ​ដូច​អាចម៍​ទីទុយ​…​អ្នក​កាប់​ឈើ​…​អត់​មានទោស​…​។

ច្បាប់​ហាម​ដឹកឈើ​ទៅ​ក្រៅប្រទេស​…​ប៉ុន្តែ​ឈើ​ប្រណីត​ខ្មែរ​ត្រូវ​ចោរ​តូច ចោរ​ធំ​ដឹក​យ៉ាង​រញ្ជួយ​ដី​ទៅ​លក់​ឱ្យ​ស្រុក​យួន​ទាំង​យប់​ទាំង​ថ្ងៃ​…​ព្រៃឈើ​ក៏​អស់​…​អ្នករក​សី​ុ​ខុសច្បាប់​…​អត់​ឃើញ​មានទោស​ទេ​…​មានទោស​តែ​លោកតា​ប្រាក់​…​។

ក្រឡេក​មើលចុះ ចាប់​បាន​ឈើ​ពីចោរ​ជាង​៦៧​ម៉ឺ​ន​ម៉ែត្រគូប​…​ជា​ភ័ស្តុតាង​បញ្ជាក់​…​មិន​អាច​ការពារ​ព្រៃឈើ​បាន​…​។
ច្បាប់​ហាម​ជួញដូរ​…​ប្រើប្រាស់​គ្រឿងញៀន​…​ទោះ​ផ្សព្វផ្សាយ​ស្ទើរ​បែក​អាកាស​…​គ្រឿងញៀន​វាយលុក​ពេញ​នគរ​…​ខ្លះ​ជាប់គុក​ហើយ​នៅ​បញ្ជា​ជួញដូរ​ចេញពី​ក្នុង​គុក​ទៀត​…​ខ្លះ​មាន​ថ្នាំ​ញៀន​ប្រើប្រាស់​ក្នុង​គុក​បាន​ទៀត​…​ទំនង​ស្រួល​ប្រើ​ជាង​កាល​មិន​ទាន់​ជាប់គុក ។

ប្រមុខ​ដឹកនាំ​ប្រទេស​ដាក់​គោលនយោបាយ​ឱ្យ​ស្តា​របឹង ស្តារ​ស្រះ​ដែល​គោក​រាក់ ដើម្បី​ស្តុក​ទឹក​…​កុំឱ្យ​ដល់​ពេល​រាំង​ស្ងួត​អត់​ទឹក​ប្រើ ។ គោលនយោបាយ​ល្អ​នេះ​ក្លាយជា​កន្ទេល​ធំ​បន្លំ​ដេក​…​ក្លាយជា​អាជីវកម្ម​របស់​មន្ត្រី​ឈ្មួញ​ស្ទើរ​គ្រប់កន្លែង​…​។

ចៅហ្វាយស្រុក​និង​មេឃុំ​ខ្លះ​គិតតែ​ពី​ជីក​យក​អាចម៍ដី​លក់​…​ជីក​ដឹក​ចេញ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​គ្រឿងចក្រ​របស់​ឈ្មួញ​…​មិនបាច់​ចំណាយ​ប្រាក់​ទិញ​ដី​សម្រាប់​ជីក​ទេ គឺ​ជីក​បឹង ជីក​ប្រឡាយ​តាម​ចិត្ត​…​ជីក​ប៉ាតណាប៉ាតណី​…​អត់​មាន​បច្ចេកទេស​…​អត់​មាន​អ្នកជំនាញ​ពិនិត្យ​…​អនាគត​ទៅ ស្ទឹង ព្រែក ដែល​មាន​ប្រវែង​រាប់រយ​គីឡូម៉ែត្រ​កាន់តែ​រីងស្ងួត​…​ព្រោះ​ទឹក​វា​នៅ​តែ​មួយ​ប្រឡង់ ដែល​ឈ្មួញ​មន្ត្រី​ជីក​យក​អាចម៍ដី​លក់​…
ច្បាប់​បាន​ហាម​…​មែនទែន​ទៅ​ហាម​តែ​ច្បាប់ !
                  អា​ឡេវ