ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត គុណ ញឹ​ម ចុះ​ពិនិត្យ​តំបន់​សេដ្ឋកិច្ច​ពិសេស​​ភ្នំពេញ

7 ឆ្នាំ មុន

នា​ថ្ងៃ​ទី​០៩ មិថុនា ២០១៦ លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​គយ និង​រដ្ឋាករ ចុះ​ទស្សនកិច្ច​ការងារ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (Phnom Penh SEZ)

នា​ថ្ងៃ​ទី​០៩ មិថុនា ២០១៦ លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​គយ និង​រដ្ឋាករ ចុះ​ទស្សនកិច្ច​ការងារ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (Phnom Penh SEZ) ដែល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈានមុខ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​ស្វែង​យល់​ពី​បរិយាកាស​វិនិយោគ និង​ស្ថានភាព​ផលិតកម្ម ដើម្បី​ពិនិត្យ​លទ្ធភាព​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ថែម​ទៀត​នូវ​ការ​សម្រួល​ពាណិជ្ជកម្ម​ជូន​ប្រតិបត្តិ​ករ​ទាំងនោះ ក៏​ដូច​ជា​ដើម្បី​ពង្រឹង​ការ​អនុវត្ត​នីតិវិធី​គយ​ជា​ធរមាន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​បណ្ឌិត គុណ ញឹ​ម បាន​ជួប​ប្រជុំ​សំណេះសំណាល​ជាមួយ​វិនិយោគិន​ក្នុង​តំបន់ និង​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​លើកទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​វិនិយោគិន និង​បំផុស​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​។ នា​ឱកាស​នេះ​ដែរ លោក​ក៏​បាន​ចុះ​ពិនិត្យ​មើល​សង្វា​ក់​ផលិតកម្ម​របស់​រោង​ចក្រ​សំខាន់​ៗ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ចំនួន​៣ រួម​មាន​៖ ១-​រោងចក្រ​ផលិត​បរិក្ខារ​អេ​ឡិច​ត្រូ​និក Minebea (Cambodia) ២-​រោងចក្រ​ផលិត​ទឹកដោះគោ Angkor Dairy Products និង​3-​រោងចក្រ​កែ​ច្នៃត្បូង  Laurelton Diamond (Cambodia)​។

ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ​៣៥៧​ហិ​កតា បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​មាន​ក្រុមហ៊ុន​ចំនួន​៧៧ កំពុង​ដំណើរការ​លើ​វិស័យ​សំខាន់​ៗ​ដូច​ជា ផលិត​គ្រឿង​អេ​ឡិច​ត្រូ​និ​ច គ្រឿង​​បំណែក​រថយន្ត ច្នៃ​ពេ​ជ្យ ទឹកដោះគោ ភេសជ្ជៈ កាត់ដេរ ស្បែកជើង ចំណី​សត្វ​…​។​ល​។ ដោយ​បង្កើត​ការងារ​ច្រើន​ជាង​១៨.០០០ កន្លែង និង​ផ្តល់​ចំណូល​ពន្ធ និង​អាករ​គយ​​ចូល​ថវិកាជាតិ​ប្រមាណ​ជាង​២០​ប៊ី​លាន​រៀល (​ប្រហែលជា​ជាង ៥​លាន​ដុល្លារ​) ក្នុង​ឆ្នាំ​២០១៥ ។ លើស​ពី​នេះ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៦​នេះ ចំណូល​ពន្ធ និង​អាករ ដែល​​ប្រមូល​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នេះ បាន​ច្រើន​ជាង​៧,៦២​ប៊ី​លាន​រៀល (​ប្រហែលជា​ជាង​១,៩ លាន​ដុល្លារ​) ដែល​មាន​កំណើន​ប្រមាណ​ជា​៧៦,៣៤% ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា ឆ្នាំ​២០១៥​។ គួរ​បញ្ជាក់​ផង​ដែរ​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម (Automated System for Customs Data-ASYCUDA) ដើម្បី​សម្រួល​ដល់​នីតិវិធី​គយ​សម្រាប់​នាំ​ចូល​-​នាំ​ចេញ​តាំងពី​ខែមិថុនា ឆ្នាំ​២០១៥ មក​ម្ល៉េះ​។

ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​វិស័យ​ឧស្សាហកម្ម​ផលិតកម្ម និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព តាម​រយៈ​ការ​បង្កើន​នូវ​បរិយាកាស​វិនិយោគ ពិសេស​ការ​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស (Foreign Direct Investment-FDI) ការ​ជំរុញ និង​ការ​បង្កើន​ការ​នាំ​ចេញ ការ​បង្កើត​ការងារ និង​ជំនាញ​ជូន​ពលរដ្ឋ​កម្ពុជា ព្រមទាំង​សកម្មភាព​សេដ្ឋកិច្ច​ជា​ច្រើន​ទៀត ។