ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ត្រូវ​ប្រឡង​បាក់​ឌុ​ប​នាំ​គ្នា​ទៅ​បន់ស្រន់​នៅ​ព្រះ​អង្គ​ដ​ង្កើ​យ៉ាងច្រើន​កុះករ​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • ភ្នំពេញ

ខណៈ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​ថ្ងៃ​ទី​២៧ ខែធ្នូ នេះ គេ​សង្កេត​ឃើញ​ថា សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៅ​ឆ្នាំ​នេះ​ជា​ច្រើន​កុះករ​បាន​ទៅ​បន់ស្រន់​នៅ​ព្រះ​អង្គ​ដ​ង្កើ នៅ​មុខ​ព្រះ​បរមរាជវាំង

រាជធានី​ភ្នំពេញ ៖ ខណៈ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃស្អែក​ថ្ងៃ​ទី​២៧ ខែធ្នូ នេះ គេ​សង្កេត​ឃើញ​ថា សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៅ​ឆ្នាំ​នេះ​ជា​ច្រើន​កុះករ​បាន​ទៅ​បន់ស្រន់​នៅ​ព្រះ​អង្គ​ដ​ង្កើ នៅ​មុខ​ព្រះ​បរមរាជវាំង ដើម្បី​បន់ស្រន់​ឱ្យ​ពួក​គេ​ប្រឡង​ជាប់​។

សិស្សានុសិស្ស​មួយ​ចំនួន​ដែល​បាន​ទិញ​ទៀន​ធូប ផ្កា​ភ្ញី អម​នឹង​ចេក​ទាំង​ស្និត​ៗ​និង​ខ្លះ​បាន​ទិញ ផ្លែ​ដូង ផង​នោះ បាន​លើក​ឡើង​ថា ការ​មក​បន់ស្រន់​នេះ គឺ​ដើម្បី​សេចក្តី​ស្ងប់​ផ្លូវចិត្ត និង​បន់​ឱ្យ​បារ​នី​ព្រះ​អង្គ​ដ​ង្កើ ជួយ​ពួក​គាត់​ឱ្យ​ប្រឡង​ជាប់ ។

នេះ​មិនមែន​ជា​លើក​ទី​១ ទេ ដែល​មាន​សិស្សានុសិស្ស​ជា​ច្រើន​ទៅ​ធ្វើការ​បន់ស្រន់​នៅ​មុខ​ព្រះ​អង្គ​ដង​លើ ជា​ពិសេស​អ្នក​នៅ​ខេត្តបាត់ដំបង ក៏​តែងតែ​នាំ​គ្នា​ជឿជាក់​លើ​បារមី​តា​ដំបូង​គ្រញូង និង​ទៅ​បន់ស្រន់​ឱ្យ​បាន​ជាប់​ដូច​គ្នា ។

តាម​ការ​លើក​ឡើង​របស់​សិស្សានុសិស្ស ដែល​បាន​មក​បន់ស្រន់​នៅ​ព្រះ​អង្គ​ដ​ង្កើ មុខ​ព្រះ​បរមរាជវាំង បាន​លើក​ឡើង​ថា រៀនសូត្រ​ចេះ​ប្រាក​ជា​ប្រឡង​ជាប់ តែ​យ៉ាងណាមិញ ការ​មក​បន់ស្រន់​នា​ពេល​នេះ ក៏​ជា​រឿង​សំខាន់​ផង​ដែរ ដើម្បី​ពង្រឹង​ផ្លូវចិត្ត​របស់​ពួក​គេ​មួយ​បន្ថែម​ទៀត​ថា កុំឱ្យ​មានការ​ភ័យ​តក់ស្លុត​ដោយ​ប្រការ​ណាមួយ​នោះ ។

សូម​បញ្ជាក់​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​កំណត់​យក​កាលបរិច្ឆេទ​នៃ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅ​ថា​ការ​ប្រឡង​បាក់​ឌុ​ប ធ្វើ​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ខណៈ​កន្លង​មក ក៏​មាន​សិស្សានុសិស្ស​មួយ​ចំនួន​បាន​ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា អនុ​ញ្ញ​ត​ឱ្យ​ជាប់​បាក់​ឌុ​ប​ដោយ​ស្វ័យប្រវត្តិ​ដូចដែល​បាន​ផ្តល់​ជូន​កាលពី​ឆ្នាំ​២០២០ ពេល​កូ​វី​ដ​-១៩ កំពុង​តែ​វាយ​លុយ​កម្ពុជា​ជា​ខ្លាំង​នោះ ។

តែ​យ៉ាងណាមិញ ប្រមុខ​ដឹកនាំ​ប្រទេស​បាន​បញ្ជាក់​ថា ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ គឺ​ត្រូវ​តែ​រៀបចំ​ធ្វើ មិន​ឱ្យ​ជាប់​ដោយ​ស្វ័យប្រវត្តិ​ឡើយ ដូច្នេះ​អ្នកចេះ​នឹង​ប្រឡង​ជាប់ ។

សូម​បញ្ជាក់​ថា ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២១ នេះ មាន​មណ្ឌល​ប្រឡង​សរុប ២០៤​មណ្ឌល ត្រូវជា ៤៦១៦​បន្ទប់ បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប ១១៤១៨៣ ស្រី​៦០៣៩៧​នាក់ គណៈមេប្រយោគ និង​គណៈកម្មការ​នានា​ចូលរួម​ក្នុង​ដំណើរការ​ប្រឡង​មាន​ចំនួន ៣១៤៣២​នាក់ ។

បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី ២៦ ខែធ្នូ​នេះ ក៏​បាន​ផ្ញើ​សារ​ជូនពរ​ដល់​បុគ្គលិក​អប់រំ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស សូម​មាន​សុខភាព​ល្អ ទទួល​បាន​ជោគជ័យ នៃ​ការ​ប្រឡង​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ ស្អែក​នេះ ។

ហើយ​លោក ហង់​ជួន ណា​រ៉ុ​ន ក៏​បាន​អំពាវនាវ​ឲ្យ​ដល់​សិស្សានុសិស្ស សូម​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​បទបញ្ញត្តិ ដែល​បាន​ដាក់​ចេញ​ដោយ​ក្រសួង​អប់រំ ជា​ពិសេស​ត្រូវ​ទទួល​អាហារ និង​ដំណេក​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ការ​ប្រឡង និង​ត្រូវ​គោរព​នូវ​វិធានការ​សុខាភិបាល «៣​ការពារ ៣​កុំ​» ឱ្យ​បាន​ត្រឹមត្រូវ​បំផុត​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ