ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិប្បកម្ម​ផលិត​ទឹកកក​វត្ត​ពោធិ​វាល ដែល​បែក​បំពង់​ឧស្ម័ន​ស្អុយ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្រុម​ទី​១ ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង បាន​ទទូច​ស្នើ​សុំ​ទៅ​អាជ្ញាធរ

ខេត្តបាត់ដំបង ៖ នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ក្រុម​ទី​១ ភូមិ​រតនៈ សង្កាត់​រតនៈ ក្រុង​បាត់ដំបង បាន​ទទូច​ស្នើ​សុំ​ទៅ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​ចាត់វិធានការ ឬ​រក​ដំណោះស្រាយ ចំពោះ​រោង​សិប្បកម្ម​ផលិត​ទឹកកក​អនាម័យ វត្ត​ពោធិ​វាល ដែល​ចេះ​តែ​បែកធ្លាយ​ឧស្ម័ន មាន​ក្លិនស្អុយ​ជះ​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ​នៅ​ក្បែរ​នោះ ។

ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​គ្មាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ដដែល ខណៈ​រោង​សិប្បកម្ម​ទឹកកក​នេះ នៅ​តែ​បន្ត​សាយភាយ​ក្លិនស្អុយ​មិន​ឈប់​ឈរ​។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​បាន​និយាយ​ថា រោង​សិប្បកម្ម​ផលិត​ទឹកកក​អនាម័យ វត្ត​ពោធិ​វាល នេះ បង្ក​បញ្ហា​មិន​ចេះ​ចប់​ទេ ដល់​អ្នក​រស់នៅ​ក្បែរ​ខាង ។ ដោយសារ​ការ​បែកធ្លាយ​ឧស្ម័ន​ដែល​មាន​ក្លិនស្អុយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ពិបាក​រស់នៅ​បំផុត​។

ពេល​ឧស្ម័ន​បែក​ភាយ​ចេញ​ម្ដង​ៗ ក្លិនស្អុយ​ជះ​ចូល​ដល់​ក្នុងផ្ទះ ស្ទើរ​ដកដង្ហើម​មិន​រួច​ធ្វើ​ឲ្យ​វិលមុខ ថប់ដង្ហើម និង​ហូរ​ទឹកភ្នែក​មិន​ឈប់ រហូត​អ្នកខ្លះ​ត្រូវ​បង្ខំចិត្ត​បិទទ្វា​ផ្ទះ​ចោល នាំ​កូនចៅ​ទៅ​ជួល​សណ្ឋាគារ​ស្នាក់​នៅ​ទាំង​យប់​ក៏​មាន ដោយសារ​មិន​អាច​ស៊ូទ្រាំ​នឹង​ក្លិនស្អុយ​នេះ​បាន​។ ជាក់ស្ដែង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​០៧​មិថុនា​នេះ រោង​សិប្បកម្ម​ផលិត​ទឹកកក​អនាម័យ វត្ត​ពោធិ​វាល នេះ បាន​បង្ក​បញ្ហា​ជា​ថ្មី​ទៀត ដោយសារ​ការ​បែកធ្លាយ​បំពង់​ឧស្ម័ន​ដែល​គេ​ហៅ​ថា ឧស្ម័ន​អាម៉ូញ៉ាក់​។ ឧស្ម័ន​នេះ​បាន​បែក​សាយភាយ​ក្លិន​យ៉ាង​អា​សោច​ជះ​ទៅ​លើ​លំនៅ​ស្ថាន​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ​នៅ​ក្បែរ​នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន វិលមុខ ក្អួត ចង្អោរ កោសខ្យល់ ឈាន​ដល់​ការ​ជន្លៀស​ចេញពី​លំនៅ​ស្ថាន​ភ្លាម​ៗ​តែ​ម្ដង​។

សូ​ម្បី​តែ​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ពោធិ​វាល នៅ​ក្បែរ​នោះ​ក៏​រង​នូវ​ឧស្ម័ន​បំពុល​នេះ​ដែរ​។ ស្ត្រី​ឈ្មោះ ភី ម៉ា អាយុ​២៣​ឆ្នាំ ដែល​រស់នៅ​ក្បែរ​សិប្បកម្ម​ទឹកកក​នេះ​បាន​ប្រាប់​ថា ពេល​ក្លិន​ឧស្ម័ន​នេះ​បែក​សាយភាយ​ចូល​ក្នុងផ្ទះ​គាត់​ភ្លាម ធ្វើ​ឲ្យ​គាត់​ថប់ដង្ហើម​មួយ​រំពេច និង​វិលមុខ​ក្អូ​ត​ចង្អោរ​តែ​ម្ដង​។ គាត់​និយាយ​ទៀត​ថា អ្នក​ភូមិ​ខ្លះ​ហាក់​មាន​អារម្មណ៍​ដូច​ខ្យល់ចាប់ ខ្លះ​វិលមុខ និង​ខ្លះ​ទៀត​ហូរ​ទឹកភ្នែក ដែល​ពិបាក​ទ្រាំ​បំផុត​។ ស្ត្រី​រូប​នេះ​បញ្ជាក់​ថា ដោយសារ​តែ​មិន​អាច​ស៊ូទ្រាំ​នឹង​ក្លិន ស្អុយ​នេះ​មិន​បាន និង​ម្យ៉ាង​ខ្លាច​ជួប​គ្រោះថ្នាក់​ដល់​អាយុជីវិត គាត់ និង​ក្រុម​គ្រួ​សារបាន​សម្រេច​បិទទ្វា​ផ្ទះ​ទុក​ចោល រួច​នាំ​គ្នា​ទៅ​ជួល​បន្ទប់​សណ្ឋាគារ​ស្នាក់​នៅ​មួយ​យប់ លុះ​ព្រឹក​ឡើង​ទើប​ត្រឡប់​មក​ចូល​ផ្ទះ​វិញ​។ ជុំវិញ​ការ​បែកធ្លាយ​បំពង់​ឧស្ម័ន អាម៉ូញ៉ាក់ ក្នុង​រោង​សិប្បកម្ម​ផលិត​ទឹកកក​ខាងលើ​នេះ អ្នក​ទ​ទូល​ខុស​ត្រូវ​បាន​បំភ្លឺ កាលពី​ថ្ងៃ​ទី​០៨ មិថុនា ដោយ​ទ​ទូល​ស្គាល់​ថា រោង​សិប្បកម្ម​របស់​ខ្លួន​ពិតជា​មានការ​បែកធ្លាយ​បំពង់​ឧស្ម័ន​នេះ​មែន តែ​កម្មករ​បាន​ផ្សារ​បិទ​ជិត​វិញ​ហើយ​។

អ្នកគ្រប់គ្រង​រូប​នេះ មិន​បាន​ពន្យល់​លម្អិត​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ពេល​នេះ​បិទ​ជិត លែង​មាន​បញ្ហា​ទៀត​ហើយ​។ ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ កោះសន្តិភាព​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​លោក សំបូរ ផូ ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត តែ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។ ដោយឡែក​លោក ជួប សា​រុណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​វិញ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ដោយ​ផ្ទាល់ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ថា លោក​មិន​ទាន់​ទ​ទូល​បាន​ព័ត៌មាន​នេះ​នៅឡើយ​ទេ​។ លោក​បាន​បន្ថែម​ថា មន្ត្រី​របស់​លោក​មាន​ចំនួន​តិច ប៉ុន្តែ​លោក​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​ធ្វើ​ការងារ​នេះ​នា​ពេល​ខាង​មុខ​។ បើ​តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ការ​បែកធ្លាយ​បំពង់​ឧស្ម័ន​ដែល​មាន​ក្លិនស្អុយ​ចេញពី​រោង​សិប្បកម្ម​ទឹកកក​ខាងលើ​នេះ បាន​កើតឡើង​ច្រើន​លើក​ហើយ ហើយ​ពលរដ្ឋ​ក៏​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​អន្តរាគមន៍​ជា​បន្តបន្ទាប់​ដែរ តែ​ហាក់​គ្មាន​ការ​ឆ្លើយ​តប ឬ​ជួយ​រក​ដំណោះស្រាយ​ឡើយ​រហូត​ដល់​ពេល​នេះ បើ​ទោះជា​កន្លង​មក​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ក្ដី​។

អ្នក​ភូមិ​បញ្ជាក់​ថា ក្លិនស្អុយ​ដែល​សាយភាយ​ចេញពី​រោង​សិប្បកម្ម​ទឹកកក​នេះ បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​ដល់​បរិស្ថាន ជា​ពិសេស​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​។ ដូច្នេះ​តាម​រយៈ​កោះសន្តិភាព ពលរដ្ឋ​បាន​ទទូច​ស្នើ​សុំ​ជា​ថ្មី​ទៀត ដល់​លោក​អភិបាលក្រុង លោក​អភិបាលខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ចុះ​ពិនិត្យ និង​ដោះស្រាយ​ជួន​ពួក​គាត់​ផង​។ ព្រោះ​ប្រជាពលរដ្ឋ​ពិបាក​ស៊ូទ្រាំ​នឹង​ក្លិនស្អុយ​ដ៏​អសោច​នេះ​ណាស់ ពេល​បែកធ្លាយ​ម្ដង​ៗ៕