ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនៀមទម្លាប់ ហៅ​ព្រលឹង​នាគ​របស់​អ្នកស្រុក​សៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ពិធី​ហៅ​ព្រលឹង​នាគ​(​ព្រលឹង​អ្នកបួស​) នា​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​វត្ត​ទី​មុនី​រង្សី ហៅ​វត្ត​ព្រះ​អង្គ​ទ្រង់ គឺជា​កិច្ច​សំខាន់​មួយ​នៅ​ក្នុង​ពិធី​បំបួស

ខេត្តសៀមរាប ៖ ពិធី​ហៅ​ព្រលឹង​នាគ​(​ព្រលឹង​អ្នកបួស​) នា​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​វត្ត​ទី​មុនី​រង្សី ហៅ​វត្ត​ព្រះ​អង្គ​ទ្រង់ គឺជា​កិច្ច​សំខាន់​មួយ​នៅ​ក្នុង​ពិធី​បំបួស​នាគ ដែល​ខ្មែរ​បាន​យក​ទំនៀម​របស់​ខ្លួន​មក​ផ្សារ​ភ្ជាប់​នឹង​ព្រះពុទ្ធ​សាសនា​។ ពិធី​នេះ​នៅ​តែ​បន្ត​ធ្វើ​និង​ស្ថិត​ក្នុង​ផ្នត់គំនិត​ខ្មែរ​រហូត​ដល់​បច្ចុប្បន្ន សម្រាប់​វត្ត​មួយ​ចំនួន​ក្នុង​ខេត្តសៀមរាប​ដែល​នៅ​កាន់​ទំនៀម​បុរាណ​។ ទាក់ទង​នឹង​ពិធី​ហៅ​ព្រលឹង​នាគ​នេះ ថ្វី​ត្បិត​ត្រូវ​បាន​វត្ត​បុរាណ​ជា​អ្នក​នៅ​តែ​ប្រកាន់​យក តែ​ចំពោះ​ការ​រៀបចំ​គ្រឿង​រណ្តាប់ និង​កិច្ច​ធ្វើ​ពិធី គឺ​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​តាម​ទម្លាប់​នៃ​តំបន់​នីមួយ​ៗ​។

ប៉ុន្តែ​ជា​ទូទៅ​យើង​ក៏​ឃើញ​ការ​រៀបចំ​គ្រឿង​រណ្តាប់​នៃ​ការ​ធ្វើ​ពិធី​នេះ​មិន​មាន​អ្វី​ច្រើន​ឡើយ មាន​តែ​បាយព្រលឹង​ដែល​គេ​រៀបចំ​ដាក់​ក្នុង​កញ្ជើ​មួយ មាន​ដូង ចេក អំពៅ ត្រាវ ដំឡូង មួយ​មុខ​១៩​ចំណិត​ដូច​គ្នា ពងមាន់​ឆ្អិន​១​គ្រាប់ និង​បាយ​មួយ​ដុំ​បិទ​ដោយ​គម្រប​សាជី​ធ្វើ​ពី​កំណាត់​ក្រហម និង​ស្លឹកចេក​មួយ​ធាង​។ ជម​៤​សម្រាប់​អាចារ្យ​១ ឬ​រៀប​ត្រឹម​ម្លូ ស្លា បារី ធូប ទៀន ភ្ញីផ្កា​១​ពាន ជូន​អាចារ្យ​ក៏​បាន​ដែរ​។ ព្រះ​តេជគុណ ម៉ក់ ប៉ឹង ចៅអធិការ​វត្ត​ទី​មុនី​រង្សី ហៅ​វត្ត​ព្រះ​អង្គ​ទ្រង់ ដែល​ជា​វត្ត​ប្រកាន់​នូវ​ទំនៀម​ខ្មែរ​បុរាណ​នោះ មាន​សង្ឃដីកា​ថា គេ​ធ្វើ​ពិធី​ហៅ​ព្រលឹង​នាគ ក៏​ព្រោះ​កាល​មិន​ទាន់​មក​បួស​នោះ គេ​ហៅ​នាគ​នោះ​ដោយ​ឈ្មោះ​នេះ ឈ្មោះ​នោះ មិន​សម​នឹង​នាគ​ជា​ឈ្មោះ​បុគ្គល​ដ៏​ប្រសើរ​នោះ​ឡើយ ហើយ​បុគ្គល​នោះ​តែង​ជាប់ជំពាក់​វាក់​វិ​ន​នឹង​វាលវដ្តសង្សារ ចិត្ត​មិន​ស្ងប់ ព្រលឹង​ទាំង​១៩​បែកខ្ញែក​មិន​នៅ​ក្នុង​ខ្លួន ដូច្នេះ​ហើយ​គេ​ក៏​ហៅ​ព្រលឹង​នាគ​នោះ​ដើម្បី​កុំឱ្យ​ព្រលឹង​នៅរ​សាត់អណ្តែត​រហេតរហូត ទៅ​ទី​ឆ្ងាយ​ដោយ​ព្រៃ​ដោយ​វាល ក្រែងលោ​ជួប​គ្រោះភ័យ​អ្វីមួយ ហើយ​មិន​អាច​ត្រឡប់​មក​វិញ​បាន ទើប​សូម​ឱ្យ​ព្រលឹង​ទាំងនោះ​ចូល​មក​នៅ​ក្នុង​រូប​ក្នុង​អង្គ​វិញ​ឱ្យ​គ្រប់ ដូច​ពាក្យ​ពោល​ហៅ​ថា «​មក​វ៉ើ​យ​ព្រលឹង​ទាំង​ប្រាំ​បួនដប់​សព្វគ្រប់ មក​នៅ​រូប​នៅ​អង្គរ​នៃ​នាគ​ទាំងអស់​គ្នា សូម​ជា​ស្រណុក​សុខ​សប្បាយ កុំទៅ​ដោយ​ព្រៃ​ដោ​យៃ​ផ្ស បាយ​គេ​ក៏​ថ្ម អង្ករ​គេ​ក៏​គ្រួ​ស បង្ហួស​មក​នៅផ្ទះ​យើង ផ្ទះ​ធំ​ស្រ​ណុំ​ស្រណុក ស៊ី​ចេក​អំបុក ស៊ី​ត្រាវ​ដំឡូង ស៊ី​ចេក​ដេក​នៅ ស៊ី​អំពៅ​ដើរ​លេង​»​។

ក្រៅពី​ពាក្យ​ហៅ​ព្រលឹង​ប៉ុន្មាន​ម៉ាត់​នេះ ក៏​មានធម៌​និង​ពាក្យ​ប្រៀនប្រដៅ​ជា​ច្រើន​ដល់​នាគ​ឱ្យ​លះបង់​កិលេស​តណ្ហា លះ​អំពើ​អបាយមុខ​ទាំងឡាយ​ដែល​ខ្លួន​ជាប់ជំពាក់ និង​សាង​ឡើង​ក្នុង​ជីវិត​ជា​គ្រហស្ថ ពិសេស​ភាព​ស្អាត​នៃ​រាង​កាយ ដើម្បី​សង្រួមកាយវាចាចិត្ត​ក្នុង​ជីវិត​ជា​អ្នកបួស​ក្នុង​ព្រះពុទ្ធ​សាសនា​។ ព្រះ​តេជគុណ​ក៏​មាន​សង្ឃដីកា​បន្ត​ទៀត​ថា សម្រាប់​វត្ត​ព្រះ​អង្គ​ទ្រង់ គេ​ធ្វើ​ពិធី​ហៅ​ព្រលឹង​នាគ​នា​ពេល​យប់​ជ្រៅ ព្រោះ​ជា​វេលា​ដ៏​ស្ងប់ស្ងាត់ ហើយ​វា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ធ្វើ​កិច្ច​ដេក​អង្ករ​រាប​ដែរ គឺ​អាចារ្យ​ឱ្យ​នាគ (​អ្នកបួស​) ទាំងអស់​ដេក​នៅ​លើ​អង្ករ​រាប​រួច​ក៏​សូត្រ​ហៅ​ព្រលឹង​នោះ​ទៅ​។ ចំពោះ​កិច្ច​នៃ​ការ​ធ្វើ​ពិធី​នេះ​មិន​ដូច​គ្នា​ឡើយ វា​អាស្រ័យ​ទៅ​តាម​ទំនៀម​វត្ត​បុរាណ​នីមួយ​ៗ តែ​វា​មិន​ថ្វី​នោះ​ទេ​ព្រោះ​នេះ​ជា​ទំនៀមទម្លាប់ វា​តែងតែ​ដូច និង​ខុស​គ្នា​ខ្លះ​ដូច្នោះ​ឯង ហើយដោយ​ឡែក​នៅ​វត្ត​សម័យ​គេ​មិន​ធ្វើ​ពិធី​ហៅ​ព្រលឹង​នាគ​នេះ​ទេ​។

ចំណែក​លោកតា ណេ​ក ឡាយ អាចារ្យវត្ត​អា​ធ្វា ជា​វត្ត​ប្រកាន់​នូវ​ទំនៀម​បុរាណ​ដូច​គ្នា​បាន​ប្រាប់​ប្រហាក់ប្រហែល​នឹង​ព្រះ​តេជគុណ ម៉ក់ ប៉ឹង ដែរ​ថា ពិធី​ហៅ​ព្រលឹង​នាគ ជា​ទំនៀមទម្លាប់​តាំងពី​បុរាណ ដែល​ធ្វើ​ឡើង​ដើម្បី​ហៅ​ព្រលឹង​អ្នកបួស​នោះ​កុំឱ្យ​វិលវល់​ទៅ​ណា​ផ្តេសផ្តាស ហោះហើរ​ដើរទៅ​ឆ្ងាយ​ដាច់​សង្វែង ឱ្យមក​ចូល​រូប​ចូល​អង្គ​វិញ មក​ស្តាប់​ពាក្យ​ប្រៀនប្រដៅ ហើយ​តាំង​កាយវាចា​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​ភាព​ស្ងប់ ដើម្បី​បួស​រៀន​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា​។ ពិធី​នេះ​ធ្វើ​ឡើង ក្រោយ​ពី​ពិធី​សែន​ព្រែ​ន​ដូនតា​ហើយ ដោយ​មាន​នាគ​ទាំងអស់​ចូល​មក​ជុំ​គ្នា​ស្តាប់ធម៌ និង​ពាក្យ​ប្រៀនប្រដៅ​ពី​សំណាក់​តា​អាចារ្យ បន្ទាប់​មក​ទើប​ធ្វើ​ពិធី​ដេក​អង្ករ​រាប និង​បង្វិលពពិល​ជា​ក្រោយ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទាក់ទង​ទៅ​នឹង​ជំនឿ​ហៅ​ព្រលឹង​នាគ​នេះ ខ្មែរ​យើង​មិន​មាន​ហៅ​តែ​ព្រលឹង​នាគ​នោះ​ទេ គឺ​មាន​ហៅ​ព្រលឹង​សក់ ព្រលឹង​ស្រូវ ព្រលឹង​អ្នក​ឈឺ​ជាដើម ខ្មែរ​មាន​ជំនឿ​ណាស់ តាំងពី​បុ​រម​បុរាណ​មក​ម្ល៉េះ ៕