ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល់កុលក្លែងក្លាយ ១៨០០លីត្រ និងទំនិញខូច​គុណភាព រួមទាំងវត្ថុតាងមួយចំនួន ត្រូវបាន​ដុត​កម្ទេចចោល

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ​ប្រតិបត្តិការបង្ក្រាប និងចុះដកហូតទំនិញខូចគុណភាព នៅក្នុងភូមិសាស្ត្រស្រុក និងក្រុងសួង ខេត្តត្បូងឃ្មុំ បានធ្វើឡើងចាប់តាំងពីដើមខែធ្នូ និងបន្តមកដល់ចុងខែធ្នូ ដោយ​បង្ក្រាបបានជាច្រើនករណី។ ក្នុងប្រតិបត្តិការនោះ…

ត្បូងឃ្មុំ៖ ​ប្រតិបត្តិការបង្ក្រាប និងចុះដកហូតទំនិញខូចគុណភាព នៅក្នុងភូមិសាស្ត្រស្រុក និងក្រុងសួង ខេត្តត្បូងឃ្មុំ បានធ្វើឡើងចាប់តាំងពីដើមខែធ្នូ និងបន្តមកដល់ចុងខែធ្នូ ដោយ​បង្ក្រាបបានជាច្រើនករណី។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរសមត្ថកិច្ច រឹបអូស អាល់កុលក្លែងក្លាយ ១៨០០លីត្រ និងទំនិញខូចគុណភាព រួមទាំងវត្ថុតាងមួយចំនួន ដោយត្រូវដុតកម្ទេចចោល នាពេលនេះ​។

ក្រុម​មន្ត្រីជំនាញ ក៏បានណែនាំដល់អាជីវករ ឲ្យបញ្ឈប់សកម្មភាពលក់ទំនិញខូចគុណភាពដែលនាំឲ្យប៉ះពាល់ដល់​សុខភាពរបស់មនុស្ស។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ ដុតបំផ្លាញចោលនូវផលិតផលអាល់កុល ដែលមានសារធាតុមេតាណុល ចំនួន ១​៨០០ លីត្រ (មួយពាន់​ប្រាំបីរយលីត្រ) និងទំនិញភេសជ្ជៈចម្រុះ ខូចគុណភាពចំនួន ១៥០ កញ្ចប់(Packages)= ៦៥ លីត្រ ដែលមន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានត្រួតពិនិត្យ និងធ្វើតេស្តរកឃើញ ហើយធ្វើការប្រមូលដកហូតចេញពីទីផ្សារនានា នៅក្នុងខេត្តត្បូងឃ្មុំ ដោយយកមករក្សាទុកនៅកន្លែងឱ្យបានច្រើនទើបធ្វើការដុតកម្ទេចចោលម្ដង។

សកម្មភាពដុតអាល់កុលក្លែងក្លាយ និងទំនិញខូចគុណភាពទាំងនោះ ធ្វើឡើង នៅទីតាំងចាក់សំរាម ស្ថិតក្នុងភូមិក្រញូង ឃុំវាលម្លូ ស្រុកពញាក្រែក ដែលប្រព្រឹត្តិទៅដោយយោងតាមគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអម​សាលាដំបូងខេត្តត្បូងឃ្មុំ ដោយសាខា ក.ប.ប. ខេត្ត សហការជាមួយមន្ទីរបរិស្ថាន មន្ទីរពាណិជ្ជកម្ម មន្ទីរព័ត៌មានខេត្ត នគរបាលប្រឆាំងបទល្មើសខេត្ត រួមជាមួយរដ្ឋបាលស្រុកពញាក្រែក និងអាជ្ញាធរឃុំវាលម្លូ​។

លោក មាស មោរ៉ា ប្រធានសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា អាល់កុលទាំងនេះ គឺ៖ អាល់កុលក្លែងក្លាយ ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដូចជាធ្វើអោយពុលដល់ស្បែក ផ្លូវដង្ហើម ងងឹតភ្នែក និងស្លាប់បានបើផឹកវា ជាពិសេសមិនអាចកំចាត់មេរោគកូវីដ-១៩ បាននោះទេថែមទាំងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទៀតផង។

ជាមួយគ្នានោះ ប្រធានសាខា ក.ប.ប. ខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករសូមប្រុងប្រយ័ត្នមុននឹងទិញ ក៏ដូចជាប្រើប្រាស់អាល់កុល និងទំនិញលើទីផ្សារ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងប៉ះអាល់កុល​ក្លែងក្លាយ ទំនិញចំនីអាហារខូចគុណភាព ធ្វើឱ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ។ ជាពិសេសអ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យខូចសុខភាពអ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ដែលនឹងត្រូវ​ទទួលទោសចំពោះមុខច្បាប់។

មន្ត្រីជំនាញកាំកុងត្រូល ទទូចដល់បងប្អូនអាជីវករ មុននឹងទទួលទំនិញយកមកលក់ ត្រូវតែពិនិត្យពិច្ច័យឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងកុំឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ក្រុមអាជីវករ នាពេល គ្រាន់តែទទួលនូវការអប់រំ ក្នុងជំហានដំបូង ដោយ​មិនបានពិន័យជាប្រាក់នោះទេ៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ