រាជធានីភ្នំពេញ ៖ ទាក់ទិនទៅនឹងបុរសម្នាក់ដែលបានប្តឹងសមត្ថកិច្ចរាជធានីភ្នំពេញថា ខ្លួនត្រូវបានចោរវាយកញ្ចក់រថយន្តលួចយកលុយ៦ម៉ឺនដុល្លារសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃពុធ ទី២ មីនា ២០១១ ម្សិលមិញនោះ នៅថ្ងៃព្រហស្បតិ៍ ទី៣ មីនា នោះ សមត្ថកិច្ចជំនាញបានសង្ស័យថា ជាការភូតកុហកដើម្បីបំភ័ន្តការពិតណាមួយ ។ នេះបើយោងតាមលោកស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ត្រីទូច ណារ៉ុថ ដែលបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣ មីនា នេះ ។
លោកទូច ណារ៉ុថ បានបញ្ជាក់ថា នៅក្រោយការប្តឹងរបស់បុរសដែលអះអាងថា ចោរវាយកញ្ចក់រថយន្តឡិចស៊ីស ស៊េរី៤៧០ យកលុយចំនួន៦ម៉ឺនដុល្លារនោះរួចមក សមត្ថកិច្ចជំនាញបានចុះទៅទីកន្លែងកើតហេតុភ្លាម គឺបានឃើញរថយន្តខាងលើបែកកញ្ចក់មែន ប៉ុន្តែបើតាមការបញ្ជាក់ប្រាប់របស់ជនរងគ្រោះដែលថា លុយដែលបាត់ គឺដាក់ក្នុងឃ្លុបនោះ ទោះបីជាចោរនោះមានជំនាញកម្រិតណាក៏មិនអាចយកលុយនោះចេញបានលឿនអញ្ចឹងដែរ ពីព្រោះលោកបានឱ្យមនុស្សធ្វើត្រាប់ជាចោរដោយយកដៃលូកចូលតាមកញ្ចក់រថយន្តដែលថា ចោរបានវាយបំបែកកញ្ចក់នោះហើយ ប៉ុន្តែមិនអាចឈោងដល់ឃ្លុបដាក់លុយនោះ ដើម្បីយកចេញបានទេ លុះត្រាតែចោរនោះចាក់សោបើកទ្វារ ។ លោកស្នងការនគរបាលរាជធានីភ្នំពេញ ទូច ណារ៉ុថ បានបញ្ជាក់ដែរថា បើតាមបងប្រុសរបស់ជនរងគ្រោះលើកឡើងថា គឺប្អូនប្រុសរបស់គាត់អាចចាញ់ល្បែងហើយប្រឌិតរឿងមិនពិត ។ ទោះជាយ៉ាងណា លោកទូច ណារ៉ុថ បានឱ្យដឹងដែរថា នៅពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀតដោយទៅឆែកឆេរមើលកុងធនាគាររបស់ជនរងគ្រោះ។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃពុធ ទី២ មីនា ម្សិលមិញ បុរសម្នាក់ដែលអះអាងប្រាប់សមត្ថកិច្ចថា បានបើកប្រាក់ពីធនាគារអេស៊ីលីដា ៦ម៉ឺនដុល្លារ ក្នុងគោលបំណងយកទៅសងថ្លៃជំពាក់គេ លុះទៅដល់មុខក្រុមហ៊ុនម្ចាស់បំណុលស្ថិតនៅខាងកើតភ្លើងស្តុបទួលទំពូង ចម្ងាយ១០០ម៉ែត្រ បុរសនោះក៏ចតរថយន្តម៉ាកឡិចស៊ីស ស៊េរី RX 300 ពណ៌ស្ករ របស់ខ្លួនទុកចោលលើចិញ្ចើមផ្លូវ រួចហើយដើរចូលទៅក្នុងក្រុមហ៊ុន ដើម្បីនិយាយគ្នាជាមួយម្ចាស់បំណុល ដោយមិនបានយកប្រាក់ទៅជាមួយទេ គឺទុកនៅក្នុងរថយន្ត ប៉ុន្តែបានប្រមាណ១០នាទី ពេលត្រឡប់មកវិញ ស្រាប់តែឃើញកញ្ចក់ទ្វារចំហៀងបែកខ្ចាយប្រហោង ក្រឡេកទៅមើលស្បោងប្រាក់បាត់សូន្យតែម្តង ។
ហេតុការណ៍ដែលថា ចោរវាយបំបែកកញ្ចក់រថយន្តស៊េរីទំនើបលួចយកលុយ៦ម៉ឺនដុល្លារ នេះ បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២ មីនា ២០១១ នៅមុខផ្ទះលេខ១១៦ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន ។ ម្ចាស់ប្រាក់ដែលរងគ្រោះដោយសារចោរលួចយកប្រាក់ទៅបាត់នោះឈ្មោះឌី ដុក អាយុ៣៧ឆ្នាំ ជាអ្នករកស៊ី និងជាអ្នកបម្រើការក្នុងជួរអង្គរក្សរបស់អ្នកជំផងដែរ ៕



ចែករំលែកព័តមាននេះ