ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម រួម​ដៃ​ជាមួយ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ធ្វើ​ការងារ​សង្គម

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ទោះបី​ទិវា​កុមារ​អន្តរជាតិ​០១ មិថុនា ខួប​លើក​ទី​៦៧ បាន​កន្លង​ផុត​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់​រាប់អាន និង​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​០៥ មិថុនា ២០១៦

ខេត្តពោធិ៍សាត់ ៖ ទោះបី​ទិវា​កុមារ​អន្តរជាតិ​០១ មិថុនា ខួប​លើក​ទី​៦៧ បាន​កន្លង​ផុត​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ដោយ​ក្ដី​ស្រឡាញ់​រាប់អាន និង​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​០៥ មិថុនា ២០១៦ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​សម្ភារ​សិក្សា សម្លៀក​បំពាក់ និង​ថវិកា​មួយ​ចំនួន​ដល់​សិស្សានុសិស្ស​វិទ្យាល័យ ស៊ុ​យ សែ​ម ទី​សេដ្ឋា ឃុំ​ស្យា ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ដែល​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​វិនិយោគ​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ ហៅ​កាត់​ថា CHD ។

លោក ឈី ហ៊ុយ​ពីង ប្រធាន​ក្រុមហ៊ុន CHD មាន​ប្រសាសន៍​ថា ការ​សាងសង់​សាលា​ជូន និង​ចែក​អំណោយ​ថ្ងៃនេះ ដើម្បី​រឹតចំណង​មិត្តភាព​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ចិន​) និង​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ក្រុមហ៊ុន​វិនិយោគ​នៃ​ប្រទេស​ទាំង​ពីរ ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ការ​ដឹក​នាំ​ផ្ទាល់​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម  ក្រុមហ៊ុន CHD បាន​សម្រេច​ដាក់​ឲ្យ​ដំណើរការ​នូវ​គម្រោង​វិនិយោគ​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ និង​គម្រោង​ខ្សែ​បញ្ជូន​២៣០​គីឡូវ៉ុល ពី​ភ្នំពេញ​កាត់​តាម​ខេត្តពោធិ៍សាត់ ឆ្ពោះទៅ​កាន់​ខេត្តបាត់ដំបង​។ គម្រោង​ទាំង​ពីរ​នេះ នាំ​មក​នូវ​ប្រភព​ថាមពល​ជម្រុញ​ដល់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​នាំ​មក​នូវ​សារ​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាជន​កម្ពុជា​។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន CHD ដែល​បាន​ជួយ​កសាង​នូវ​សមិទ្ធផល​ជា​ច្រើន​ក្នុង​ខេត្តពោធិ៍សាត់ ដូច​ជា​អគារសិក្សា​នៅ​ឃុំ​អូរ​សោម ស្រុក​វាល​វែង នៅ​ឃុំ​ស្យា ស្រុក​កណ្ដៀង ធ្វើ​ផ្លូវ ស្ពាន ផ្ដល់​សម្ភារ​សិក្សា សម្ភារ​កីឡា សម្ភារ​ការិយាល័យ និង​សម្លៀក​បំពាក់​ដល់​សិស្សានុសិស្ស ព្រមទាំង​បាន​បរិច្ចាគ​ថវិកា​មួយ​ម៉ឺន​ដុល្លារ​ជូន​កាកបាទក្រហមកម្ពុជា​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​។ ជាក់ស្ដែង​ថ្ងៃនេះ បាន​នាំ​អំណោយ​ជា​សម្ភារ​សិក្សា សម្លៀក​បំពាក់ និង​ថវិកា​មក​ចែក​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​៥០​នាក់ សិស្សានុសិស្ស​៤៩៧​នាក់ និង​ប្រជាពលរដ្ឋ​៣០០​នាក់​នៅ​ទី​នេះ ដើម្បី​អបអរ​ទិវា​កុមារ​អន្តរជាតិ​ទៀត​ផង​។ កាយវិការ​ទាំងនេះ​ពិតជា​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចំណងមិត្តភាព​រវាង​ប្រជាជន​ចិន និង​ប្រជាជន​កម្ពុជា ពិសេស​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិ​វ​ឌ្ព្យ​ន៍​ប្រទេស​ដែល​កំពុង​បោះ​ជំហាន​ទៅ​មុខ​សព្វ​ថ្ងៃនេះ​។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម មាន​ប្រសាសន៍​ថា តាំងពី​ដូនតា​យើង​មក​មិន​ដែល​មាន​ភ្លើងអគ្គិសនី​មក​ដល់​គ្រប់​ភូមិឋាន​ដូច​សព្វ​ថ្ងៃនេះ​ទេ តើ​ភ្លើង​ទាំងនេះ​ធ្លាក់​មក​ពីលើ​មេឃ ឬ​បាន​មកពីណា? គឺ​បាន​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​យើង​ទាំងអស់​គ្នា​ជ្រើសរើស​ត្រូវ​។ លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ​មានការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ហើយ​នៅ​ឆ្នាំ​២០១៨ បោះ​ឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រទេស ដូច្នេះ​បើ​យើង​ជ្រើសរើស​ត្រូវ​ក្រុម​គ្រួសារ​យើង​រស់នៅ​សុខ​សប្បាយ ប្រទេស​ជាតិ​កាន់តែ​រីក​ចម្រើន តែបើ​យើង​ជ្រើសរើស​ខុស​ប្រទេស​យើង​នឹង​វិល​ទៅ​រក​របប​០៣​ឆ្នាំ​០៨​ខែ​២០​ថ្ងៃ​ទៀត​ជាក់​ជា​មិន​ខាន។ ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​ឧ​ប​ត្ថ​ម​ថវិកា​៤​លាន​រៀល​ចូលរួម​កសាង​សមិទ្ធផល​ក្នុង​សាសនា​ខ្មែរ​អី​ុ​ស្លា​ម​នៅ​ភូមិ​កណ្ដាល និង​ភូមិ​ទទឹង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ផង​ដែរ​