ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​មូលនិធិ​ម៉ា​ន់​នី​ហ្គ្រា​ម និង​អង្គការ​ខែ​រីង​ហ្វ័​រ​ខេ​ម​បូ​ឌា ជួយ​អភិវឌ្ឍ​វិស័យ​អប់រំ​កម្ពុជា

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ម៉ា​ន់​នី​ហ្គ្រា​ម (MoneyGram) ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ប្រកបដោយ​ការ​ច្នៃប្រឌិត​ថ្មី និង​អង្គការ​ខែ​រីង​ហ្វ័​រ​ខេ​ម​បូ​ឌា (CFC) ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក

ខេត្តសៀមរាប ៖ ម៉ា​ន់​នី​ហ្គ្រា​ម (MoneyGram) ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ផ្តល់​សេវា​ផ្ទេរ​ប្រាក់​ប្រកបដោយ​ការ​ច្នៃប្រឌិត​ថ្មី និង​អង្គការ​ខែ​រីង​ហ្វ័​រ​ខេ​ម​បូ​ឌា (CFC) ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នា​ថ្ងៃ​ទី​២៦ និង​ទី​២៧ ឧសភា ២០១៦ បាន​រៀបចំ​សិក្ខាសាលា​រយៈពេល​ពីរ​ថ្ងៃ​នៅ​ខេត្តសៀមរាប ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​នៃ​គម្រោង​ផ្តួចផ្តើម​ស្តី​ពី​ការ​អប់រំ​ដែល​ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​ចូលរួម​ជាមួយ​គ្នា​។

កម្មវិធី​ថ្មី​បង្រៀន​ភាសា​អង់គ្លេស​ជា​ភាសា​ទី​ពីរ (ESL) និង​កម្ម​វី​ធី​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិត​វិទ្យា (STEM) មានការ​រៀបចំ​កម្មវិធី​ប្រកបដោយ​ការ​ច្នៃប្រឌិត​ថ្មី និង​បង្ហាញ​នូវ​ការ​ផ្លាស់​ប្តូរ​ទាំងស្រុង​ពី​កម្មវិធី ESL ពី​មុន​។ ក្រោម​ការ​អនុវត្ត​ដោយ​អង្គការ CFC និង​ការ​ឧបត្ថម្ភ​ទាំងស្រុង ដោយ​អង្គការ​មូលនិធិ MoneyGram គម្រោង​ផ្តួចផ្តើម​នេះ ទទួល​បានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុង​ឆ្នាំ​សាកល្បង​ដំបូង កម្មវិធី​នេះ មាន​គោលបំណង​ជួយ​ឧបត្ថម្ភ​កុមារ​ចំនួន​ជាង​៦០០​នាក់​នៅ​ក្នុង​សាលា​ប្រាំ ក្នុង​ចំណោម​សាលា​ទាំង​២១​របស់​អង្គការ CFC នៅ​ទូ​ទាំង​ខេត្តសៀមរាប​។

ក្នុងអំឡុងពេល​សិក្ខាសាលា​នៅ​បឋម​សិក្សា និង​វិទ្យាល័យ​អារញ្ញ​សាគរ ក្នុងភូមិ​អារញ្ញ  សង្កាត់​សៀមរាប ខេត្តសៀមរាប នេះ មន្ត្រី​រដ្ឋាភិបាល គ្រូបង្រៀន​ក្នុង​មូលដ្ឋាន អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកតំណាង​របស់​ក្រុមហ៊ុន​សេវា​ផ្ទេរ​ប្រាក់ MoneyGram មានឱកាស​ទទួល​បាន​បទ​ពិសោធន៍​ផ្ទាល់​ពី​អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់​គំរូ​នៃ​ការ​បណ្តុះបណ្តាល​គ្រូ​លក្ខណៈ​អន្ដរជាតិ ដែល​ឈ្នះ​ពានរង្វាន់​របស់​អង្គការ CFC ។

លោក ចា​កេ​លី​ន ឡូ​វ (Jacqueline Lowe) ប្រធាន​អង្គការ​មូលនិធិ MoneyGram បាន​មាន​ប្រសាសន៍​ថា គោលបំណង​របស់​សិក្ខាសាលា​នេះ គឺ​ដើម្បី​បំប៉ន​សិស្ស​កម្ពុជា​រាប់​ពាន់​នាក់​នូវ​ចំណេះដឹង​បាន​មក​ពី​ការ​អនុវត្តន៍​ជាស​កល​ដ៏​ល្អ​បំផុត​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន កម្មវិធី STEM និង​ESL​។ ជំនាញ​ដែល​ទទួល​បាន​នៅ​ក្នុង​វិស័យ​ទាំងនេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ជំនាញ​ដ៏​មាន​សារសំខាន់​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ និង​ការ​ផ្តល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​តស៊ូ​ដើម្បី​ធានា​ភាព​មានការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ជិតខាង​ដូច​ជា ថៃ វៀតណាម និង​ហ្វី​លី​ពី​ន​។

លោក​បាន​បញ្ជាក់​ថា «​ឱកាស​ការងារ​ដែល​មាន​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា បាន​កើនឡើង​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់​ពី​ការ​ដាក់​បញ្ចូល​ប្រទេស​កម្ពុជា​ទៅ​ក្នុង​សហ​គមន៍​សេដ្ឋកិច្ច​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (​អាស៊ាន​) កាលពី​ចុងឆ្នាំ​២០១៥ ។ គំរូ​ផ្អែក​លើ​ការ​ពិសោធន៍​ជា​មូលដ្ឋាន​របស់​អង្គការ CFC សម្រាប់​ការ​បង្រៀន​ជួយ​ធានា​ថា យុវជន​កម្ពុជា​រាប់​ពាន់​នាក់​នឹង​ត្រូវ​បាន​បំពាក់បំប៉ន​នូវ​ជំនាញ​ភាសា បច្ចេកទេស និង​ជំនាញ STEM ដើម្បី​ប្រកួតប្រជែង​នៅ​ក្នុង​បរិបទ​សេដ្ឋកិច្ច​ដែល​បាន​ធ្វើ​សមា​ហ​រ័​ណ​កម្ម​ថ្មី​ៗ​នេះ​។ ទាំង​អង្គការ CFC និង​អង្គការ​មូលនិធិ MoneyGram មានការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​លទ្ធភាព​ដល់​កុមារ​ទាំងនេះ​តាម​រយៈ​ការ​អប់រំ​»​។

កម្មវិធី​បណ្តុះបណ្តាល​គ្រូបង្រៀន​របស់​អង្គការ CFC បាន​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០០៤ ក្រោម​កិច្ចសហការ​ជា​ដៃគូ​ប្រកបដោយ​ការ​ច្នៃប្រឌិត​ថ្មី​រវាង​គ្រូបង្រៀន​កម្ពុជា និង​គ្រូបង្រៀន​បរទេស ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​។ អ្នកជំនាញ​ដែល​មានបទពិសោធន៍​បាន​ត្រួសត្រាយ​បង្កើត​កម្មវិធី​នេះ ដោយ​ធ្វើការ​ជា​ក្រុម​ដើម្បី​អភិវឌ្ឍ និង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ផ្ទាល់​នៅ​តាម​បណ្តា​សាលា​របស់​អង្គការ CFC​។ នៅ​ឆ្នាំ​២០០៧ កម្មវិធី​នេះ បាន​បន្ថែម​នូវ​ទស្សនកិច្ច​សិក្សា​ប្រចាំឆ្នាំ​ក្នុង​ប្រទេស​សិង្ហ​បុរី​។ នៅ​ឆ្នាំ​២០០៨ អង្គការ CFC បាន​តែងតាំង​នាយក​ផ្នែក​បណ្តុះបណ្តាល​គ្រូ​បង្គោល ដើម្បី​ត្រួតពិនិត្យ​កម្មវិធី​នេះ និង​បណ្តុះបណ្តាល​គ្រូបង្រៀន​ដែល​គេ​ហៅ​ថា​គ្រូ​បង្គោល​។

គ្រូ​បង្គោល​ត្រូវ​បាន​ជ្រើសរើស​ទៅ​តាម​លក្ខណសម្បត្តិ​ជា​អ្នកដឹកនាំ និង​ជំនាញ​បង្រៀន​ក្នុង​ថ្នាក់​ជាក់ស្តែង​។ គម្រោង​ផ្តួចផ្តើម​នេះ ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍ​វិជ្ជាជីវៈ និង​អាជីព​ដែល​ធ្វើ​ឲ្យ​សាលារៀន​របស់​អង្គការ CFC ខុស​ដាច់​ពី​គេ និង​ជ្រើសតាំង​គ្រូ​របស់​ខ្លួន​ចាប់​ពីសា​លាម​ត្តេ​យ្យរ​ហូត​ដល់​វិទ្យាល័យ​ជា​អ្នកតំណាង​ពី​ការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ក្នុង​ឆ្នាំ​២០១០ អង្គការ​ខែ​រីង​ហ្វ័​រ​ខេ​ម​បូ​ឌា ត្រូវ​បាន​ទទួលស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​បាន​ផ្តល់​ពានរង្វាន់​កម្រិត​ខ្ពស់​បំផុត​ដល់​បុគ្គល​ដែល​មិនមែន​ជា​ជនជាតិ​កម្ពុជា ពោល​គឺ​ពានរង្វាន់​ដៃ​មាស​។

អង្គការ​មូលនិធិ MoneyGram បាន​បង្កើត​មូលនិធិ MoneyGram នៅ​ឆ្នាំ​២០១២ ដើម្បី​ជួយ​ដល់​កុមារ​នៅ​ជុំវិញ​ពិភពលោក ទទួល​បាន​លទ្ធភាព​ចូល​រៀន​នៅ​តាម​បណ្តា​គ្រឹះស្ថាន​អប់រំ​នានា និង​ចូល​មើល​ឯកសារ​សិក្សា​ជា​ច្រើន​។  បេសកកម្ម​របស់​អង្គការ​នេះ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ការ​អប់រំ គឺជា​គន្លឹះ​ទទួល​បាន​ឱកាស​សេដ្ឋកិច្ច​ល្អ​ប្រសើរ គ្រួសារ​មាន​សុខភាព​ល្អ និង​សេរីភាព​បុគ្គល និង​ការ​ពង្រឹង​លទ្ធភាព​បុគ្គល​។ អង្គការ​មូលនិធិ MoneyGram បាន​ផ្តោត​ទៅ​លើ​ការ​លើកទឹកចិត្ត​គំនិត និង​លើកកម្ពស់​ជីវភាព​រស់នៅ និង​ផ្តល់​មូលនិធិ​ដល់​បណ្តា​អង្គការ​ដែល​សម​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ដែល​មាន​បេសកកម្ម​នេះ​ដូច​គ្នា​។ 

លោក អ៊ុ​ង សា​វី ប្រធាន​ប្រចាំ​ប្រទេស​នៃ​អង្គការ​ខែ​រីង​ហ្វ័​រ​ខេ​ម​បូ​ឌា (Caring for Cambodia) បាន​មាន​ប្រសាសន៍​ថា អង្គការ​ខែ​រីង​ហ្វ័​រ​ខេ​ម​បូ​ឌា គឺជា​អង្គការ​សប្បុរសធម៌​ក្រៅ​រដ្ឋាភិបាល​មិន​ស្វែងរក​ប្រាក់​ចំណេញ​ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​សហរដ្ឋអាមេរិក និង​កំពុង​បំពេញការងារ​នៅ​ក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា​។ អង្គការ CFC សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់​ការ​អប់រំ​ដល់​កុមារ​ចំនួន​ជាង​៦.៦០០​នាក់​ជា​រៀង​រាល់​ឆ្នាំ តាម​រយៈ​ការ​អនុវត្ត​ដ៏​ល្អ​បំផុត​តាម​ស្តង់ដា​អន្តរជាតិ​ក្នុង​វិស័យ​អប់រំ​។ អង្គការ CFC ក៏​ផ្តល់​នូវ​ការ​ឧបត្ថម្ភ​ដល់​ការ​សិក្សា រួម​បញ្ចូល​ទាំង​អាហារ​ដែល​មាន​ជីវជាតិ ការ​អប់រំ​សុខភាព ឯកសណ្ឋាន សៀវភៅ​សិក្សា កង់ និង​ការ​បណ្តុះបណ្តាល​បំ​ណិ​ន​ជីវិត​។ រយៈពេល​ជាង​១៤​ឆ្នាំ​មក​ហើយ អង្គការ CFC បាន​ជួយ​ប្រជា​ពល​ខ្មែរ​មួយ​ជំនាន់​ជំនះ​លើ​ឧបសគ្គ​នៃ​កេរ្តិ៍​ដំណែល​នៃ​ការ​ប្រល័យពូជសាសន៍​ដែល​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី និង​ផលវិបាក​របស់​វា​។ ជាមួយនឹង​ការ​អប់រំ​ត្រឹមត្រូវ និង​ជំនាញ​ប្រចាំ​សតវត្សរ៍​ទី​២១ ពួក​គេ​កំពុង​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​ភ្នាក់ងារ​នៃ​ការ​ផ្លាស់​ប្តូរ​ដែល​មាន​សមត្ថភាព​ដឹកនាំ​ប្រទេស និង​តំបន់​របស់​ពួក​គេ​ឆ្ពោះទៅ​រក​អនាគត​កាន់តែ​ត្រចះត្រចង់​ថែម​ទៀត​។

លោក អ៊ុ​ង សា​វី បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា អង្គការ Caring  For  Cambodia បាន​ប្រារព្ធ​កម្មវិធី​សិក្ខាសាលា​ស្តី​អំពី​ការ​បង្រៀន​ភាសា​អង់គ្លេស ក៏​ដូច​ជា​ការ​បង្រៀន​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ (ICT) និង STEM ក្នុង​គោលបំណង​ឲ្យ​សិស្ស​មាន​សមត្ថភាព​រៀន​ភាសាបរទេស​គ្រប់គ្រាន់​សម្រាប់​ប្រាស្រ័យ​ទាក់ទង​ស្រាវជ្រាវ និង​បន្ត​ការ​សិក្សា​របស់​ពួក​គេ ក៏​ដូច​ជា​ឲ្យ​សិស្ស​មាន​សមត្ថភាព​ខាង​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​។ បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍​ផ្តល់​នូវ​សមត្ថភាព​មូលដ្ឋាន​ដល់​ពួក​គេ​សម្រាប់​ប្រើប្រាស់​កុំព្យូទ័រ និង​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ការ​សិក្សា និង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដើម្បី​ឆ្លើយ​តប​នឹង​ក្រប​ខណ្ឌ​កម្មវិធី​សិក្សាអប់រំ​ចំណេះ​ទូទៅ និង​អប់រំ​បច្ចេកទេស របស់​ក្រសួង​អប់រំ  យុវជន និង​កីឡា​។

សិក្ខាសាលា​នា​ពេល​នេះ​ផ្តោត​ទៅ​លើ ១-​ប្រសិទ្ធភាព​នៃ​ការ​បង្កើត​កិច្ច​តែងការ​បង្រៀន​ភាសា​អង់គ្លេស​។ ២-​ការ​បង្រៀន​ភាសា​អង់គ្លេស​តាម​បែប​វិធីសាស្ត្រ​សិស្ស​មជ្ឈមណ្ឌល​។ ៣-​ការ​បង្រៀន​បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ ICT ក្នុង​ថ្នាក់​ភាសា​អង់គ្លេស​។ ៤-​ការ​បង្រៀន​អង់គ្លេស​ឆ្លង​ភូមិ​សិក្សា  ពី​បឋម​ទៅ​កាន់​មធ្យមសិក្សា​។ ៥-​ការ​បង្រៀន​ភាសា​អង់គ្លេស​សម្រាប់​កុមារ​តូច​។ ៦-​លទ្ធផល​ដំបូង​នៃ​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស​។ ៧-​សកម្មភាព​ស្រាវជ្រាវ​លើ​ការ​បង្រៀន​ភាសា​អង់គ្លេស​។ ៨-​ការ​ស្រាវជ្រាវ​ធនធាន សម្ភារ​សម្រាប់​ការ​រៀបចំ​ថ្នាក់ ក៏​ដូច​ជា​ការ​បង្រៀន​ភាសា​អង់គ្លេស​។ ៩-​ស្វែ​ករក​តុល្យភាព​ក្នុង​ការ​ប្រើប្រាស់​ភាសា​ខ្មែរ និង​អង់គ្លេស ក្នុង​ការ​បង្រៀន​ភាសា​អង់គ្លេស និង​១០-​ការ​ផលិត​សម្ភារ​ឧបទេស​សម្រាប់​ថ្នាក់​ភាសា​អង់គ្លេស​។

លោក កុ​ល ស៊ី​ណាត អ្នកសម្របសម្រួល​កម្មវិធី​ភាសា​អង់គ្លេស​នៃ​អង្គការ​    ​Caring  For  Cambodia បាន​មាន​ប្រសាសន៍​ថា គម្រោង​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ដំណាក់កាល​ដំបូង​ដែល​ឧបត្ថម្ភ​ដោយ​ម៉ា​ន់​នី​ហ្គ្រា​ម នឹង​ជួយ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ភាសា​អង់គ្លេស និង​ពង្រឹងសមត្ថភាព​ភាសា​អង់គ្លេស​ដល់​សិស្សានុសិស្ស​ជាង​៦០០​នាក់ នៅ​សាលា​បឋម​សិក្សា​ចំនួន​៥ នៅ​ខេត្តសៀមរាប ដែល​ក្នុង​នោះ​នៅ​សាលា​បឋម​សិក្សា​អារញ្ញ​សាគរ​មាន​ប្រមាណ​១០០​នាក់​។

ចំណែក​លោកស្រី អ៊ុ​ក ច័ន្ទ​ដា នាយិកា​រង​វិទ្យាល័យ​អារញ្ញ​សាគរ បាន​ចាត់​ទុក​ថា គម្រោង​ជួយ​ឧបត្ថម្ភ​របស់​ម៉ា​ន់​នី​ហ្គ្រា​ម មាន​សារសំខាន់​ណាស់ ដែល​កុមារ​នឹង​ទទួល​បាន​មូលដ្ឋាន​ភាសា​អង់គ្លេស ងាយស្រួល​ក្នុង​ការ​សិក្សា​បន្ត​ទៅ​វិទ្យាល័យ និង​ជា​គ្រឹះ​សម្រាប់​ពង្រឹងសមត្ថភាព​ការ​សិក្សា​។

ក្រុមហ៊ុន​សេវា​ផ្ទេរ​ប្រាក់ MoneyGram International, Inc. គឺជា​ក្រុមហ៊ុន​អន្តរជាតិ​ដែល​ផ្តល់​សេវា​ផ្ទេរ​ប្រាក់ និង​ទូទាត់​ប្រាក់​ប្រកបដោយ​ការ​ច្នៃប្រឌិត​ថ្មី និង​ត្រូវ​បាន​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​ថា ជា​បណ្តាញ​ភ្ជាប់​ទំនាក់ទំនង​ផ្នែក​ហិរញ្ញវត្ថុ​ទៅ​កាន់​មិត្តភក្តិ និង​ក្រុម​គ្រួសារ​។ ទោះជា​តាម​បណ្តាញ​អន​ឡាញ ឬ​តាម​រយៈ​ឧបករណ៍​ចល័ត​នៅ​តាម​តូប ឬ​នៅ​ក្នុង​ហាង​ក្នុង​មូលដ្ឋាន យើង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​តាម​វិធី​ណាមួយ​ដែល​ងាយស្រួល​សម្រាប់​ពួក​គេ​។ យើង​ក៏​ផ្តល់​ជូន​នូវ​សេវា​ទូទាត់​វិក្កយបត្រ ចេញ​អាណត្តិ​ប្រាក់ និង​រៀបចំ​ទូទាត់​មូលប្បទានប័ត្រ​ផ្លូវការ​នៅ​ទីផ្សារ​មួយ​ចំនួន​៕