ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​ម៉ូតូ​ទឹក​កម្ពុជា​សាលី អ៊ូ​មើ​ត បង្ហាញ​មោទនភាព​ក្រោយ​គ្រង​ជើងឯក​ពានរង្វាន់​កម្រិត​អាស៊ី Jet Ski Pro Tour 2021

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដណ្ដើម​បាន​ជើងឯក​ក្នុង​ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក ពានរង្វាន់​អន្ដរជាតិ​កម្រិត​អាស៊ី Jet Ski Pro Tour

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដណ្ដើម​បាន​ជើងឯក​ក្នុង​ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក ពានរង្វាន់​អន្ដរជាតិ​កម្រិត​អាស៊ី Jet Ski Pro Tour 2021 នៅ​ប្រទេស​ថៃ លើ​វិញ្ញាសា Pro Am Ski Modified កីឡាករ​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា សាលី អ៊ូ​មើ​ត បាន​បង្ហាញ​អារម្មណ៍​រំភើប​ជាមួយនឹង​មោទនភាព​យ៉ាង​ខ្លាំង​សម្រាប់​ការ​ទទួល​ជោគជ័យនា​ពេល​នេះ ។

ក្រោយ​ទទួល​បាន​ពានរង្វាន់​ជើងឯក សាលី អ៊ូ​មើ​ត បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ បែងចែក​ការ​ប្រកួត​ជា​៤​ជុំ ដោយ​ចាប់ផ្ដើម​ប្រកួត​តាំងពី​ចុងខែ​តុលា ហើយ​បញ្ចប់​ការ​ប្រកួត​ជុំ​ទី​៤ កាលពី​ថ្ងៃ​ទី​១៨-១៩ ខែធ្នូ​នេះ​។ ក្នុង​ការ​ប្រកួត​ជុំ​នីមួយ​ៗ លោក​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​គ្រង​ចំណាត់ថ្នាក់​លេខ​១​ចំនួន​៣​ជុំ លើកលែងតែ​ជុំ​ទី​២ ដោយសារ​ម៉ូតូ​ទឹក​ខូច ធ្វើ​ឲ្យ​លោក​ទទួល​បាន​ត្រឹម​លេខ​៤​។
ទោះជា​យ៉ាងណា​ក្រោយ​បញ្ចប់​ការ​ប្រកួត​ទាំង​៤​ជុំ សរុប​ពិន្ទុ លោក​រកបាន​ពិន្ទុ​ច្រើន​ជាងគេ និង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ។

លោក​ពិតជា​មាន​មោទនភាព និង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដែល​រូប​លោក​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​កម្រិត​អាស៊ី​មួយ​នេះ ពិសេស​បាន​កសាង​កេរ្ដិ៍ឈ្មោះ និង​កិត្តិយស​ជូន​ជាតិ ។ លោក​នឹង​បន្ដ​ការ​ខិតខំ​បន្ថែម​ទៀត ដើម្បី​ត្រៀម​ការ​ប្រកួត​អន្ដរជាតិ​ផ្សេង​ៗ​នា​ពេល​ខាង​មុខ​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ព្រឹត្តិការណ៍​Jet Ski Pro Tour 2021​មួយ​នេះ មាន​កីឡាករ​ជម្រើសជាតិ​ម៉ូតូ​ទឹក​កម្ពុជា​៥​រូប​ចូលរួម និង​ប្រកួត​៣​វិញ្ញាសា​ផ្សេង​គ្នា ក្នុង​នោះ​កីឡាករ ម៉ី​ន មូ​ស្ដា​ន ដែល​ប្រកួត​វិញ្ញាសា Pro Am Ski Modified ជាមួយ​រាមច្បង សាលី អ៊ូ​មើ​ត ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ។ រីឯ​៣​នាក់​ទៀត រួម​មាន​កីឡាករ កៃ វ៉ា​ន់​ស៊ី​ដែន និង​សាលី ហ្វី​លី​ន ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៥ ដូច​គ្នា លើ​វិញ្ញាសា​ស្គី​ឈរ និង​ស្គី​អង្គុយ ខណៈ​កីឡាករ មីន អូ​ស្មាន ទទួល​បាន​លេខ​៦​។

សាលី អ៊ូ​មើ​ត បាន​បន្ថែម​ថា ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍​នេះ កីឡាករ​កម្ពុជា​ទាំង​៥​រូប នឹង​មាន​បេសកកម្ម​ដ៏​សំខាន់​មួយទៀត គឺ​ការ​ប្រកួត​កម្រិត​ពិភពលោក Jet Ski World Series 2021-2022 ជុំ​ទី​៣ នៅ​ប្រទេស​ថៃ នា​ពាក់កណ្ដាល​ខែមករា​ឆ្នាំ​២០២២ ខាង​មុខ ដែល​មាន​កីឡាករ​ប្រមាណ ៦០​ប្រទេស​ចូលរួម ។ សម្រាប់​ការ​ប្រកួត​២​ជុំ​ដំបូង នៅ​ប្រទេស​ប៉ូ​ឡូញ និង​អា​មេ​រិ​ក កីឡាករ​កម្ពុជា ពុំ​បាន​ចូលរួម​នោះ​ទេ ដោយសារ​បញ្ហា​ស្នើ​សុំ​ទិដ្ឋាការ​យឺតយ៉ាវ​។ តែ​យ៉ាងណា ពួក​គេ​នឹង​ចូលរួម​ការ​ប្រកួត​ជុំ​ទី​៣​នេះ ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ