ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេម៉ាយ​ខ្មៅ​អីុន​ធើ​រ​ណេ​ត

7 ឆ្នាំ មុន

សំបក​ក្រៅ​មើលទៅ​ដូច​ស្ដ្រី​ចំណាស់​ម្នាក់​ស្លូតបូត ត្រឹមត្រូវ ប៉ុន្ដែ​តាម​ពិត Melissa Ann Shepard ល្បីល្បាញ​ជាមួយ​រហស្សនាម «​មេម៉ាយ​ខ្មៅ​អីុ​ន​ធើ​រ​ណេ​ត​» ដ៏​គួរ​ឱ្យ​ខ្លាច។ កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៦ Shepard

សំបក​ក្រៅ​មើលទៅ​ដូច​ស្ដ្រី​ចំណាស់​ម្នាក់​ស្លូតបូត ត្រឹមត្រូវ ប៉ុន្ដែ​តាម​ពិត Melissa Ann Shepard ល្បីល្បាញ​ជាមួយ​រហស្សនាម «​មេម៉ាយ​ខ្មៅ​អីុ​ន​ធើ​រ​ណេ​ត​» ដ៏​គួរ​ឱ្យ​ខ្លាច។ កាលពី​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៦ Shepard ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ក្រោយ​ជាប់​ឃុំ​៣​ឆ្នាំ ពី​បទ​បំពុល​ប្ដី​ចុង​ក្រោយ​ដោយ​ថ្នាំ​ធ្វើ​ឱ្យ​ស្ងប់​អារម្មណ៍ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ធ្លាក់ខ្លួន​ពិការ​ត្រូវ​អង្គុយ​លើ​រទេះរុញ ។

Melissa Ann Shepard កើត​នៅ​ទីប្រជុំជន​រុ​ស្សែ​ល ប្រទេស​កា​ណា​ដា ។ ពាក់កណ្ដាល​ឆ្នាំ​១៩៧៧ និង​ឆ្នាំ​១៩៩០ Shepard ជាប់​ពាក់ព័ន្ធ​ការ​បោកប្រាស់​ជាង​៣០​ករណី ប៉ុន្ដែ​រហូត​ដល់​ឆ្នាំ​១៩៩២ ទើបត្រូវ​អ្នកផង​ផ្ដល់​រហស្សនាម​ជា «​មេម៉ាយ​ខ្មៅ​អីុ​ន​ធើ​រ​ណែ​ត​» ព្រោះ​ពូកែ​ខាង​ប្រើ​អីុន​ធើ​រ​ណេ​ត​អន្ទង ប្រុស​ៗ​អាយុ​ច្រើន​មុន​ពេល​ផ្ដាច់ជីវិត​ពួក​គេ​ចោល​ឥត​ប្រណី​។ ពិនិត្យ​តាម​ឯកសារ​គេ​ឃើញ​ប្ដី​ដំបូង​របស់​ស្ដ្រី​រូប​នេះ ជា​ប្រុស​មានសំណាង​ជាងគេ​ព្រោះ​លែងលះ​គ្នា មុន​ពេល​ស្ដ្រី​រូប​នេះ​សម្លាប់​។ ឯ​ប្ដី​បន្ដបន្ទាប់​ក្រោយ​មក​ទៀត​គ្មាន​សំណាង​ដូច្នេះ​ឡើយ ។ ប្ដី​ទី​២​របស់​ស្ដ្រី​រូប​នេះ​ឈ្មោះ Jordon Stewart ត្រូវ​ស្ដ្រី​រូប​នេះ​បើកឡាន​បុក​ពីរ​ដង តែ​គេច​ទាន់​រហូត ដល់​មក​ស្លាប់​គឺ​ស្លាប់​នឹង​ថ្នាំ​បំពុល​របស់​ស្ដ្រី​រូប​នេះ​។ នៅ​ចំពោះ​មុខ​តុលាការ ស្ដ្រី​រូប​នេះ​ធ្វើ​ពុត​ជា​យំយែក​និយាយ​ថា មក​ពី​ខ្លួន​ឈឺចាប់​ពេក​ព្រោះ​ប្ដី​ធ្វើបាប​ដូច​សត្វ​ធាតុ ។ តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​ស្ដ្រី​រូប​នេះ​៦​ឆ្នាំ តែ​ពុំ​ដឹង​ដោយសារ​វេទមន្ដ​អី​ស្ដ្រី​កំណាច​ជាប់គុក​បាន​តែ​២​ឆ្នាំ ក៏​បាន​ទទួល​ការ​ដោះ​លែង​យ៉ាង​រំភើយ ។

ដើម្បី​រាំង​ស្កាត់ Shepard ប្រព្រឹត្ដ​កំហុស​ដដែល​ទៀត ប៉ូលិស​កា​ណា​ដា​បង្ខំ​ឱ្យ Shepard ធ្វើ​របាយការណ៍​ប្រាប់​ប៉ូលិស​ប្រសិនបើ​ទាក់ទង​ជាមួយ​ប្រុស​ថ្មី​ណា​ម្នាក់ និង​ត្រូវ​ឱ្យ​ប៉ូលិស​ថតរូប​ប្រសិនបើ​ចង់​កែ​មុខមាត់ ជាមួយ​គ្នា​នោះ​ត្រូវ​យល់ព្រម​ឱ្យ​ប៉ូលិស​ប្រាប់​ពី​អតីតកាល​របស់​ខ្លួន​ដល់​ប្រុស​ដែល​ចង់​ទាក់ទង​ស្នេហា​ជាមួយ​ខ្លួន ។

ឆ្នាំ​២០០១ ពេល​អាយុ​៦៥​ឆ្នាំ Shepard រៀប​ការ​ជា​មួ​ួ​យ​ប្ដី​ទី​៣ ឈ្មោះ Robert  Frierich អាយុ​៨៣​ឆ្នាំ បន្ទាប់​ពី​ស្គាល់គ្នា​ក្នុង​ឱកាស​បុណ្យ​ណូអែល ។ ក្រោយ​រៀប​ការ​រួច Shepard នាំ​ប្ដី​ថ្មី​រូប​នេះ​ទៅ​រស់នៅ​រដ្ឋ​ផ្ល័​រ​រី​ដា សហរដ្ឋអាមេរិក​។ នៅ​ទីនោះ​បាន​១៤​ខែ ប្ដី​ទី​៣​របស់ Shepard សុខ​ៗ​ស្រាប់តែ​ស្លាប់​យ៉ាង​សោះកក្រោះ ។ កូនចៅ​របស់​លោក​តា Frierich ដោយ​ស្គាល់​ប្រវត្ដិ​ពូកែ​សម្លាប់ ប្រុស​ៗ​របស់ Shapard បាន​ប្ដឹង​ទារជំងឺចិត្ដ តែ​ពុំ​ដឹង​ដោយសារ​ហេតុ​អី Shepard អត់​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​អ្វី​សោះ ។

ក្រោយ​ការ​ស្លាប់​របស់​ប្ដី​ទី​៣ Shepard ទាក់ទង​ស្គាល់គ្នា​ជាមួយ​តា​ចាស់​ម្នាក់​ទៀត​អាយុ​៧៣​ឆ្នាំ​ឈ្មោះ Alex Strategos គឺ​ស្គាល់​តាម​រយៈ​អុ​ី​ន​ធើ​រ​ណេ​ត ។ អ្នក​ទាំង​ពី​រស់នៅ​ជាមួយ​គ្នា​បាន​១​ខែ លោកតា​ប្ដី​ទី​៤ ស្រាប់តែ ងាក​ៗ​ចូល​ពេទ្យ ។ ពួក​វេជ្ជបណ្ឌិត​ឆ្ងល់​ពេក ត្រួតពិនិត្យ​ឃើញ​មាន​ជាតិ​ថ្នាំ Benzodia Zepine ក្នុង​ឈាម​អ្នកជំងឺ​ក៏​រាយការណ៍​ប្រាប់​ប៉ូលិស​មូលដ្ឋាន ។ ចំណែក​អ្នកជំងឺ​ពេល​ឮ​ថា នៅ​ក្នុង​ឈាម​របស់​ខ្លួន​មាន​ជាតិ​ថ្នាំ​ធ្វើ​ឱ្យ​ស្ងប់​អារម្មណ៍ គាត់​នឹកឃើញ​ភ្លាម​ថា​ថ្នាំ​នោះ​ពិតជា​នៅ​ក្នុង​កា​រ៉េ​ម​ដែល​ប្រពន្ធ​ខ្លួន​ទិញ​ឱ្យ​ខ្លួន​ហូប​រាល់ថ្ងៃ ។ ទោះ​គ្រូពេទ្យ​រាយការណ៍​ថា​ដូច្នេះ​ក្ដី តែ​ប៉ូលិស​បែរជា​ត្រួតពិនិត្យ​រួច​ថា​ខ្លួន​រក​មិនឃើញ​មាន​ថ្នាំ​ធ្វើ​ឱ្យ​ស្ងប់​អារម្មណ៍​ក្នុង​ខ្លួន​អ្នកជំងឺ​ទេ តែ​ឃើញ​ក្នុង​គណនី​ធនាគារ​របស់​អ្នកជំងឺ​បែរជា​បាត់ប្រាក់​១៨.០០០​ដុល្លារ​ទៅ​វិញ ។ ហេតុនេះ​ចុង​ក្រោយ​ស្ដ្រី​ឈ្មោះ Shepard  ត្រូវ​មានទោស​ជាប់គុក​៥​ឆ្នាំ​ពី​បទ​ក្លែង​ឯកសារ​និង​លួច​លុយ ។

ឆ្នាំ​២០១៣ Shepard ត្រូវ​បណ្ដេញ​ចេញពី​សហរដ្ឋអាមេរិក ហើយ​ទៅ​រស់នៅ​ខេត្ដ Nova Scotia ភាគ​ខាងកើត​ប្រទេស​កា​ណា​ដា​វិញ ។ នៅ​កន្លែង​ថ្មី Shepard ទាក់ទង​លោកតា​ពោះម៉ាយ​នៅ​ជិតខាង​ឈ្មោះ Fred Weeks អាយុ​៧១​ឆ្នាំ ។ លោកតា​នោះ​ដោយនៅ​ពោះម៉ាយ​ជា​យូរហើយ លុះ​ជួប​ស្ដ្រី​ប្រសប់​និយាយ​ស្ដី​រូប​នេះ​គាត់​មិន​គិត​មុខ​គិតក្រោយ​ច្រើន​ឡើយ យល់ព្រម​ស្នេហា​ភ្លាម ហើយ​ក៏​នាំ​គ្នា​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​កោះ Newfoundland ក្នុង​សមុទ្រ​អា​ត្ល​ង់​ទិ​ក ។ ត្រឡប់​ពី​ក្រេប​ចន្ទ​ទឹកឃ្មុំ​វិញ Shepard ប្រើ​ថ្នាំ​ឱ្យ​ស្ងប់​អារម្មណ៍​បំពុល​ប្ដី​ជា​បន្ដបន្ទាប់ ធ្វើ​ឱ្យ​លោកតា​ទន់​ខ្លួន​ត្រូវ​អង្គុយ​លើ​រទេះរុញ ។ រហូត​ដល់​ពួក​វេជ្ជបណ្ឌិត​រក​ឃើញ​ជាតិ​ថ្នាំ​ធ្វើ​ឱ្យ​ស្ងប់​អារម្មណ៍​នៅ​ក្នុង​ឈាម​យ៉ាងច្រើន ទើប​ប៉ូលិស​ប្រញាប់ប្រញាល់​ស៊ើប​អង្កេត ។ ប៉ុន្ដែ​ទោះ​យ៉ាងណា​ក្ដី Shepard ជាប់គុក​តែ​២​ឆ្នាំ​៩​ខែ​១០​ថ្ងៃ​ប៉ុណ្ណោះ ។ ពេល Shepard ចេញពី​ពន្ធនាគារ លោកតា Alex Startegos ជា​ប្ដី​ទី​៤​និយាយ​ដោយ​ហួសចិត្ដ​ជាមួយ​ទូរទស្សន៍ BBC ថា «​ខ្ញុំ​មិន​នឹក​ស្មាន​ទាល់តែ​សោះ​ថា Shepard មាន​ថ្ងៃ​បាន​ចេញពី​ពន្ធនាគារ​វិញ ។​មិនដឹង​ថា លោក​រដ្ឋ​អាជ្ញា​គិត​អ្វី​ក្នុង​ខួរក្បាល​គាត់ ព្រោះ​ស្ដ្រី​រូប​នេះ​នៅ​តែ​ជា​អ្នក​មេម៉ាយ​ខ្មៅ​អស់​មួយ​ជីវិត​» ៕