ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាញ់បង្ក្រាប​​បាតុ​ករ​នៅយេម៉ែន​​ស្លាប់២នាក់​ទៀត​ និងរបួស​ច្រើន​សិប​នាក់

15 ឆ្នាំ មុន

មនុស្ស​​២នាក់​ទៀត​បានត្រូវ​​ស្លាប់ និង​ជា​ច្រើន​​សិបនាក់​ទៀត​ត្រូវ​របួសកាល​ពីថ្ងៃទី​​​១៣ មីនា នៅយេម៉ែន ខណៈ​ពេល​ប៉ូលិស​​យេម៉ែន​​បាញ់​គ្រាប់​ពិត​ និងប្រើ​ឧស្ម័ន​​បង្ហូរទឹក​​ភ្នែ​ក​ប្រឆាំង​​ ពួកបាតុករ​​ដែលទាមទារ​​​ឱ្យ​​លោក​ប្រធា​នាធិបតី​​​អាលី អាប់​ដាល់​ឡាហ៍ ​សាឡេហ៍ ​ចាក​ចេញ​ពី​​តំណែង ។​ សាក្សីទាំងឡាយ​រាយការណ៍​ថា ​អ្នក​​របួស​​ភាគច្រើន​​នៅក្រុង​​​សាណា​​ គឺ​ដោយ​សារ​​ឥទ្ធិ​ពល​​ឧស្ម័ន​ ក៏ប៉ុន្តែ​​មនុស្ស​​​មួយ​ចំនួនត្រូវ​គ្រាប់​កាំភ្លើង​។ ការប៉ះទង្គិច​​គ្នា​នានា​កើត​មាន​នៅច្រក​ចូល​ទាំង​ឡាយ​​នៃ​សាកលវិទ្យាល័យ​​ក្នុង​រដ្ឋ​ធានី​​​ជា​កន្លែង​​​មាន​បាតុ​កម្ម​​​តវ៉ា​​ចាប់តាំង​ពី​​ច្រើន​សប្តាហ៍​មក​ហើយ ។​

ក្នុង​​ទីក្រុង​​កំពង់ផែ​​​អាដេន ​ភាគខា​ងត្បូង​​ប្រទេស​​មនុស្ស​ម្នាក់​ត្រូវ​ស្លាប់ដោយគ្រាប់​កាំ​ភ្លើង​​​ពេលមានការ​​​ប៉ះទង្គិចគ្នា​​រវាង​ពួកអ្នក​​តវ៉ា និង​​ប៉ូលិស ។ ​ទូរទស្សន៍អាល់​​ហ្សា​ហ្ស៊ីរ៉ា បាន​បង្ហាញ​​រូប​ភាព​​ក្រុម​​គ្រូពេទ្យ​​ដែលជួយ​​ព្យាបាល ពួកបាតុករ​​​ត្រូវ​​របួស​ដោយ​​សារ​ការបាញ់​​​ឧស្ម័ន​​​ក្នុងមន្ទីរពេទ្យ​​​បណ្តោះអាសន្ន​​បង្កើត​ឡើង​ដោយ​ពួក​​អ្នក​​​តវ៉ា​ក្នុង​​បរិវេណ​​សាកលវិទ្យា​ល័យ។

មនុស្ស​​ជា​ច្រើន​​ពាន់នាក់​​​បានប្រមូល​ផ្តុំ​គ្នា​នៅ​​តាមច្រក​​ចូលទាំង​ឡាយ​​នៃសាកលវិទ្យាល័យ​​កាលពីថ្ងៃទី​​១៣ មីនា ​ហើយ​ដាក់​​បារ៉ាស់​ដើម្បីការពារ​​ប្រឈមមុខ​​នឹង​​កងកម្លាំង​​​ប៉ូលិស​ដែល​​​ប្រើប្រាស់​​កាណុងបាញ់​ទឹក ។​ ម្យ៉ាងទៀត ​បាតុករ​​​៧នាក់ត្រូវ​​របួស​នៅ​ទីក្រុងអាល់​ម៉ា​អា ហ្វៀរ ខេត្ត​​តាអេស ។ សមាជិក​សភា​ជា​ច្រើន​​​នាក់​នៃ​គណបក្ស​​កាន់អំណាច​​បាន​សុំ​​លា​លែង​ចេញពី​​តំណែង​រយៈ​ពេល​ប៉ុន្មាន​​សប្តាហ៍​ចុង​ក្រោយ​នេះ ហើ​យចូលរួម​​ជាមួយពួក​ប្រឆាំង ។​
សរុប​​មនុស្ស​​​៤នាក់ ក្នុង​នោះ​​មានកុមារ​​​ម្នាក់​​អាយុ​​​១២​ឆ្នាំ ​បានត្រូវស្លាប់​ក្នុងបាតុកម្ម​កាលពី ​ថ្ងៃ​ទី​​​១២ មីនា ​ដែលធ្វើ​ឱ្យ​ចំនួន​​អ្នក​​ស្លាប់ឡើង​ដល់​​​ជាង​​៣០នាក់​ហើយ​​​ក្នុង​​រយៈ​ពេល​​​២ខែ​​នៃ​ភាព​ចលាចល ៕​