ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​រស់នៅ​ប៉ៃលិន​នាំ​គ្នាស៊ីឈ្នួល​បកសំបក​ពោត ដើម្បី​យក​ថវិកា​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ភូមិ​ក្រចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​២១ ខែធ្នូ​នេះ ពលរដ្ឋ​ដែល​គ្មាន​មុខរបរ…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ភូមិ​ក្រចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន នា​ថ្ងៃ​ទី​២១ ខែធ្នូ​នេះ ពលរដ្ឋ​ដែល​គ្មាន​មុខរបរ ឬ​ដីស្រែ​ចម្ការ​នឹង​គេ បាន​នាំ​គ្នា​ធ្វើ​ជា​កម្មករ​ទៅ​ស៊ីឈ្នួល​ដើរ​កាច់​ស្នៀតពោត​ក្នុង​ចម្ការ និង​អង្គុយ​បកសំបក​ផ្លែ​ពោត​ឱ្យ​ថៅកែ ដើម្បី​បាន​ថវិកា​យក​ទៅ​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​ប្រចាំ​ថ្ងៃ ។

បើ​តាម​សម្តី​របស់​ស្ត្រី​ម្នាក់ ឈ្មោះ ចាន់ វី អាយុ​៣០​ឆ្នាំ បុរស​ម្នាក់ ឈ្មោះ វី ឈាន អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ៖ ពួក​គាត់​បាន​មក​ស៊ីឈ្នួល​ធ្វើ​ជា​កម្មករ កាច់​ស្នៀតពោត និង​បកសំបក​ផ្លែ​ពោតក្រហម​ឱ្យ​ថៅកែ​នៅ​តាម​ចម្ការ​ក្នុង​ក្រុងប៉ៃលិន​អស់​រយ​:​ពេល​ជា​យូរថ្ងៃ​មក​ហើយ ដោយ​ការ​ដើរ​កាច់​ស្នៀតពោត​នេះ​ក្នុង​១​ធុង​ស្ពេ​ត្រូ ថៅកែ​ឱ្យ​ថ្លៃ​ឈ្នួល​៧០០ ទៅ​៨០០​រៀល ។

ជាក់ស្តែង​ក្នុង​១​ថ្ងៃ ពួក​គាត់​អាច​រក​ប្រាក់​ចំណូល​បាន​ប្រហែលជា​២៥០០០​រៀល ទៅ​៣០០០០​រៀល ដើម្បី​យក​ទៅ​ទិញ​ម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព ។ រីឯ​ការ​អង្គុយ​បកសំបក​ផ្លែ​ពោត​វិញ គឺ​១​ធុង​ស្ពេ​ត្រូ ថៅកែ​ឱ្យ​ថ្លៃ​ឈ្នួល​៥០០​រៀល ក្នុង​១​ថ្ងៃ ពួក​គាត់​អាច​រក​ប្រាក់​ចំណូល​បាន​ប្រហែល​១៥០០០​រៀល ទៅ​២០០០០​រៀល តាម​អ្នក​ដែល​បក​លឿន ឬ​យឺត ។

ប្រភព​បន្ត​ទៀត​ថា ចាប់តាំងពី​កសិករ រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​នាំ​គ្នា​ប្រមូល​ផល​ផ្លែ​ពោតក្រហម នា​ចុងរដូវ​នេះ ពួក​គាត់​ក៏​មិន​នៅ​ទំនេរ​ដែរ គឺ​នាំ​គ្នា​ចុះ​ទៅ​តាម​ចម្ការ​រាល់ថ្ងៃ ដោយ​អ្នកខ្លះ​វេចបាយ​ម្ហូបអាហារ អ្នកខ្លះ​ទៀត ដាក់​ចាន​ឆ្នាំ និង​សម្ភារ​:​ផ្ទះបាយ​ផ្សេង​ៗ​យក​ទៅ​ដេក​តាម​រោង​ចាំចម្ការ ដើម្បី​ស៊ីឈ្នួល​កាច់​ស្នៀតពោត​ឱ្យ​ថៅកែ ។

ចំណែក​លោក គី​ម បូ​រី​ន ជា​ម្ចាស់​ចម្ការ​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ក្រចាប់​លើ សង្កាត់​អូរ​តា​វ៉ៅ បានឱ្យ​ដឹង​ដែរ​ថា ៖ លោក​បាន​ដាំ​ដំណាំ​ពោតក្រហម​ចំនួន​៤.៥​ហិ​កតា ដោយ​កសិផល​ពោត នៅ​ចុងឆ្នាំ​២០២១​នេះ​មានការ​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​១​ហិ​កតា ប្រមូល​ផល​បាន​ត្រឹមតែ​១​តោន​ប៉ុណ្ណោះ ដោយសារ​តែ ភ្លៀង​ធ្លាក់​ជោកជាំ​រាល់ថ្ងៃ​ខ្លាំង​ពេក បណ្តាល​ឱ្យ​រលួយ​ដើម​ខូចខាត​ស្ទើរ​ទាំងស្រុង ។

លោក​បន្ត​ទៀត​ថា ដោយ​ជួល​ឈ្នួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល និង​ជួល​រថយន្ត​ដឹក​ចេញពី​ចម្ការ គិតគូរ​កាច់​កិន​ទៅ គឺ​មិន​សល់​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​នោះ​ឡើយ ។ តែ​ទោះបីជា​យ៉ាងណា ខាង​លោក​ក៏​នៅ​តែ​បន្ត​ខិតខំ​ប្រឹងប្រែង​ដាំ​ដំណាំ​ផ្សេង​ៗ​បន្ថែម​ទៀត ដើម្បី​លក់​យក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ