ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​កូ​វី​ដ​ ១៩ ​រាតត្បាត​មក​ពលរដ្ឋ​ខ្មែរ​ ២៦ ​ម៉ឺន​នាក់​បាត់​ចំណូល​ពី​ការងារ​ក្នុង​ប្រទេស​ថៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ចាប់តាំងពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ​មក រហូត​ដល់​ចុងឆ្នាំ ​២០២១ មាន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ក្រៅប្រទេស ជាង ​២៦​ ម៉ឺន​នាក់…

រាជធានីភ្នំពេញ ៖ ចាប់តាំងពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩ ​មក រហូត​ដល់​ចុងឆ្នាំ ​២០២១ មាន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ក្រៅប្រទេស ជាង ​២៦​ ម៉ឺន​នាក់ ក្នុង​នោះ ភាព​ច្រើន​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ។​ ការ​វិល​មក​កាន់​ប្រទេស​វិញ​ដោយសារ​បារម្ភ​ពី​ជំងឺ​កូ​វី​ដ​ ១៩ បាន​ធ្វើ​ឲ្យ​ពលករ​ចំណាយ​ស្រុក​ទាំងនោះ​បាត់បង់​ការងារ គ្មាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​ ។

លោកស្រី ជូ ប៊ុ​ន​អេ​ង អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​មណ្ឌល​ទទួល​ពលករ​កំ​រៀង ស្ថិត​នៅ​ភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង នា​ព្រឹ​ថ្ងៃ​ទី ​២០ ខែធ្នូ ឆ្នាំ​ ២០២១ បាន​លើក​ឡើង​ថា ​ក្នុង​ពេល​ជំងឺ​កាច​សាហាវ កូ​វី​ដ​-១៩ បាន​ចាប់ផ្ដើម​រាតត្បាត​ដល់​បណ្ដា​ប្រទេស ក្នុង​តំបន់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច ការងារ​របស់​ពលករ ដែល​តាម​បណ្ដា​រោងចក្រ សហគ្រាស កសិដ្ឋាន និង​ការដ្ឋាន​ការងារ​ជា​ច្រើន ត្រូវ​បាន​បិទ​ស្ទើរ​ទាំងស្រុង ធ្វើ​ឱ្យ​ពលករ​បាត់បង​ការងារ​ធ្វើ និង​ប្រាក់​ចំណូល ជា​ពិសេស ពលករ​គ្មាន​ជំនាញ និង​មាន​ចំណូល​ទាប ​។

«​ការ​បិទ​ព្រំដែន​របស់​ព្រះរាជាណាចក្រ​ថៃ ក្នុង​អំឡុង​ខែមីនា ឆ្នាំ ​២០២០ បាន​ជំរុញ​ពលករ​កម្ពុជា​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​យ៉ាង​គគ្រឹកគគ្រេង តាម​បណ្ដោយ​បន្ទាត់​ព្រំដែន រួម​ទាំង​ច្រកព្រំដែន​កំ​រៀង នេះ​ផង​ដែរ​ ។ យើង​ត្រួតពិនិត្យ​យ៉ាង​ត្រឹមត្រូវ​បំផុត​ទាំង​បញ្ហា​សុខភាព ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​គ្រប់គ្រង​ភាព​រាយ​ប៉ាយ​តាម​ច្រក​មិន​ផ្លូវការ ទាំង​យប់ ទាំង​ថ្ងៃ ​។ គិត​មក​ដល់​ចុងឆ្នាំ ​២០២១ នេះ មាន​ចំនួន​ពលករ ដែល​ត្រឡប់​មក​ពី​ក្រៅប្រទេស​រហូត​ដល់ជាង​ ២៦​ ម៉ឺន​នាក់ ដែល​ក្នុង​នោះ មានការ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ច្រើន​ជាងគេ​»​ នេះ​ជា​ការ​បញ្ជាក់​របស់​លោកស្រី ជូ ប៊ុ​ន​អេ​ង ។

មាន​ពលករ​ខ្មែរ​ប្រមាណ ​២​ លាន​នាក់​ត្រូវ​គេ​ដឹង​ថា​ កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​ នៅ​ក្នុង​នោះ​មាន​ពលរដ្ឋ​ភាគច្រើន​រស់នៅ​ និង​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​គេ​ ដើម្បី​ចិញ្ចឹមជីវិត​ដោយ​ខុសច្បាប់​ ។ អគារ​មណ្ឌល​ទទួល​ពលករ​កំ​រៀង​ត្រូវ​គេ​មើលឃើញ​ថា​មាន​តម្លៃ​ខាង​សង្គមកិច្ច​ក្នុង​ការ​សម្រួលការ​លំបាក​របស់​ពលរដ្ឋ​ឆ្លង​ដែន​ ។​ កន្លង​មក​រដ្ឋាភិបាល​បាន​សាងសង់​អគារ​បែប​នេះ​មួយ​នៅ​ច្រក​ទ្វារ​អន្តរ​ជាត​ប៉ោយ​ប៉ែ​ត ។

នៅ​ក្នុង​ពេល​អញ្ជើញ​ជា​អធិបតីភាព​សម្ពោធ​អគារ​សម្តេច​ក្រឡាហោម ស ខេ​ង អគារ​មណ្ឌល​ទទួល​ពលករ​នេះ សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​គូសបញ្ជាក់​ថា ថា​ថ្វី​ត្បិត​តែ​អគារ​មណ្ឌល​ទទួល​ពលករ​កំ​រៀង​នេះ​មិនសូវ​ធំ តែ​អគារ​នេះ​មាន​តម្លៃ​ធំធេង​ណាស់ ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​គ្រប់​ប្រភេទ និង​ពលរដ្ឋ​ដែល​គ្រោះថ្នាក់​ដោយសារ​ការ​ជួញដូរ​ ។ សម្តេច បាន​បញ្ជាក់​ថា នៅ​ពេល​បច្ចុប្បន្ន អគារ​មណ្ឌល​ទទួល​ពលករ​មាននៅ​ខេត្តបាត់ដំបង​មួយ​កន្លែង និង​នៅ​ខេត្តបន្ទាយមានជ័យ​មួយ​កន្លែង​ទៀត ក្នុង​ករណី​ចាំបាច់ ស្រប​តាម​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលករ​រង​គ្រោះ គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​អាច​ពិនិត្យ​លទ្ធភាព​កសាង​នៅ​អគារ​មណ្ឌល​បន្ថែម​ទៀត ដូច​ជា​ក្នុង​ខេត្តឧត្តរមានជ័យ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ