ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រណាំង​អូដ្ឋ​ជា​ល្បែង​កម្សាន្ត​ដ៏​ពេញ​និយម​នៅ​មជ្ឈិម​បូព៌ា

7 ឆ្នាំ មុន

ចលនា​ប្រណាំង​អូដ្ឋ​កំពុង​ពេញ​និយម​នៅ​មជ្ឈិម​បូព៌ា ដែល​មាន​តម្លៃ​ស៊ីសង និង​ទិញ​ដូរ​រហូត​ដល់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​បន្ទប់​រង់ចាំ​ឡើង​យន្តហោះ​ទៅ​ទីក្រុង​ដូ​ហា ភាគ​ខាងកើត​ប្រទេស​កា​តា ហ្វា​យ​សាយ​(Faisai)

ចលនា​ប្រណាំង​អូដ្ឋ​កំពុង​ពេញ​និយម​នៅ​មជ្ឈិម​បូព៌ា ដែល​មាន​តម្លៃ​ស៊ីសង និង​ទិញ​ដូរ​រហូត​ដល់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​បន្ទប់​រង់ចាំ​ឡើង​យន្តហោះ​ទៅ​ទីក្រុង​ដូ​ហា ភាគ​ខាងកើត​ប្រទេស​កា​តា ហ្វា​យ​សាយ​(Faisai)  និយាយ​ជាមួយ​អា​ម៉េ​ដ (Ahmed) ដែល​ស្លៀកពាក់​តាម​បែប​ប្រពៃណី​អា​រ៉ាប់​ដូច​គ្នា​ថា «​ខ្ញុំ​មាន​ចំណង់​ចំណូលចិត្ត​ខ្លាំង​ណាស់​ខាង​បង្កាត់​ពូជ​អូដ្ឋ និង​ប្រណាំង​អូដ្ឋ ។ នេះ​ជា​ប្រពៃណី​របស់​គ្រួសារ​ខ្ញុំ ។ តាំងពី​ជីតា​ខ្ញុំ រហូត​ដល់​មនុស្ស​ទាំងអស់​ក្នុង​គ្រួសារ​សុទ្ធតែ​ជក់ចិត្ត​បែប​នេះ​ដូច​គ្នា » ។

ក្រៅពី​ការងារ​ខាង​ទូរគមនាគមន៍ ហ្វា​យ​សាយ ប្រមូល​ពេលវេលា​សម្រាប់​ការ​បំប៉ន​អូដ្ឋ​ប្រណាំង ។ បច្ចុប្បន្ន​អូដ្ឋ​មិន​ត្រូវ​បាន​ចិញ្ចឹម​សម្រាប់​តែ​យក​ទឹកដោះ និង​យក​សាច់​ដូច​មុន​ទៀត​ទេ ។ គេ​ចិញ្ចឹម​សម្រាប់​ការ​ប្រណាំង​ជា​ធំ ។ ដោយសារ​ចលនា​ប្រណាំង​អូដ្ឋ​នេះ អ្នកខ្លះ​ក្លាយជា​អ្នកមាន ភ្លាម​ៗ ដោយ​មិន​បាន​គ្រោងទុក ។ ហ្វា​យ​សាយ​បានឱ្យ​ដឹង​ថា អូដ្ឋ​ប្រណាំង​ត្រូវ​បាន​បំប៉ន​តាំងពី​ទឹកឃ្មុំ ទឹកដោះ​ឆៅ ស៊ុតមាន់ ស៊ុតទា និង​ចំណី​សម្បូរ​វីតាមីន ផ្សេង​ៗ​ទៀត ។ អូដ្ឋ​ប្រណាំង​មួយ​ក្បាល ម្ចាស់​វា​ចំណាយ​លើ​ចំណី​សម្រាប់​បំប៉ន​នៅ​ក្នុង មួយ​ខែ​ៗ​អស់​រាប់​ពាន់​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ។ អូដ្ឋ​ប្រណាំង​មួយ​ក្បាល​គេ​លក់​ដេញថ្លៃ​ចាប់ផ្តើម​ពី​៥៥.០០០​ដុល្លារ​អា​មេ​រិ​ក​ឡើង​ទៅ ។ កាលពី​ឆ្នាំ​២០១០ បុរស​ម្នាក់​ទៅ​ប្រទេស​អា​រ៉ាប់​រួម ចំណាយ​ប្រាក់​៧​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ទិញ​អូដ្ឋ​ប្រណាំង​៣​ក្បាល ។ អូដ្ឋ​ណា​ពូកែ​ធ្លាប់​ប្រណាំង​ឈ្នះ​គេ​ច្រើន​លើក អាច​លក់​បាន​ពី​៥​ដល់​១០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ជួនកាល​អូដ្ឋ​ខ្លះ​លក់​បាន​ថ្លៃ​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ផង ។

បណ្តា​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​ជាទី​ផ្សារ​អូដ្ឋ​ធំ​ជាងគេ​ក្នុង​លោក ។ ការ​ប្រណាំង​អូដ្ឋ​ធ្វើ​ឡើង​រៀង​រាល់​ស​ប្តា​ហ៍ ។ អូដ្ឋ​ណា​ពូកែ​ត្រូវ​បាន​សម្រិតសម្រាំង​ចូលរួម​ប្រណាំង​ក្នុង​ពិធី​ប្រណាំង​អូដ្ឋ ធំ​ៗ ដូច​យ៉ាង​ប្រណាំង​ប្រចាំឆ្នាំ Gulf Racing Cup នៅ​ឌូ​បៃ ឬ​ពិធី​ប្រណាំង​អូដ្ឋ​ប្រចាំឆ្នាំ Shahanya នៅ​ប្រទេស​កា​តា​ជាដើម ។ ចម្ងាយ​ផ្លូវ​ប្រណាំង​មាន​ពី​១,៥​គីឡូម៉ែត្រ ដល់​៨​គីឡូម៉ែត្រ ។ អូដ្ឋ​ណា​ឈ្នះ​គេ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ បាន​ទទួល​រង្វាន់​ជា​និមិត្តរូប​ដាវ​មួយ និង​ប្រាក់​៣​លាន​ដុល្លារ​អា​មេ​រិ​ក ។ ថ្មី​ៗ​នេះ បណ្តា​ប្រទេស​នៅ​មជ្ឈិម​បូព៌​៌ា​ចេញ​បម្រាម​ហាម​ប្រើប្រាស់​កុមារ​ប្រណាំង​អូដ្ឋ ក្រោយ​ពី​មានការ​រិះគន់​យ៉ាង​ចាស់ដៃ បន្ទាប់​ពី​មាន​កុមារ​ជា​ច្រើន​រង​គ្រោះ​ធ្លាក់​ពីលើ​ខ្នង​អូដ្ឋ ហើយ​ត្រូវ​អូដ្ឋ​ជាន់​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ។ កុមារ​ដែល​ចូលរួម​ប្រណាំង​អូដ្ឋ ភាគច្រើន​ត្រូវ​ក្រុម​ជួញដូរ​មនុស្ស​នាំ​ពី​ប្រទេស​អា​ហ្គា​នី​ស្ថាន  បង់​ក្លា​ដេ​ស អីុ​រ៉​ង់ ប៉ា​គី​ស្ថាន និង​ស៊ូ​ដង់ ឱ្យ​បម្រើ​ក្នុង «​ខឿន​ឧស្សាហ​កម្ម​ប្រណាំង​អូដ្ឋ​» នេះ ។ កុមារ​ទាំងនោះ​មាន​គ្នា​ពី​៥.០០០​ដល់​៤០.០០០​នាក់ ឥឡូវ​មិន​ត្រឹមតែ​គេ​លែង​ប្រើ​ឱ្យ​បញ្ជា​អូដ្ឋ​ប្រណាំង​ប៉ុណ្ណោះ​ទេ សូ​ម្បី​ទៅ​តាម​កសិដ្ឋាន​ចិញ្ចឹម​អូដ្ឋ​ក្នុង​ប្រទេស​អីុ​រ៉​ង់ ប្រទេស​កា​តា និង​អា​រ៉ាប់​រួម​ក៏​ត្រូវ​គេ​រំដោះ​ចេញ​បញ្ជូន​ទៅ​ស្រុក​កំណើត​វិញ ឬ​បញ្ជូន​ចូល​មណ្ឌលកុមារ​សប្បុរសធម៌ ។

ប្រណាំង​អូដ្ឋ​ជា​កីឡា​ពេញ​និយម​ក្នុង​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក រួម​មាន​ប៉ា​គី​ស្ថាន​, អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​, អេ​ហ្ស៊ី​ប​, បា​រ៉ែ​ន​, ហ្ស៊​ក​ដា​នី​, កា​តា​, អា​រ៉ាប់​រួម​, អូ​ម៉​ង់​, អូស្ត្រាលី និង​ម៉ុង​ហ្គោ​លី ។ ដូច​ការ​ប្រណាំងសេះ​ដែរ ប្រណាំង​អូដ្ឋ​ម្តង​ៗ​តែង​មានការ​ភ្នាល់​គ្នា​គគ្រឹកគគ្រេង ។

អូដ្ឋ​ប្រណាំង​អាច​រត់​បាន​លឿន​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ឬ​៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​រត់​ស្មើ​រហូត​តាំងពី​ចាប់ផ្តើម​រហូត​ដល់​ចប់ ។ លោក Ulrich Wernerg នាយក​មជ្ឈមណ្ឌល​ចិញ្ចឹម និង​ពិសោធ​អូដ្ឋ​បានឱ្យ​ដឹង​ថា សព្វថ្ងៃ​កីឡា​ប្រណាំង​អូដ្ឋ​កាន់តែ​មានការ​កែ​លម្អ​ជា​លំដាប់ ព្រោះ​ប្រណាំង ម្តង​ៗ​ស៊ីសង​គ្នា​ប្រាក់​លាន​ដុល្លារ​អា​មេ​រិ​ក​ណោះ។ អូដ្ឋ​ណា​ពូកែ គេ​សុំ​បង្កាត់​ពូជ​សប្ប​និមិត្ត​យក​លុយ​មិន​ឈ្នះ ៕