ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន ទោះបី​ស្គាល់​ប្រវត្តិ​ច្បាស់​ក៏​ដោយ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ហាង​ទិញ​-​លក់​ម៉ូតូ​មួយ​កន្លែង​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​សមត្ថកិច្ច​២​ស្ថាប័ន មាន​នគរបាល និង​អាវុធហត្ថ​

ខេត្តបន្ទាយមានជ័យ ៖ ហាង​ទិញ​-​លក់​ម៉ូតូ​មួយ​កន្លែង​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ ត្រូវ​បាន​សមត្ថកិច្ច​២​ស្ថាប័ន មាន​នគរបាល និង​អាវុធហត្ថ​ ចុះ​ទៅ​ដល់​ទីនោះ​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៦ បន្ទាប់​ពី​បាន​ទិញ​ម៉ូតូ​១​គ្រឿង​ម៉ាក MSX ពី​បុរស​ម្នាក់​ដោយ​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ ហើយ​ក៏​ត្រូវ​ស្ត្រី​ម្នាក់​បាន​នាំ​កូនប្រុស​របស់​ខ្លួន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​មក​យក​ម៉ូតូ​វិញ ព្រោះ​ត្រូវ​ប្តី​ចុង​របស់​នាង​លួច​យក​មក​លក់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ហាង​ទិញ​-​លក់​ម៉ូតូ​ខាងលើ​ឈ្មោះ រ័ក្ស ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ ចំណែក​ស្ត្រី​២​នាក់​ម្តាយកូន​ដែល​ប្តឹង​សមត្ថកិច្ច​ឲ្យ​យក​ម៉ូតូ​ទៅ​ប៉ុស្តិ៍​មិន​ត្រូវ​បាន​គេ​បង្ហើប​អត្តសញ្ញាណ​ឲ្យ​ដឹងនៅ​ឡើយ​ទេ គ្រាន់តែ​ដឹង​ថា​ស្ត្រី​នោះ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កាស៊ីណូ​ផ្កាយ​៥​ជា​អ្នក​ពិនិត្យ​ផ្នែក​ចែក​បៀ (DI) មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

កូនប្រុស​ស្ត្រី​ខាងលើ​និយាយ​ថា ឪពុកចុង​របស់​ខ្លួន​ឈ្មោះ ឌី សោភ័ណ ជា​សន្តិសុខ​កាស៊ីណូ​ហ្គោ​ល​ដឺ​ន​ក្រោ​ន បាន​កុហក​ថា យក​ម៉ូតូ​ជិះ​ដើរ​លេង ដឹង​អី​បែរជា​យក​មក​លក់​ទៅ​វិញ ។ លុះ​មិនឃើញ​ចូល​ផ្ទះ ដោយ​មានការ​សង្ស័យ​ក៏​តាម​រក ទើប​ឃើញ​ម៉ូតូ​ត្រូវ​គេ​តាំង​លក់​ក្នុង​ហាង​ទៅ​វិញ ។

ចំណែក​ឈ្មោះ រ័ក្ស ជា​អ្នក​ទទួល​ទិញ​ម៉ូតូ​ម៉ាក MSX ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ក្រហម ប្រាប់​ថា ខ្លួន​ទិញ​ម៉ូតូ​នេះ​ពី​ឈ្មោះ ឌី សោភ័ណ កាលពី​ថ្ងៃ​ទី​៣០​ឧសភា​ម្សិលមិញ ក្នុង​តម្លៃ​៥៣.០០០​បាតប្រាក់​ថៃ​(​ប្រាំ​ម៉ឺន​បី​ពាន់​បាត​) ។ បុរស​រូប​នោះ​បន្ត​ថា ការ​ហ៊ាន​ទទួល​ទិញ​ម៉ូតូ​នេះ​ដោយសារ​ថា កន្លង​មក​ស្គាល់​ប្រវត្តិ​ម៉ូតូ​នេះ​ច្បាស់ គឺ​ឃើញ​ឈ្មោះ ឌី សោភ័ណ និង​ប្រពន្ធ រួម​ទាំង​កូន​បាន​ទិញ​ពី​ហាង​មួយ​ដែល​នៅ​ក្បែរ​ហាង​ខ្លួន ម្យ៉ាង​ដោយសា​រឈ្មោះ ឌី​ សោភ័ណ កុហក​ថា ប្រពន្ធ​ជាប់រវល់​ធ្វើការ ហើយ​បាន​បង្ហាញ​ឯកសារ​ទិញ​ម៉ូតូ​កន្លង​មក​ឲ្យ​មើល​តាម​ទូរស័ព្ទ និង​សន្យា​ធានា​រាល់​បញ្ហា​បើ​មាន​អ្វី​កើតឡើង ថែម​ទាំង​ឲ្យ​លេខ​ទូរស័ព្ទ​ផង ទើប​ខ្លួន​ហ៊ាន​ទទួល​ទិញ ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ម៉ូតូ​១​គ្រឿង​នេះ​ត្រូវ​បាន​នគរបាល​នាំ​យក​ទៅ​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ដើម្បី​ធ្វើការ​ដោះស្រាយ ។ ចំណែក​អ្នក​ទទួល​ទិញ​ម៉ូតូ​គេ​ឃើញ​ឡើង​រថយន្ត​ជាមួយ​អាវុធហត្ថ សង្ស័យ​ភាគី​ទាំង​២​ទៅ​រក​សមត្ថកិច្ច​ដើម្បី​ទាមទារ​រក​យុត្តិធម៌​រៀងៗខ្លួន ។

សូម​បញ្ជាក់ថា រហូត​មក​ទល់​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត មិន​ទាន់​បញ្ជាក់​ពី​ករណី​ខាងលើ​នៅឡើយ​ទេ ដោយ​ប្រាប់​យ៉ាង​ខ្លី​ថា កំពុងធ្វើការ​ដោះស្រាយ ៕