ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឌី រ័​ត្ន​ខេ​ម​រុណ ៖ ចង់​ក្លាយជា​បញ្ញវ័ន្ត​ត្រូវ​ខំរៀន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​មាន​ប្រសាសន៍​ថ្លែងប្រាប់​ទៅ​កាន់​ក្មួយ​ៗ​ជា​សិស្សានុសិស្ស​ជាង​៥០០​នាក់ ថ្នាក់បឋមសិក្សា​ថា នៅ​ក្នុង​វ័យក្មេង បើ​មានឱកាស​រៀនសូត្រ​ត្រូវ​តែ​ចាប់​ឱ្យ​ជាប់

រាជធានី​ភ្នំពេញ ៖ លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​មាន​ប្រសាសន៍​ថ្លែងប្រាប់​ទៅ​កាន់​ក្មួយ​ៗ​ជា​សិស្សានុសិស្ស​ជាង​៥០០​នាក់ ថ្នាក់បឋមសិក្សា​ថា នៅ​ក្នុង​វ័យក្មេង បើ​មានឱកាស​រៀនសូត្រ​ត្រូវ​តែ​ចាប់​ឱ្យ​ជាប់ ហើយ​ខិតខំ​ប្រឹងប្រែង​ឱ្យ​ខ្លាំង ដើម្បី​ក្លាយ​ខ្លួន​ជា​បញ្ញវ័ន្ត ជា​អ្នកដឹកនាំ​ដ៏​ឆ្នើម និង​ជា​សសរទ្រូង​រឹង​មាំ​នៃ​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​មុខ ។

ការ​ថ្លែង​របស់​លោក​អភិបាលរង​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៦៧ នៃ​ទិវា​កុមារ​អន្តរជាតិ ១ មិថុនា ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​បរិវេណ​នៃ​សាលា​បឋម​សិក្សា​សន្សំ​កុសល ស្ថិត​ក្នុងភូមិ​សន្សំ​កុសល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ឆ្លៀត​ក្នុង​ឱកាស​ខាងលើ​នេះ​ដែរ លោក​ឌី រ័​ត្ន​ខេ​ម​រុណ បាន​ឡើង​អាន​នូវ​សារ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដល់​ក្មួយ​ៗ ដែល​មាន​ខ្លឹមសារ​អប់រំ​ណែនាំ​ល្អ​ៗ​ជា​ច្រើន លាយ​លំនឹង​អត្ថន័យ​រំលឹក​ខួប​ទិវា​កុមារ​០១ មិថុនា​ផង​ដែរ ។ ក្នុង​ឱកាស​ដដែល​នោះ​លោក​អភិបាលរង ក៏​បាន​មាន​ប្រសាសន៍​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ក្មួយ សិស្សានុសិស្ស​ជាង​៥០០​នាក់​ខាងលើ និង​ណែនាំ​ឱ្យ​ក្មួយ​ៗ​ត្រូវ​ចៀស​ឆ្ងាយ​ដាច់ខាត​ពី​អំពើ​អប្បាយមុខ​នានា ជា​ពិសេស​ការ​សេពគប់​មិត្តភក្តិ​មិនល្អ​មួយ​ចំនួន​ដែល​សង្គម​ជាតិ​រើសអើង និង​ស្អប់ខ្ពើម ។ បន្ថែម​ពី​នេះ ក្មួយ​ៗ​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់​រៀនសូត្រ​ឱ្យ​បាន​ច្រើន ព្រោះ​ឱកាស​នៃ​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ក្នុង​ភាព​ក្មេង​វ័យ គឺជា​អំ​ពូ​ល​ភ្លើង​ដ៏​ភ្លឺ​សម្រាប់​បំភ្លឺ​ផ្លូវ​ដំណើរ​អនាគត​របស់​យើង​នា​ពេល​ខាង​មុខ ។

សូម​បញ្ជាក់​ថា ក្នុង​សាលា​បឋម​សិក្សា​សន្សំ​កុសល​ខាងលើ​នេះ មាន​សិស្សានុសិស្ស​ទាំងអស់​សរុប​២.០២២​នាក់ ស្រី​ចំនួន​១.២២៤​នាក់ ក្នុង​នោះ​សិស្ស​ក្រីក្រ​ដែល​ជួប​ការ​លំបាក​មាន​២៧២​នាក់​ផង​ដែរ ។

ជា​ចុង​ក្រោយ លោក​អភិបាលរង​បាន​ឧបត្ថម្ភ​ថវិការ​ផ្ទាល់ខ្លួន​ចំនួន​៦០​ម៉ឺន​ដល់​សិស្ស​ក្រីក្រ​ខ្លាំង​បំផុត ចំនួន​៣០​នាក់ ដោយ​ក្នុង​ម្នាក់​ទទួល​បាន​២​ម៉ឺន​រៀល ។ ក្នុង​នោះ​សិស្ស​ទាំង​៣០​នាក់ ក៏​បាន​ទទួល​ការ​ឧបត្ថម្ភ​ជា​សម្ភារៈ​រៀនសូត្រ​មាន​ប៊ិ​ច ជ័រលុប ដែក​ខ្មៅ សៀវភៅ កា​តាប​រៀន រួម​ទាំង​ឯកសណ្ឋាន​សិស្ស​ម្នាក់​១​ឈុត​ផង​ដែរ ។ បន្ថែម​ពី​នោះ លោក​អភិបាលរង​ក៏​បាន​ឧបត្ថម្ភ​ជូន​លោកស្រី​នាយ​ការ​សាលា​ចំនួន​២០​ម៉ឺន​រៀល​ផង​ដែរ ដើម្បី​ដោះស្រាយ​ការ​លំបាក​ក្នុង​សាលា​ជា​ប្រចាំ ៕