ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាក្តី​​​ខ្មែរក្រហម​ចាប់ផ្តើម​បើក​សវនា​ការ​​បណ្តឹង​​សា​ទុក្ខ​របស់ឌុច ​​ក្នុង​សំណុំ​រឿង​​​០០១

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​វេលាម៉ោ​​ង​៩ព្រឹក​ថ្ងៃទី​​​២៨ មីនា ២០១១ ​​​ដូច​ការ​គ្រោងទុក ​ដំណើរ​ការ​​​សវនាការ​​លើ​​បណ្តឹង​​សា​ទុក្ខ​ក្នុងសំណុំរឿង​​ក្តី​០០១ ​របស់កាំង​ ហ្គេច​អា៊វ ​ហៅឌុច ​​អតីត​មេ​គុក​​ទួល​​​ស្លែង ​​នៅ​តុលាការ​​កំពូលបាន​​ចាប់​ផ្តើម​​​​ដោយ​មានការ​ចូលរួម​​តែ​សហ​មេ​ធាវី និង​ចៅ​ក្រម​ប៉ុណ្ណោះ ​ហើយ​សវនាការ​នេះ​ចាប់​ផ្តើម​​ពីថ្ងៃ​​ទី​​២៨ ដល់ថ្ងៃទី​​៣១ មីនា ​២០១១ ។​

ក្នុង​បន្ទប់​សវនាការ​​មាន​ជនជាប់​ចោទ​​កាំង​ ហ្គេច​អ៊ាវ ​ហៅឌុច អតីតមេ​គុក​ទួលស្លែង ​​ដែល​​ជា​ដើម​បណ្តឹង​​សាទុក្ខ​ សហ​មេធាវី​ទាំង​​២រូប​ ​សហ​​ព្រះរាជ​អាជ្ញា រួមទាំង​សហ​ចៅក្រម​ជំនុំ​ជម្រះ​​តុលាការ​​កំពូលដែល​មាន​​សមាស​ភាព​​៧​រូប និង​​ចៅក្រម​​បម្រុង​​​២រូប ។ ឌុច​បាន​និយាយ​ថា គាត់នៅ​តែ​បន្ត​ដាក់​បណ្តឹង​​សាទុក្ខ​​នេះ​ដដែល ហើយបានផ្តល់​សិទ្ធិ​​ទៅ​ឱ្យ​សហ​មេធាវី​របស់គាត់ ។ ​មេ​ធាវី​​របស់ឌុច​ លោក​​ការ សាវុធ ​បាន​ថ្លែង​ថា សាលា​ក្តី​​​នេះ​កាត់ទោស​ទៅលើ​តែមេ​ដឹក​នាំ​​​ជាន់ខ្ពស់​បំផុត ​និងអ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​ប៉ុណ្ណោះ ។​

លោក​កាំង ហ្គេច​អ៊ាវ ហៅ ឌុច ត្រូវបាន​ចោទ​​ប្រកាន់ពីបទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ដែល​បានប្រព្រឹត្ត​នៅ​មន្ទីរ​ ស-២១ ហៅ​គុកទួលស្លែង និងទីតាំងផ្សេងទៀត ដែលជាប់ពាក់ព័ន្ធ​ក្នុង​អំឡុងរបបកម្ពុជា​ប្រជា​ធិប​តេយ្យ​ខ្មែរក្រហម។ ឌុច ត្រូវបានអង្គជំនុំ​ជម្រះ​សាលាដំបូង​ផ្តន្ទា​ទោស ដាក់ពន្ធនាគារ​រយៈ​ពេល​៣៥​ឆ្នាំ​កាត់​កង​នៅ​សល់​១៩ឆ្នាំ​។

យោងតាម​មន្ត្រី​សាលាក្តីឱ្យ​ដឹងថា មេធាវី​ការ​ពារ ក្តី សហព្រះរាជអាជ្ញា និងដើម​បណ្តឹង​​សាទុក្ខ (ឌុច)​បានដាក់ប្តឹងសាទុក្ខប្រឆាំង​នឹង​សាលក្រមរបស់​អង្គជំនុំជម្រះសាលាដំបូង ដែល​កាត់​​ឌុច ឱ្យ​ជាប់ទោស​​៣៥​ឆ្នាំ​។ សវនាការនៅថ្ងៃ​ទី​២៨ មីនា ដល់ថ្ងៃទី៣១ មីនា ២០១១ មិន​មាន​​សាក្សី ឬ​ស្ថាប័ន​ជំនាញពាក់ព័ន្ធ​​ចូលរួម​ទេ ហើយក៏មិនជជែកពីអង្គ​ហេតុនៃការធ្វើទារុណ​កម្មសម្លាប់មនុស្សនៅគុក​ទួលស្លែងដែរ​។ សវនា​ការនៅអង្គជំនុំ​ជម្រះ​តុលាការកំពូលលើ​ក​នេះ​​និយាយអំពី​ថាតើឌុច ជាអ្នក​ទទួលខុសត្រូវខ្ពស់​បំផុតក្នុងរបបខ្មែរក្រហម ឬ​យ៉ាង​ណា​? ហើយ​ការ​ផ្តន្ទា​ដល់​ទោស​ឌុច រយៈពេល​៣៥​​ឆ្នាំ​នោះ ជា​​ការ​​សម​ស្រប​ដែរឬទេ?