ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងឋានសួគ៌​បាន​ម្តង ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​បបរគ្រឿង​ម្នាក់​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ ហើយ​បាន​ឈាន​ដល់​ការ​ណាត់គ្នា​ទៅ​ក្រេបទឹក​ឃ្មុំ​

រាជធានី​ភ្នំពេញ ៖ បុរស​អ្នកលក់​បបរគ្រឿង​ម្នាក់​បាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់ ហើយ​បាន​ឈាន​ដល់​ការ​ណាត់គ្នា​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​យ៉ាង​ត្រេកត្រអាល ខណៈនោះ​ត្រូវ​នាង​ដាក់​ថ្នាំ​សណ្ដំ​នៅ​ក្នុង​ទឹកក្រឡុក​ឲ្យ​ផឹក​បណ្ដាល​ឲ្យ​សន្លប់​លែង​ដឹងខ្លួន ។ បន្ទាប់​មក​ស្ត្រី​ម្នាក់​នោះ​បាន​ដោះ​យក​គ្រឿងអលង្ការ ប្រមូល​យក​លុយ និង​ម៉ូតូ ជិះ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព ។ រយៈពេល​១​យប់​១​ថ្ងៃ​ក្រោយមក​ទើប​ម្ចាស់ផ្ទះ​សំណាក់​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ដេក​សន្លប់​នៅ​ក្នុង​បន្ទប់ ក៏​បាន​ទាក់ទង​ទៅ​សាច់ញាតិ​ឲ្យ​ទៅ​ទទួលយក​បុរស​នោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ និង​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ប៉ូលិស​ចោម​ចៅ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​គ​ន្ធា ប៊ុ​ន ហេង​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខ​ញ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​ឈ្មោះ ឌឹ​ម ប៊ុ​ន​លី អាយុ​៣១​ឆ្នាំ មុខរបរ​លក់​បបរគ្រឿង មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រែក​ប្រសព្វ ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ និង​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជន​រង​គ្រោះ​ត្រូវ​ថ្នាំ​សណ្ដំ​អស់​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-6983, ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ​ទម្ងន់​៥​ជី និង​លុយ​ចំនួន​ជាង​៤០​ម៉ឺន​រៀល​ផង​ដែរ ។ ចំណែក​ស្ត្រី​ដៃ​ឆើត​ត្រូវ​បាន​ជន​រង​គ្រោះ​ប្រាប់​ថា​ឈ្មោះ ស្រី​ពៅ អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​ភូមិ​អង្គ​នោះ​ដែរ ។

បុរស​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា ខ្លួន​និង​ស្ត្រី​ម្នាក់​នោះ​បាន​ទំនាក់ទំនង​គ្នា​តាម​រយៈ​ទូរស័ព្ទ​ច្រើន​ថ្ងៃ​មក​ហើយ លុះដល់​ថ្ងៃ​កើតហេតុ ខ្លួន​និង​នាង​បាន​ឈាន​ដល់​ការ​ណាត់ជួប​គ្នា​នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​ខាងលើ ហើយ​បាន​ជិះ​ម៉ូតូ​ទៅ​ឌុ​ប​នាង​ទៅ​កាន់​ផ្ទះសំណាក់​យីហោ «​គ​ន្ធា ប៊ុ​ន ហេង​» ប៉ុន្តែ​មុន​ពេល​ទៅ​ផ្ទះសំណាក់​ខ្លួន​បាន​ឈប់​ទិញ​ទឹកក្រឡុក​សិន លុះ​ចូល​ទៅ​ដល់​ក្នុងផ្ទះ​សំណាក់ ពួក​យើង​ក៏​បាន​នាំ​គ្នា​ឡើងឋានសួគ៌​បាន​ម្ដង បន្ទាប់​មក​នាង​ម្នាក់​នោះ​បាន​លួងលោម​ឲ្យ​ខ្លួន​ផឹកទឹក​ក្រឡុក​ដោយ​ប្រាប់​ថា​ដើម្បី​ឲ្យ​មាន​កម្លាំង​ដើម្បី​ឡើងឋានសួគ៌​បន្ត​ទៀត ។ ពេល​នោះ​ខ្លួន​បាន​ប្រកែក​ដែរ ប៉ុន្តែ​ដោយសារ​តែ​នាង​អង្វរ​ខ្លាំង​ពេក​ទើប​ដាច់​ចិត្ត​ផឹក បន្ទាប់​មក​ក៏​ស្រាប់តែ​ងងុយដេក និង​សន្លប់​លែង​ដឹងខ្លួន​រហូត​តែ​ម្ដង ។

ប៉ូលិស​និយាយ​ថា បុរស​នោះ​បាន​សន្លប់​អត់​ដឹងខ្លួន​ទេ និង​បាន​ស្ថិត​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​នោះ​១​យប់​១​ថ្ងៃ រហូត​ដល់​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា ទើប​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ឲ្យ​ទៅ​ទទួលយក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល រហូត​ស្វាង​បន្តិច​ទើបបាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​ចោម​ចៅ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ដើម្បី​ឲ្យ​កម្លាំង​ប៉ូលិស​ជួយ​អន្តរាគមន៍​ស្វែងរក​ស្ត្រី​សង្ស័យ​ខាងលើ​នោះ ។ ប៉ុន្តែ​គេ​មិនដឹង​ថា តើ​ប៉ូលិស​អាច​ស្វែងរក​ឃើញ ឬ មិនឃើញ​នោះ​ឡើយ ហើយ​នៅ​ក្នុង​ពេល​ទៅ​ដាក់​ពាក្យបណ្ដឹង​នោះ​បុរស​រង​គ្រោះ​មិន​ទាន់​មាន​អាកា​រៈ​ស្វាង​ទាំងស្រុង​នៅឡើយ​ទេ គឺ​នៅ​មាន​សភាព​ធី​ង​ធោ​ង មិន​ទាន់​អស់​ជាតិ​ថ្នាំ​សំ​ណ្ដំ​នៅឡើយ ៕