ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ANA ទទួល​បាន​អាជ្ញាប័ណ្ណ​ហោះហើរ​ពី​តូ​ក្យូ​-​ភ្នំពេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយសារ​កម្ពុជា​សម្បូរ​ដោយ​ប្រាង្គ​ប្រាសាទបុរាណ ពិសេស​ប្រាសាទអង្គរវត្ត​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក និង​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់​ស្អាត ព្រមទាំង​ជា​គោលដៅ​ទេសចរណ៍​ប្រកប

រាជធានី​ភ្នំពេញ ៖ ដោយសារ​កម្ពុជា​សម្បូរ​ដោយ​ប្រាង្គ​ប្រាសាទបុរាណ ពិសេស​ប្រាសាទអង្គរវត្ត​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក និង​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់​ស្អាត ព្រមទាំង​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សក្ដានុពល បូក​រួម​ទាំង​កំណើនសេដ្ឋកិច្ច​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ បាន​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ក្រសែភ្នែក​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​មក​បណ្ដាក់ទុន​វិនិយោគ​ជា​បន្ដបន្ទាប់ និង​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។ អ្វី​ដែល​កាន់តែ​ជាទី​ទុកចិត្ត​នោះ គឺ​ស្ថិរភាព​នយោបាយ សន្ដិសុខ និង​ច្បាប់​វិនិយោគ​មាន​តម្លាភាព​។ ដោយ​ឈរ​លើក​ត្ដា​ទាំងនេះ ក្រុមហ៊ុន​អាកាសចរណ៍ ANA (All Nippon Airway) បាន​មើលឃើញ​ពី​កំណើន​នៃ​តម្រូវការ​ជើងហោះហើរ​រវាង​ប្រទេស​ទាំង​ពីរ​ជប៉ុន​-​កម្ពុជា ។

ដោយ​ទទួល​បាន​អាជ្ញាប័ណ្ណ​ហោះហើរ​ពី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា ក្រុមហ៊ុន​នេះ​បាន​ប្រកាស​បើក​ប្រតិបត្តិការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​តូ​ក្យូ មក​កាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦ ខាង​មុខ​នេះ ។

ក្នុង​ពិធី​ប្រគល់​អាជ្ញាប័ណ្ណ​ហោះហើរ​រវាង​ទីក្រុង​តូ​ក្យូ​-​រាជធានី​ភ្នំពេញ ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ជូន​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន All Nippon Airway (ANA) នា​រសៀល​ថ្ងៃ​ទី​២៦ ឧសភា នៅ​វិមាន​មិត្តភាព​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក​បណ្ឌិត សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី និង​លោក យូ​ជិ គូ​ម៉ា​ម៉ា​រុ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថា នៅ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦ ខាង​មុខ ជើងហោះហើរ​ទី​១ នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ជប៉ុន រវាង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន និង​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ក្នុង​កម្មវិធី​ហោះហើរ​ត្រង់​៧​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ដោយ​ប្រើ​យន្តហោះ​ទំនើប​ប្រភេទ​ប៊ូ​អីុ​ង​៧៨៧ (Boing 787) ។

លោក​បណ្ឌិតសភា​ចា្យ សុខ អាន បាន​មាន​ប្រសាសន៍​ថា ៖ « ក្នុង​នាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​ការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​យើង​ទាំង​ពីរ ជា​ពិសេស កា​រត​ភ្ជាប់​ផ្លូវអាកាស​រវាង​រាជធានី​ទាំង​ពីរ គឺ​ទីក្រុង​តូ​ក្យូ និង​រាជធានី​ភ្នំពេញ » ។

រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ «​បើកចំហ​ជើងមេឃ​» ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដែល​ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋ​កិច្ច។ ដូច្នេះ ការ​ហោះហើរ​ត្រង់​រវាង​រាជធានី​ទាំង​ពីរ នឹង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​បន្ថែម​ទៀត​ដល់​កំណើន​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ និង​កា​រត​ភ្ជាប់​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

លោក​បាន​បញ្ជាក់​ថា ៖ « ថ្ងៃនេះ​ក៏​ជា​ឱកាស​ដ៏​មាន​សារសំខាន់ ដោយ​កិច្ចព្រមព្រៀង​ស្ដី​ពី​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​១៤ មក​រា ឆ្នាំ​២០១៥ បាន​ចូល​ជា​ធរមាន បន្ទាប់​ពី​ការ​ផ្លាស់​ប្ដូរ​កំណត់​ទូត​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​យើង​ទាំង​ពីរ ។ កិច្ចព្រមព្រៀង​នេះ​ផ្ដល់​នូវ​ឱកាស​ពាណិជ្ជកម្ម​ស្មើគ្នា និង​ធានា​នូវ​សុវត្ថិភាព និង​សន្ដិសុខ​អាកាសចរណ៍​ដល់​បណ្ដា​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​នៃ​ប្រទេស​ទាំង​ពីរ » ។

ក្នុង​ឱកាស​នោះ លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល​កម្ពុជា បាន​ប្រគល់​អាជ្ញាប័ណ្ណ​ហោះហើរ​ជូន​លោក ស៊ូ​អ៊ិ​ជិ ហ៊្វូ​ជិ​មូរ៉ា (Shuichi Fujimura) អនុប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន All Nippon Airway (ANA) ។

សូម​បញ្ជាក់​ថា ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​របស់​កម្ពុជា ហើយ​វិស័យ​នេះ​នៅ​តែ​ជា​វិស័យ​មួយ​ដែល​កំពុង​រីក​លូតលាស់​លឿន​បំផុត ។ កាលពី​ឆ្នាំ​២០១៥ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​ទទួល​អ្នកដំណើរ​ជាង​៣​លាន​នាក់ កើនឡើង​១៥,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។

អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ទទួល​អ្នកដំណើរ​ជាង​៣,៣​លាន​នាក់ កើនឡើង​៩% ធៀប​នឹង​ឆ្នាំ​២០១៤​។ សរុប​មក នៅ​ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​បាន​ទទួល​អ្នក​ដំណើរ​​តាម​ផ្លូវអាកាស​ចំនួន​៦,៣​លាន​នាក់ មក​ពី​អាកាសយានដ្ឋាន​ចំនួន​១១៩​នៃ​៤៣​ប្រទេស មានការ​កើនឡើង​ជាង​១២% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ។

ចំណែក​ចំនួន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កើនឡើង​លើស​៤,២​លាន​នាក់ ហើយ​ចំនួន​អ្នកដំណើរ​ឆ្លងកាត់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប នឹង​កើនឡើង​ដល់​៥​លាន​នាក់ នៅ​ត្រឹម​ឆ្នាំ​២០២០ ។ ដើម្បី​ជា​ការ​គាំទ្រ​ដល់​គោលនយោបាយ​ទីផ្សារ​អាកាសចរណ៍​អាស៊ាន​តែ​មួយ (ASEAN Aviation Single Market – ASAM) ប្រទេស​កម្ពុជា​ក៏​បាន​សម្រេច​ការងារ​ពង្រីក​ស្ថានីយ​អ្នកដំណើរ និង​កន្លែង​ស្ដុក​ទំនិញ​ផង​ដែរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន នៃ​តម្រូវការ​ក្នុង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស ។

បច្ចុប្បន្ន អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា គឺ​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ កំពុង​តែ​បម្រើសេវា​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ចំនួន​២៩​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​៤​ក្រុមហ៊ុន ដែល​ធ្វើការ​ហោះហើរ​ជាង​២០០​ជើង​ក្នុង​មួយ​ថ្ងៃ ។ ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airway នឹង​ក្លាយទៅជា​ក្រុមហ៊ុន​អាកាស​ចរណ៍​បរទេស​ទី​៣០ ដែល​ដំណើរការ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

គួរ​រំឭក​ថា កាលពី​ខែមករា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​អនុស្សរណៈ​ស្ដី​ពី​ការ​ហោះហើរ ដែល​បើកផ្លូវ​ឲ្យ​មាន​ប្រតិបត្តិការ​ជើងហោះហើរ​នេះ ។

ការ​​ហោះហើរ​ត្រង់​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា ត្រូវ​បាន​គេ​រំពឹង​ថា អាច​សន្សំ​សំចៃ​ពេលវេលា​ហោះហើរ​បាន​ប្រមាណ​ជា​៣​ម៉ោង ដែល​ជា​ធម្មតា ការ​ហោះហើរ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា ត្រូវ​ឆ្លងកាត់​ប្រទេស​ថៃ ឬ​វៀតណាម ។

ការ​ចាប់ផ្ដើម​ប្រតិបត្តិការ​ជើងហោះហើរ​ត្រង់​មក​កាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អាណា ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​មាន​ប្រតិបត្តិការ​ជើងហោះហើរ​រវាង​អាកាសយានដ្ឋាន​ណា​រី​តា និង​អាកាសយានដ្ឋាន​នៃ​ប្រទេស​អាស៊ាន​ចំនួន​៨ លើកលែង​ប្រទេស​ឡាវ និង​ព្រុយ​ណេ ។

តាម​របាយការណ៍​ក្រសួងទេសចរណ៍​បាន​បង្ហាញ​ថា រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៦​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ចំនួន​១.៣៤២.៤៧៧​នាក់ កើនឡើង​២,៦​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៥ ក្នុង​នោះ​តាម​ផ្លូវអាកាស​មាន​ចំនួន​៧៨៥.០៣៧​នាក់ ស្មើនឹង​៥៨,៥​ភាគរយ នៃ​ចំនួន​សរុប កើនឡើង​៧​ភាគរយ ។ ចំណែក​ភ្ញៀវ​ទេសចរ​ជប៉ុន​ដែល​មក​កម្ពុជា​ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​នេះ មាន​ចំនួន​៥៥.៧៥៩​នាក់ ៕