ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាន​ធ្វើ​ជា​ប្រធាន​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៥ ប្រកបដោយ​ជោគជ័យ

7 ឆ្នាំ មុន

កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៥ (​នា​ថ្ងៃ​ទី​២៥-២៧ ខែឧសភា ឆ្នាំ​២០១៦) ដែល​បាន​ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​អគ្គនាយក​គយ

កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៥ (​នា​ថ្ងៃ​ទី​២៥-២៧ ខែឧសភា ឆ្នាំ​២០១៦) ដែល​បាន​ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​អគ្គនាយក​គយ​អាស៊ាន​ទាំង​ដប់​ប្រទេស​, រដ្ឋបាល​គយ​ចិន​, រដ្ឋបាល​គយ​ជប៉ុន​, រដ្ឋបាល​គយ​កូរ៉េ​, ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អា​មេ​រិ​ក​, ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អឺរ៉ុប​, បញ្ញើ​រហ័ស​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​, ការិយាល័យ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ទទួល​បន្ទុក​កសាង​សមត្ថភាព​របស់​អង្គការ​គយ​ពិភពលោក សភាពាណិជ្ជកម្ម​កម្ពុជា និង​មន្ត្រី​លេខាធិការដ្ឋាន​អាស៊ាន  នៅ​សណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានី​ភ្នំពេញ បាន​បញ្ចប់​ដោយ​រលូន និង​ជោគជ័យ​តាម​ការ​គ្រោងទុក​។

ជា​លទ្ធផល  កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៥ នេះ  បាន​សម្រេច និង​ឯកភាព​លើ​ការងារ​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១-​ពិនិត្យ​វឌ្ឍនភាព​ការងារ​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​គយ ២០១៦-២០២០ ដែល​អនុវត្ត​ដោយ​ក្រុមការងារ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​នីតិវិធី​គយ​, ក្រុមការងារ​អនុវត្ត​ច្បាប់​គយ និង​អនុលោម​ភាព និង​ក្រុមការងារ​កសាង​សមត្ថភាព​ចំណេះដឹង​គយ

២-​អនុម័ត​លើ​ផែនការ​គោលដៅ​ទូលំទូលាយ​របស់​រដ្ឋបាល​គយ​អាស៊ាន​ឆ្នាំ​២០១៦-២០២៥

៣-​អនុម័ត​លើ​គម្រោង​ក្រុមការងារ​គ្រប់គ្រង​មជ្ឈមណ្ឌល ប្រព័ន្ធ​ឆ្លងកាត់​គយ​អាស៊ាន

៤-​ព​ន្លឿ​ន​ការ​អនុម័ត​តារាង​នាមវលី​ពន្ធគយ​អាស៊ាន​ឆ្នាំ​២០១៧ ដែល​មាន​៩៧​ជំពូក នា​ពេល​ដ៏​ខ្លី​សម​ស្រប​ខាង​មុខ

៥-​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ព​ន្លឿ​ន​នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន​ក្នុង​ការ​រៀបចំ និង​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាស៊ាន លើ​ពិធីសារ​ទី​២ ស្តី​ពី​ការ​កំណត់​មាត់ច្រក​ព្រំដែន​ឆ្លងកាត់

៦-​ជំរុញ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន​ព​ន្លឿ​ន​នីតិវិធី​ផ្ទៃក្នុង​របស់​ខ្លួន ក្នុង​ការ​ផ្តល់​សច្ចាប័ន​លើ​ពិធីសារ​ទី​៧ ស្តី​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​ឆ្លងកាត់

៧-​ជ្រើសរើស​រដ្ឋបាល​គយ​កម្ពុជា​ធ្វើ​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​គយ​អាស៊ាន​លើក​ទី​២៥ និង​លើក​ទី​២៦ សម្រាប់​ឆ្នាំ​២០១៦-២០១៧​។

ទន្ទឹម​នេះ កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន ក៏​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​គណៈប្រតិភូ​រដ្ឋបាល​គយ​ចិន ជប៉ុន កូរ៉េ និង​ការិយាល័យ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​ទទួល​បន្ទុក​កសាង​សមត្ថភាព​របស់​អង្គការ​គយ​ពិភពលោក ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ និង​ពិភាក្សា​យុទ្ធសាស្ត្រ​ក្នុង​ការ​លើកកម្ពស់​កម្រិត​កិច្ច​សហប្រតិបត្តិការ​ពាក់ព័ន្ធ​នឹង​ការងារ​គយ ហើយ​បាន​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​វិស័យ​ឯកជន​សំខាន់​ៗ​ចំនួន​បី​រួម​មាន ១-​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អា​មេ​រិ​ក  ២-​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​អាស៊ាន​-​អឺរ៉ុប និង​៣-​បញ្ញើ​រហ័ស​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​រវាង​រដ្ឋបាល​គយ និង​វិស័យ​ឯកជន ដើម្បី​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។

ឆ្លៀតឱកាស​ក្នុង​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៥ នេះ គណៈប្រតិភូ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដឹកនាំ​ដោយ​លោក​បណ្ឌិត គុណ ញឹ​ម មាន​ប្រារព្ធ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​រដ្ឋបាល​គយ​កម្ពុជា និង​រដ្ឋបាល​គយ​ចំនួន​៥ រួម​មាន ១-​រដ្ឋបាល​គយ​ចិន  ២-​រដ្ឋបាល​គយ​កូរ៉េ  ៣-​រដ្ឋបាល​គយ​ថៃ  ៤-​រដ្ឋបាល​គយ​វៀតណាម និង​៥-​រដ្ឋបាល​គយ​ឡាវ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ចការ​គយ​។ លើស​ពី​នេះ  អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​បាន​ប្រជុំ​ទ្វេភាគី​ជាមួយ​សមាគម​វិស័យ​ឯកជន​សំខាន់​ៗ​ចំនួន​៣​ខាងលើ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហការ​រវាង​រដ្ឋបាល​គយ​កម្ពុជា​-​វិស័យ​ឯកជន  ពិភាក្សា​លើ​បញ្ហា និង​សំណូមពរ ព្រមទាំង​ពិនិត្យ​រក​ដំណោះស្រាយ ដើម្បី​កែ​លម្អ​បរិយាកាស​វិនិយោគ និង​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។

កិច្ចប្រជុំ​បាន​បញ្ចប់​ប្រកបដោយ​ជោគជ័យ ក្នុង​បិ​រ​យា​កាស​សហ​ប្រ​តិ្ត​ប​ត្តិ​ការ និង​មិត្តភាព​ស្និទ្ធស្នាល​។ កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៦ នឹង​ប្រព្រឹត្ត​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី នា​ឆ្នាំ​២០១៧​។