ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​លុយ​១៥.០០០​រៀល​មិន​បាន​វាយ​បែកក្បាល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​បណ្តើរ​ម៉ូតូ​សុខ​ៗ ក៏​មាន​ជន​មួយ​ក្រុម​ដើរមក​ក្បែរ​សុំ​លុយ​១៥.០០០​រៀល តែ​បុរស​នោះ​មិន​ព្រម ត្រូវ​ជន​មួយ​ក្រុម​វាយ​បែកក្បាល និង​ធាក់​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​បណ្តើរ​ម៉ូតូ​សុខ​ៗ ក៏​មាន​ជន​មួយ​ក្រុម​ដើរមក​ក្បែរ​សុំ​លុយ​១៥.០០០​រៀល តែ​បុរស​នោះ​មិន​ព្រម ត្រូវ​ជន​មួយ​ក្រុម​វាយ​បែកក្បាល និង​ធាក់​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២៧ ឧសភា ២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ​កែវ​ផ្លូវជាតិ មុខកា​រ៉ា​ស់​សាំង​តេ​លា ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​មានឈ្មោះ លី នឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​លើក​កា​តុង​នៅ​ក្រុមហ៊ុន​ផែស្ងួត​តេ​ង​ឡាយ ស្នាក់​នៅ​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ទាំង​ខ្លួន​ស្រវឹង និង​របួស​បែក ក្បាល​ថា មុន​ពេល​កើតហេតុ រូប​គាត់​បាន​ជួបជុំ​អ្នកធ្វើការ​ជាមួយ​គ្នា​នៅ​កន្លែង​ធ្វើ​ការ​​មាន​គ្នា ៥​ទៅ​៦​នាក់ ផឹកស្រា​ថ្នាំ​អស់​មួយ​លី​ត្រ គាត់​ក៏​បាន​សុំ​ចេញ​មក​មុន ព្រោះ​ស្រវឹង​ហើយ ខ្លាច​ទៅ​ផ្ទះ​អត់​រួច ខណៈ​ពេល​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1W-7438 លុះ​ជិត​មក​ដល់​កន្លែង​កើតហេតុ ម៉ូតូ​របស់​គាត់​បាន​រលត់​អត់​ឆេះ ហើយ​គាត់​បាន​បណ្តើរ​ម៉ូតូ​ទាំង​ស្រវឹង​ទ្រេតទ្រោត ស្រាប់តែ​លេចមុខ​ជន​មួយ​ក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់ បាន​ដើរមក​ជិត​គាត់ ហើយ​បាន​សុំ​លុយ​ចំនួន​១៥.០០០​រៀល តែ​គាត់​ប្រាប់​ថា គ្មាន​លុយ​ទេ ធ្វើ​ឱ្យ​ជន​បង្ក​ព្រួត​គ្នា​វាយ​គាត់​រហូត​បែកក្បាល​ហូរ​ឈាម​ស្រោច​​មុខ  ពេល​នោះ​គាត់​ភ័យ​ពេក​បាន​រត់​ចោល​ម៉ូតូ ក៏​ត្រូវ​ជន​មួយ​ក្រុម​នោះ​បាន​ដេញ​តាម និង​ថែម​ទាំង​ធាក់​គាត់ និង​ម៉ូតូ​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ទៀត​ផង ទើប​ក្រុម​ជន​បង្ក​បាន​នាំ​គ្នា​រត់​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន បាន​ទៅ​ដល់ និង​បាន​សួរនាំ តែ​ដោយ​ឃើញ​ជន​រង​គ្រោះ​ធ្ងន់ បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​ព្យាបាល តែ​គាត់​មិន​ព្រម​ឡើង​រថយន្ត​ទេ ព្រោះ​គ្មាន​លុយ​ព្យាបាល បន្ទាប់​មក​គាត់​ក៏​បាន​បណ្តើរ​ម៉ូតូ​ទាំង​ខ្លួន​របួស​ហូរ​ឈាម​ពេញ​ខ្លួន​ទៅ​ផ្ទះ​ដោយ​ខ្លួនឯង រង់ចាំ​ថ្ងៃក្រោយ​ចាំ​មក​ដាក់​ពាក្យបណ្តឹង​៕