ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការពារ​ព្រៃ​ឬ ? អ្នក​ភូមិ​ក្រខ្សត់​នាំ​គ្នា​ទៅ​ធ្វើ​ខ្ទម​ចាំចម្ការ​កណ្តាល​ព្រៃ មន្ត្រី​ដុត​បំផ្លាញ​ចោល

7 ឆ្នាំ មុន

ខេត្ដមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឡៅ​កា បាន​ចោទ​ថា មាន​មន្ត្រី​បរិស្ថាន​មួយ​ក្រុម​ចុះ​ទៅ​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួក​គាត់​សម្រាប់​ចាំ​ដីស្រែ​ចម្ការ និង​បាន​បំផ្លាញ​សម្ភារ​ប្រើប្រាស់​អស់​ជា​ច្រើន រួម​ទាំង​ស្រូវពូជ​ផង​ដែរ

ខេត្ដមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឡៅ​កា បាន​ចោទ​ថា មាន​មន្ត្រី​បរិស្ថាន​មួយ​ក្រុម​ចុះ​ទៅ​ដុត​បំផ្លាញ​ផ្ទះ​របស់​ពួក​គាត់​សម្រាប់​ចាំ​ដីស្រែ​ចម្ការ និង​បាន​បំផ្លាញ​សម្ភារ​ប្រើប្រាស់​អស់​ជា​ច្រើន រួម​ទាំង​ស្រូវពូជ​ផង​ដែរ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា នៅ​ចំណុច​ស្រែ​រ៉ាវ​ជ្រឹង ក្នុងភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។

មេ​ភូមិ​ឡៅ​កា លោក ខ្លើ​ម មើល បាន​និយាយ​ប្រាប់​កោះសន្តិភាព​ថា គឺ​ខាង​បរិស្ថាន​ជាអ្នក​ដុត ខ្ញុំ​ស្អប់​ណាស់ ហេតុ​អី្វ​ពេល​ប្រជាជន​ចូល​ទៅ​ធ្វើ​មុន​ៗ​មិន​ប្រាប់​ថា ដី​នឹង​ធ្វើ​មិន​បាន​ទេ តែ​នៅ​ពេល​គ្នា​ដាំ​ស្រូវ ដាំ​អី​…​ដុះ​ចេញ​ផ្លែផ្កា​ហើយ​បាន​ទៅ​ដុត​ផ្ទះ និង​វាយ​កម្ទេច​របស់របរ​អស់ ។

លោក​ប្រធាន​ភូមិ​បាន​និយាយ​ទាំង​ក្រហម​មុខ​បន្ត​ថា «​ពេល​នេះ​អ្នក​ភូមិ​កំពុង​នាំ​គ្នា​ផ្តិត​មេដៃ​ស្នើ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ​និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​ជួយ​ចាត់វិធានការ​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​វិញ ព្រោះ​ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​ធ្វើស្រែ​នៅ​ចំណុច​ខាងលើ សុទ្ធតែ​អ្នកមាន​ជីវភាព​ក្រខ្សត់ ទើប​សុខចិត្ត​លំបាក​ចូល​ទៅ​ធ្វើស្រែ​ដល់ទី​នោះ​…» ។

ពលរដ្ឋ​ដែល​រង​នូវ​ការ​ដុត​បំផ្លាញ​ផ្ទះ​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ខេត្ត​នេះ​មាន ១-​ឈ្មោះ ញឹក ខ្វើក អាយុ​៣៧​ឆ្នាំ មានកូន​ក្នុង​បន្ទុក​ចំនួន​៥​នាក់ ២-​ឈ្មោះ ញឹក ណើ​ន មានកូន​ក្នុង​បន្ទុក​ចំនួន​៧​នាក់ ៣-​ឈ្មោះ សុ​ភឿន បឹង មានកូន​ក្នុង​បន្ទុក​ចំនួន​៥​នាក់ ៤-​ឈ្មោះ ញឹ​ង មឿ​ន មានកូន​ក្នុង​បន្ទុក​ចំនួន​៦​នាក់ ៥-​ឈ្មោះ សុ​ភឿន គ្រើ​ន មានកូន​ក្នុង​បន្ទុក​ចំនួន​៨​នាក់ ៦-​ឈ្មោះ​ញឹក ណើ​ម និង​៧-​គឺជា​ផ្ទះ​លោក​មេ​ភូមិ ខ្លើ​ម មើល​។

ប្រជាពលរដ្ឋ​ទាំង​៧​គ្រួ​សារបាន​ឲ្យ​ដឹង​ថា ដី​ដែល​បាន​ធ្វើស្រែ​និង​សាងសង់​ផ្ទះ​នោះ​ជា​ដី​ព្រៃ​ចាស់​រេចរឹល ទើប​ពួក​គាត់​នាំ​គ្នា​ទៅ​ធ្វើ​បាន​ពីរ​បី​ឆ្នាំ​មក​ហើយ មិន​ដែល​មាន​នរណា​ទៅ​រំខាន​ឬ​ធ្វើបាប​ពួក​គាត់​ឡើយ ។ ស្រាប់តែ​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា មាន​មន្ត្រី​បរិស្ថាន​ខេត្ត​៥​ទៅ​៨​នាក់ ចូល​ទៅ​ដុត​បំផ្លាញ​ផ្ទះ​និង​សម្ភារ​របស់​ពួក​គាត់​ចោល​តែ​ម្ដង សាហាវ​ណាស់ ។

ប្រជាពលរដ្ឋ​បន្ត​ថា កន្លង​មក​ដី​កន្លែង​នេះ មាន​រថយន្ត​ដឹកឈើ​ទាំង​យប់​ទាំង​ថ្ងៃ តែ​មិន​ដែល​ឃើញ​មាន​មន្ត្រី​បរិស្ថាន​ចាប់​បង្ក្រាប​ទេ ឃើញ​តែ​ទៅ​ឈរ​ចាំ​យក​លុយ​ប៉ុណ្ណោះ ហើយ​ករណី​នេះ វា​អយុត្តិធម៌​សម្រាប់​ពួក​គាត់​ណាស់​។ អ្នក​ភូមិ​ក៏​បាន​សំណូមពរ​ដល់ ប្រមុខ​រាជរដ្ឋាភិបាល មេត្តា​ជួយ​ដោះស្រាយ​រឿង​នេះ​ដល់​ពួក​គាត់​ផង ដើម្បី​មាន​ដី​ធ្វើស្រែ​ចិញ្ចឹមជីវិត ។

គួរ​កត់​សម្គាល់ថា ម្នាក់​ៗ​កូន​មួយ​កន្ទេល​បែប​នេះ ប្រាកដជា​ក្រ​មែនហើយ ម្ចាស់​ថ្លៃ​អើយ ….. ចំណែក​ខាង​មន្ត្រី​បរិស្ថាន​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា អ្នក​យក​ព័ត៌មាន​នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ៕