ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ទោស​អ្នក​វាយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា បាន​លើកយក​សំណុំរឿង​វាយ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីរ​រូប​នៅ​ក្បែរ​វិមាន​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ កន្លង​ទៅ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ឧសភា បាន​លើកយក​សំណុំរឿង​វាយ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ពីរ​រូប​នៅ​ក្បែរ​វិមាន​រដ្ឋសភា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ កន្លង​ទៅ មក​ប្រកា​ល​សាលក្រម​ជា​ផ្លូវការ ។

លោក​ចៅក្រម ហេង សុខ​ណា បាន​សម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​វាយ​តំណាងរាស្ត្រ​ឈ្មោះ ចាយ សា​រិ​ទ្ធ ឈ្មោះ ម៉ៅ ហឿ​ន និង​ឈ្មោះ ស៊ុត វណ្ណ​នី  ក្នុង​ម្នាក់​ៗ ជាប់​ពន្ធនាគារ​ចំនួន​៤​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ត្រឹមតែ​១​ឆ្នាំ ចំណែក​៣​ឆ្នាំ​ទៀត​ត្រូវ​បាន​ព្យួរ ។ ជាមួយ​គ្នា​នេះ​ក៏​ត្រូវ​ពិន័យ​ក្នុង​ម្នាក់​ៗ ចំនួន​៦​លាន​រៀល ។ ជនជាប់ចោទ​ទាំង​៣​រូប​ខាងលើ​នេះ តុលាការ​បាន​តម្រូវ​ឲ្យ​សង​សំណង​ជម្ងឺ​ចិត្ត​ទៅ​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ គង់ សភា ចំនួន​៤០​លាន​រៀល និង​ឈ្មោះ ញ៉​យ ចំរើន ចំនួន​៤០​លាន​រៀល​ដូច​គ្នា​ដែរ ។
តុលាការ​បញ្ជាក់​ថា ជនជាប់ចោទ​ទាំង​៣​នាក់ ត្រូវ​បាន​សម្រេច​លើកលែង​ការ​ចោទប្រកាន់ ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ ផង​ដែរ ។

គួរ​កត់​សម្គាល់ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា និង​ថ្ងៃ​ទី​២៨ មេ​សា ចៅក្រម ហេង សុខ​ណា បាន​បើក​សវនាការ​ជំនុំជម្រះ​ក្នុង​សំណុំរឿង​ហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៨​និង​៤១១​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅ​ក្បែរ​រដ្ឋសភា ។

មេធាវី​ការពារ​ជន​រង​គ្រោះ​លោក ជួង ជួ​ងី ឲ្យ​ដឹង​ថា​កូនក្តី លោក ញ៉​យ ចំរើន​និង​លោក គង់ សភា បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ជនជាប់ចោទ​ទាំង​បី​នាក់ ក្នុង​ម្នាក់​ៗ ១០០​លាន​រៀល និង​សូម​ឲ្យ​តុលាការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។ ការ​ផ្តន្ទាទោស​ខាងលើ​នេះ គឺ​តុលាការ​បាន​សម្រេច​ផ្អែក​ទៅ​លើ​បទ​ចោទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​២១៧​និង​២០១៨​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។ រីឯ​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា​៤១០,៤១១ នៃ​ក្រមព្រហ្មទណ្ឌ​ត្រូវ​បាន​តុលាការ​អោយ​ជនជាប់ចោទ​ទាំង​បី រួច​ផុត​ពី​បទចោទប្រកាន់ ។

គេ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ជំនុំជម្រះ ជនជាប់ចោទ​ទាំង​បី​នាក់ បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​វាយ​តំណាង​រា​ស្ត ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពិតប្រាកដ​មែន ដោយហេតុ​ថា អ្នកតំណាង​រាស្ត្រ ទាំង​ពីរ​រូប​នោះ បាន​ស្រែក​ជេរ​ទៅ​លើ​ពួក​គេ​ថា ពួក​អា​យ៉ង​យួន ទើប​ធ្វើ​ឲ្យ​ពួក​គេ​ខឹងសម្បា ហើយ​ក៏​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា​តែ​ម្តង ។ ជនជាប់ចោទ​ទាំង​បី​នាក់​បាន​បន្ត​ថា ពួក​គេ​សូម​បដិសេធ​ទាំងស្រុង​នូវ​បទ​ចោទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​៤១០,៤១១​នៃ​ក្រមព្រហ្មទណ្ឌ ដោយ​សំអាង​ហេតុ​ថា ពួក​គេ​មិន​បាន​វាយ​បំផ្លាញ​រថយន្ត​ជន​រង​គ្រោះ​នោះ​ឡើយ ។

ជនជាប់ចោទ​ទាំង​៣​នាក់ បាន​ចេញ​មក​បង្ហាញខ្លួន នៅ​ចំពោះ​មុខ​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើបអង្កេត ករណី​បង្ក​របួស​ស្នាម លើ​អ្នកតំណាង​រាស្ត្រ​របស់​ក្រសួងមហាផ្ទៃ កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី រសៀល​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លង​ទៅ បន្ទាប់​ពី​ការ​អំពាវនាវ​ជា​សាធារណៈ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយ​ពេល​ដែល​ពួក​គេ បាន​ធ្វើ​សកម្មភាព​ហិង្សា លើ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សុភា និង លោក ញ៉​យ ចំរើន បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ និង​សន្លប់ នៅ​ក្បែរ​វិមាន​រដ្ឋសភា កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៥ ។

លោក គង់ សភា អ្នកតំណាង​រាស្ត្រ​ដែល​រង​របួស​ដោយ​ការ​វាយដំ​បាន​សរសេរ​នៅ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា នៅ​ព្រឹក​មិ​ញ​នេះ តុលាការ​រាជធានី​ភ្នំពេញ មិន​បាន​ផ្តល់​ភាព​យុត្តិធម៌​ដល់​យើងខ្ញុំ​ជា​អ្នកតំណាង​រាស្ត្រ ដែល​រង​គ្រោះ​ដោយ​ការ​ព្រួត​វាយដំ​កាលពី​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០១៥ ទេ ។

លោក​បាន​លើក​ឡើង​ថា បើ​ធ្វើការ​ប្រៀបធៀប​បទល្មើស​ដែល​ជន​ដៃដល់​វាយ​មក​លើ​ពួក​លោក គឺ​មាន​ក្រុម​មនុស្ស​ជា​ច្រើន ហើយ​ស្ថានភាព​ពេល​នោះ អាច​ប្រឈម​នឹង​ការ​បាត់បង់​ជិ​វិត តែ​ពេល​នេះ​តុលាកា​បាន​ផ្តន្ទាទោស​ជន​ដៃដល់​៤​ឆ្នាំ តែ​អនុវត្ត​ទោស​១​ឆ្នាំ​ប៉ុណ្ណោះ​។ ចំណែក​លោក មា​ជ សុវណ្ណ​រ៉ា គ្រាន់តែ​បញ្ចេញមតិ ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ឃុំ​រហូត​ដល់​ទៅ​២០​ឆ្នាំ តើ​នេះ​ឬ​តុលាការ​យុត្តិធម៌ ?