ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​៣​នាក់​ចាញ់បោក​ប្រុស​ព្រាន​តែ​ម្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ម្តាយមីង​និង​ក្មួយ​បាន​ចាញ់បោក​ប្រុស​ព្រាន​តែ​ម្នាក់ ពេល​ប្រទះ​ឃើញ​ក៏​នាំ​គ្នា​ដេញចាប់ តែ​ប្រុស​ព្រាន​នោះ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​នារី​វ័យក្មេង​ម្នាក់​ទៀត

រាជធានី​ភ្នំពេញ ៖ ពីរ​នាក់​ម្តាយមីង​និង​ក្មួយ​បាន​ចាញ់បោក​ប្រុស​ព្រាន​តែ​ម្នាក់ ពេល​ប្រទះ​ឃើញ​ក៏​នាំ​គ្នា​ដេញចាប់ តែ​ប្រុស​ព្រាន​នោះ​បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​នារី​វ័យក្មេង​ម្នាក់​ទៀត​ដែល​បម្រុង​នឹង​ចាញ់បោក​ប្រុស​ព្រាន​នោះ​ដែរ ។ ហេតុការណ៍​ដេញចាប់​ប្រុស​ព្រាន​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​ខារ៉ាអូខេ​យីហោ​តន្ត្រី​បុប្ផា​ជាយក្រុង​ថ្មី ដែល​ស្ថិត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​ទាំង​៣​នាក់​មិន​បាន​ប្រាប់​អត្តសញ្ញាណ​ឡើយ គ្រាន់តែ​ដឹង​ថា ស្ត្រី​រង​គ្រោះ​២​នាក់​ជា​ម្តាយមីង និង​ក្មួយ ចំណែក​នារី​រង​គ្រោះ​ម្នាក់​ទៀត​វ័យក្មេង​ទើបនឹង​ស្គាល់គ្នា​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ហើយ​ក៏​ទើបនឹង​បាន​ជួប​គ្នា​២-៣​ម៉ោង​មុន​កើតហេតុ​ប៉ុណ្ណោះ ។

ស្ត្រី​រង​គ្រោះ​២​នាក់​ម្តាយមីង​និង​ក្មួយ​ស្រី​បាន​និយាយ​ថា កាលពី​ខែធ្នូ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ពួក​គាត់​បាន​ធ្វើការ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ម្តុំ​ជ្រៃ​កោង ហើយ​បាន​ស្គាល់​ប្រុស​ព្រាន​ម្នាក់​ជា​ជន​ឆបោក​នោះ ដោយ​បាន​ចូល​មក​ផឹកស៊ី​នៅ​ហាង​ដែល​គាត់​ធ្វើការ និង​បាន​ហៅ​ស្ត្រី​ជា​ក្មួយ​ដែល​ជា​ស្ត្រី​មេម៉ាយ​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ទៅ​អង្គុយ​តុ ជាមួយ ហើយ​និយាយ​សាងសង​លួង​សោម​សុំ​ស្នេហ៍ និង​សន្យា​ថា​នឹង​ចូល​ស្តីដណ្តឹង​ដល់​ឪពុក​-​ម្តាយ លុះដល់​ថ្ងៃ​បុណ្យ​សមុទ្រ​កាលពី​ចុងឆ្នាំ​២០១៥ ប្រុស​ព្រាន​ឆបោក​នេះ​បាន​បបួល​ក្មួយ​ស្រី​ទៅ​ដើរ​លេង​បុណ្យ​សមុទ្រ​នៅ​កំពង់សោម ពេល​នោះ​នាង​មិន​ហ៊ាន​ទៅ​តែ​ម្នាក់ឯង​ក៏​បាន​ហៅ​ម្តាយមីង ដែល​ធ្វើការ​ជាមួយ​គ្នា​ឲ្យ​ទៅ​ជាមួយ​ដែរ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ដែល​ចេញដំណើរ​ទៅ​បុណ្យ​សមុទ្រ​នោះ គឺ​ជិះ​រថយន្ត​១​គ្រឿង មាន​គ្នា​៦​នាក់​ក្នុង​នោះ​ស្រី​២​នាក់​មីង​និង​ក្មួយ និង​ប្រុស​៤​នាក់ ដោយ​បាន​ទៅ​សម្រាក​នៅ​កំពង់សោម ហើយ​ជន​ឆបោក​ជា​អ្នក​ជួល​បន្ទប់​ផ្ទះសំណាក់​ឲ្យ​ស្នាក់​នៅ ប៉ុន្តែ​មិន​ទាន់​ទាំង​បាន​ដើរ​លេង​សប្បាយ​ផង ស្រាប់តែ​ជន​ឆបោក​ដែល​អួតអាង​ថា ខ្លួន​ជា​អ្នក​រកស៊ី​លក់​ឈើ​បាន​ធ្វើ​ជា​ទូរស័ព្ទ​ថា ម៉េច​ហើយ​ឈើ​របស់​យើង​មក​ដល់​ណា​ហើយ ឥឡូវ​ត្រូវ​មេព្រៃ​ចាប់​ហើយ បើ​អ៊ីចឹង​ត្រូវការ​លុយ​យក​ទៅ​លោះ​អស់​ប៉ុន្មាន រួច​ហើយ​ក៏​បាន​ប្រើ​ល្បិច​ខ្ចី​ចិញ្ចៀន ខ្សែ​ក របស់​មីង​និង​ក្មួយ​ដែល​គិត​ជា​ប្រាក់​ចំនួន​៩៥០​ដុល្លារ​យក​ទៅ​បញ្ចាំ​រយៈពេល​១​ម៉ោង​សិន​ដើម្បី​យក​ទៅ​លោះ​ឈើ បាន​ហើយនឹង​យក​ប្រាក់​មក​សង​ឲ្យ​វិញ ។ ប៉ុន្តែ​បន្ទាប់​ពី​បាន​ខ្សែ​ក​និង​ចិញ្ចៀន​រួច​ហើយ ជន​ឆបោក​បាន​គេចខ្លួន​បាត់​រហូត តែ​ជន​រង​គ្រោះ​ទាំង​២​នាក់​មីង​និង​ក្មួយ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ ។

ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​ស្ត្រី​ជា​ក្មួយ​បាន​ទៅ​ធ្វើការ​ខារ៉ាអូខេ តន្ត្រី​បុប្ផា​ជាយក្រុង​ថ្មី ដោយ​ធ្វើ​ជា​អ្នកចំរៀង ចំណែក​ម្តាយមីង​ឈប់​ធ្វើការ​ហើយ ។ ស្រាប់តែ​មុន​ពេល​កើតហេតុ​នៅ​យប់​ថ្ងៃ​ទី​២៦ ខែឧសភា ស្ត្រី​រង​គ្រោះ​កំពុង​តែ​ច្រៀង​បាន​ក្រឡេក​ឃើញ​ជន​ឆបោក និង​បក្សពួក​ម្នាក់​ទៀត ព្រមទាំង​មាន​ស្រី​ម្នាក់​ដែរ​កំពុង​តែ​អង្គុយ​ផឹកស៊ី​នៅ​ក្នុង​ហាង ក៏​បាន​ទូរស័ព្ទ​ទៅ​ម្តាយមីង​ឲ្យ​មក​ជួយ​ចាប់​ជន​ឆបោក លុះ​ពេល​ម្តាយមីង​មក​ដល់​ដើម្បី​ចាប់​ជន​បោក តែ​ចាប់​អត់​បាន​ទេ រត់គេច​ខ្លួន​បាត់ នៅ​សល់​តែ​នារី​វ័យក្មេង​ម្នាក់​ក៏​នាំ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ដើម្បី​សួរនាំ ទើប​នារី​រង​គ្រោះ​រូប​នោះ​បាន​ប្រាប់​ថា គាត់​អត់​ដឹង​អី​ទេ ព្រោះ​អី​ពួក​គេ​ទើបនឹង​ស្គាល់​ជន​ឆបោក​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក និង​ឆាត​រកគ្នា​ទៅ​វិញ​ទៅ​មក ហើយ​រូប​នាង​រស់នៅ​ឯ​កំពង់សោម​ឯណោះ ត្រូវ​បាន​ជន​ឆបោក​លួងលោម​ឲ្យ​មក​ភ្នំពេញ​ដើម្បី​បាន​ជួប​មុខ​គ្នា ហើយ​ជន​ឆបោក​ជា​អ្នក​ជួល​ផ្ទះសំណាក់​ឲ្យ​ស្នាក់​នៅ ហើយ​រូប​នាង​ទើបនឹង​មក​ដល់​ភ្នំពេញ​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២៦​ឧសភា​នេះ ក៏​ត្រូវ​ជន​ឆបោក​នាំ​ទៅ​រក​ផ្ទះសំណាក់ រួច​ហើយ​បាន​នាំ​ទៅ​ផឹកស៊ី​នៅ​ហាង​ខាងលើ ក៏​មានរឿង​បែប​នេះ​តែ​ម្តង ។

បន្ទាប់​ពី​សួរនាំ​រួច​ហើយ មីង​និង​ក្មួយ​ដែល​ជា​ជន​រង​គ្រោះ​មុនគេ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ទេ រង់ចាំ​ឃើញ​នៅ​កន្លែង​ណា​ចាប់​កន្លែង​ហ្នឹង​តែ​ម្តង ចំណែក​នារី​រង​គ្រោះ​ដែល​ពាក់អាវ​ខ្មៅ​ដែល​បម្រុង​នឹង​ចាញ់បោក​ប្រុស​ព្រាន​ដែរ​នោះ តែ​សំណាងល្អ​បែក​ការណ៍​ទាន់ ទាំង​នៅ​ជាប់​នឹង​ខ្លួនប្រាណ​មាន​គ្រឿងអលង្កា​សរុប​ទាំងអស់​ជាង​១០០០​ដុល្លារ​មិន​ទាន់​បាន​បាត់បង់​នៅឡើយ​ទេ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ណែនាំ​ថ្ងៃក្រោយ​កុំ​ឲ្យ​ឆាប់​ជឿ​គេ​ពេក រួច​ហើយ​អ្នក​ទាំង​៣​នាក់​បាន​បែកផ្លូវ​គ្នា​រៀងខ្លួន ៕