ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទះ​ថ្នាក់​ជាតិ​ពានរង្វាន់​លី​អូ​បៀរ​ឆ្នាំ​2016​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​បួន​ខែ​មកនេះ អ្នកគាំទ្រ​បាល់ទះ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង ដោយ​ការ​ប្រកួត​នេះ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​អស់​រយៈពេល​បួន​ខែ​មកនេះ អ្នកគាំទ្រ​បាល់ទះ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា មាន​អារម្មណ៍​រំភើប​ជា​ខ្លាំង ដោយ​ការ​ប្រកួត​នេះ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ សម្រាប់​កម្មវិធី​ប្រកួត​ជើងឯក​បាល់ទះ​ថ្នាក់​ជាតិ​របស់​ស្រា​បៀរ​លី​អូ ឆ្នាំ​២០១៦ និង​តម្រូវ​ឱ្យ​ក្រុម​នីមួយ​ៗ​ខិតខំ​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​ដណ្ដើម​យកជ័យ​លា​ភី​ពានរង្វាន់​ប្រចាំឆ្នាំ​នេះ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៦ នៅ​សណ្ឋាគារ​ណា​ហ្កា​វើ​ល​កន្លង​មកនេះ កញ្ញា កាន់​ជី​ត ផែ​វ​ផា​ន់​ឈូ ប្រធាន​គ្រប់គ្រង​យុទ្ធសាស្ត្រ​ទីផ្សារ​ប្រចាំ​តំបន់​របស់​ក្រុមហ៊ុនស្រា​បៀរ​លី​អូ បានឱ្យ​ដឹង​ថា ការ​ប្រកួត​បាល់ទះ​ឆ្នាំ​នេះ​កាន់តែ​មាន​ភាព​អ​ធឹ​ក​អធម​ជាង​ពេល​មុន​ៗ ។ ចាប់តាំងពី​ឆ្នាំ​២០១២​មក យើង​ទទួល​បានការ​សហការ​ចូលរួម​របស់​ក្រុម​កីឡាករ​ក៏​ដូច​ជា​អ្នក​ទស្សនា​គាំទ្រ​យ៉ាងច្រើន​កុះករ​ទូ​ទាំង​ខេត្ត​និង​រាជធានី​មាន​ដូច​ជា រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ កំពង់ចាម បាត់ដំបង និង​សៀមរាប ។

កញ្ញា​បន្ត​ថា យើង​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​មាន​ចំណែក​ជួយ​ជំរុញ​វិស័យ​កីឡាបាល់ទះ​កម្ពុជា ឱ្យ​មាន​កម្រិតស្តង់ដារ​លំដាប់ថ្នាក់​ជាតិ​ក៏​ដូច​ជា​ជួយ​ដល់​យុវវ័យ​ឱ្យ​ងាក​មក​លេង​កីឡា​ដែល​ធ្វើ​ឱ្យ​មាន​កាយសម្បទា​រឹង​មាំ​និង​នាំ​មក​នូវ​មិត្តភាព សាមគ្គីភាព ជា​ពិសេស​សូម​ថ្លែងអំណរគុណ​ដល់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ដែល​នៅ​តែ​បន្ត​ជួយ​គាំទ្រ និង​អនុញ្ញាត​ឱ្យ​ស្រា​បៀរ​លី​អូ​ជា​ចំណែក​មួយ​ដើម្បី​លើក​ស្ទួយ​វិស័យ​បាល់ទះ​ក្នុង​សង្គម​ជាតិ​កម្ពុជា តាម​រយៈ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ​ថ្នាក់​ជាតិ​ឆ្នាំ​ទី​៥​នេះ​ផង​ដែរ ។

លោក បឹង គឹ​ម​តោ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានឱ្យ​ដឹង​ថា កម្មវិធី​ប្រកួត​ជើងឯក​បាល់ទះ​ថ្នាក់​ជាតិ​របស់​ស្រា​បៀរ​លី​អូ​ឆ្នាំ​២០១៦ បាន​ចាប់ផ្តើម​វគ្គ​ប្រកួត​ជម្រុះ​នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ នៅ​រាជធានី​ភ្នំពេញ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​២២ ខែឧសភា នៅ​ខេត្តសៀមរាប ដោយ​បាន​ជ្រើសរើស​ក្រុម​ខ្លាំង​ចំនួន​១០​មក​ពី​តំបន់​ផ្សេង​គ្នា រួម​មាន​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ បាត់ដំបង កំពង់ចាម និង​ខេត្តសៀមរាប ដើម្បី​ដណ្តើម​ជើងឯក​របស់ Division B ចាប់ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៦ ។

ដោយឡែក​ក្នុង​ក្របខ័ណ្ឌ Division A មាន​៨​ក្រុម ក្នុង​នោះ​៦​ក្រុម​គឺជា​ក្រុម​ដែល​លេង​ល្អ​បំផុត កាលពី​ឆ្នាំ​២០១៥ និង​២​ក្រុម​ទៀត​មក​ពី ក្របខ័ណ្ឌ Division B ដែល​នឹង​ធ្វើការ​ប្រកួត ចាប់ពី​ថ្ងៃ​ទី​១៤​ដល់​១៩ ខែមិថុនា ឆ្នាំ​២០១៦ ។

លោក​បន្ត​ថា ការ​ចាប់ឆ្នោត​ចែក​ពូ​ល​ប្រកួត នៅ​ក្នុង​ក្របខ័ណ្ឌ Division B នឹង​ប្រព្រឹត្ត​ទៅ នា​ថ្ងៃ​ទី​៥ ខែមិថុនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ការ​ចាប់ឆ្នោត​ចែក​ពូ​ល​ក្នុង​ក្រប​ខ័ណ្ឌ Division A ធ្វើ​ឡើង​នា​ថ្ងៃនេះ​តែ​ម្តង ដោយ​ចែក​ចេញ​ជា​២​ពូ​ល គឺ​ពូ​ល A និង​ពូ​ល B ក្នុង​នោះ​ពូ​ល A មាន​ក្រុម Division B ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣, ក្រុម​សាខា​ខេត្តកំពង់ចាម និង​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស​។ ដោយឡែក​ពូ​ល​B មាន​ក្រុម​ក្រសួងមហាផ្ទៃ ក្រុម​វិសាខា ក្រុម​លេខ​២ ក្នុង​Division B និង​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ។

គួរ​បញ្ជាក់​ថា ក្នុង​កម្មវិធី​ប្រកួត​បាល់ទះ​ថ្នាក់​ជាតិ​ពានរង្វាន់​ស្រា​បៀរ​លី​អូ​នេះ រង្វាន់​សរុប​ទាំងអស់​នៃ​កម្មវិធី​ប្រកួត​ជើងឯក​បាល់ទះ​ថ្នាក់​ជាតិ​របស់​ស្រា​បៀរ​លី​អូ ឆ្នាំ​២០១៦​នេះ​គឺ​២​ម៉ឺន​២​ពាន់​ដុល្លារ​អា​មេ​រិ​ក ។ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំង Division A និង Division B នឹង​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ MyTV ផង​ដែរ ៕