ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ជ័យ​លា​ភី​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​1.819​នាក់​ទទួល​សញ្ញាបត្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា បើ​គ្មាន​ការ​ខិតខំ​ផ្ទាល់ខ្លួន​ទេ​នឹង​មិន​វឌ្ឍនភាព​ណាមួយ សម្រាប់​ខ្លួន​យើង​ទេ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា បើ​គ្មាន​ការ​ខិតខំ​ផ្ទាល់ខ្លួន​ទេ​នឹង​មិន​វឌ្ឍនភាព​ណាមួយ សម្រាប់​ខ្លួន​យើង​ទេ ។ ត្រូវ​មានការ​ខិតខំ​ផ្ទាល់ខ្លួន តាម​រយៈ​នៃ​ការ​សិក្សា​រៀង​សូត្រ​តាំងពី​បឋម​រហូត​ដល់​ឧត្តម​សិក្សា និង​ក្រោយ​ឧត្តម​សិក្សា ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៦ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី​ចំនួន​១.៨១៩​នាក់ នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ដែល​បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ​សិក្សា​២០១៣-២០១៤ និង​២០១៤-២០១៥ កន្លង​មក ក្នុង​នោះ​ក៏​មាន​និស្សិត​អាហារូបករណ៍​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៥២​នាក់ និង​មាន​និស្សិត គ​ថ្លង់ ចំនួន​១​នាក់ មក​ពី​អង្គការ​គ្រួសារ​ថ្មី​ផង​ដែរ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា យើង​ត្រូវ​មើល​ឲ្យ​ឃើញ​ថា បើ​គ្មាន​ការ​ខិតខំ​ទេ យើង​មិន​អាច​ទទួល​បាន​ជោគជ័យ​សម្រាប់​ថ្ងៃនេះ​ទេ​។ សព្វ​ថ្ងៃនេះ មានការ​កែ​ច្នៃ​ដែល​យើង​កំពុង​តែ​ប្រឹងប្រែង ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ។ យើង​កំពុង​សិក្សា​ថា ពូជ​ដំណាំ​ដែល​ប្រើប្រាស់​សព្វថ្ងៃ​នេះ វា​ធន់​ទៅ​នឹង​កម្រិត​នៃ​សីតុណ្ហភាព​កម្តៅ​៣៧-៣៨​អង្សា​សេ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ឥឡូវ​កម្តៅ​នៅ​លើ​ពិភពលោក​មាន​កម្រិត​ក្តៅ​ខ្លាំង តើ​យើង​ត្រូវ​រក​ពូជ​ដំណាំ​អ្វី ដំណាំ​ណា​ដែល​ធន់​នឹង​កម្រិត​កម្តៅ​ដែល​កាន់តែ​ក្តៅ​ឡើង​ៗ ។

ដូច្នេះ​ការ​ខិតខំ​របស់​និស្សិត​នៅ​ទី​នេះ ទើប​មាន​ថ្ងៃនេះ ។ ខ្ញុំ​សូម​អបអរសាទរ​ជាមួយ​ក្រុម​គ្រួសារ​ជ័យ​លា​ភី​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ បើ​គ្មាន​ការ​គាំទ្រ​ពី​ក្រុម​គ្រួសារ ក៏​គ្មាន​លទ្ធភាព​បើកឱកាស​ឱ្យ​យើង​បាន​មក​ដល់ទី​នេះ​ដែរ ហើយ​នេះ​ជា​ការ​ឈ្លាសវៃ​បំផុត​របស់​គ្រួសារ របស់​និស្សិត​… ។ ព្រោះ​ការ​ចែកទ្រព្យ​សម្បត្ដិ​វា​មិន​ប្រាកដជា​គង់វង្ស​ទេ ប៉ុន្ដែ​ល្អ​ជាង​នេះ​ទៀត​គឺ​ការ​ចែករំលែក​ចំណេះវិជ្ជា ចុះ​ឈ្មោះ​ឱ្យ​កូន​ចូល​រៀន​តាំងពី​តូច​ៗ ហើយ​បន្ដ​ការ​សិក្សា​ជា​រៀង​រហូត ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​មាន​ប្រសាសន៍​ថា ពិតជា​មាន​មោទនភាព​ជាមួយនឹង​ការ​ខិតខំ​ទាំង​អស់នេះ និង​ថ្លែង​នូវ​ការ​កោតសរសើរ​ជា​ថ្មី​ទៀត​និង​កោតសរសើរ​ថ្នាក់​ដឹក​ក៏​ដូច​ជា​សាស្ត្រាចារ្យ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​អបអរសាទរ​ចំពោះ​ជ័យ​លា​ភី​ទាំងអស់​ដែល​ទទួល​សញ្ញាបត្រ​នៅ​ថ្ងៃនេះ ។

លោក​បណ្ឌិត ឌួ​ង លាង ប្រធាន​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​អា​សុ​ី​អឺរ៉ុប បាន​ថ្លែង​ថា ក្នុង​ស្មារតី​បង្ហាញ​ពី​ឆន្ទៈ ការ​ប្ដេជ្ញា​ចិត្ដ និង​បុព្វហេតុ​នៃ​ការ​កសាង និង​អភិវឌ្ឍន៍​ធនធានមនុស្ស សាកលវិទ្យាល័យ​អា​សុ​ី​អឺរ៉ុប បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​បណ្ដុះបណ្ដាល​ធនធាន​បញ្ញា​ជន​ក្នុង​បរិបទ​នៃ​សង្គម​ពុទ្ធិ ក្នុង​នោះ​បាន​អនុវត្ដ​តាម​ផែនការ​យុទ្ធសាស្ដ្រ​របស់​ខ្លួន​ក្នុង​គោលដៅ​ចូលរួម​អនុវត្ដ​តាម​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ដ្រ​វិស័យ​អបរំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដ៏​ឆ្នើម​បំផុត ។

លោក​បណ្ឌិត​ប្រធាន​ក្រុមប្រឹក្សាភិបាល​បន្ដ​ថា ឈរ​លើ​មូលដ្ឋាន​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​និង​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ​នោះ សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​បាន​ពង្រឹង​លើ​ការងារ​ដឹកនាំ និង​គ្រប់គ្រង​ជា​បន្តបន្ទាប់ ក្នុង​នោះ​ការ​ពង្រឹងសមត្ថភាព​សាស្ដ្រាចារ្យ និង​គុណភាព​សិក្សា​ដល់​និស្សិត​គឺជា​កត្ដាចាំបាច់​បំផុត​ក្នុង​ន័យ​ធានា​ថា «​ការ​អប់រំ​ប្រកបដោយ​គុណភាព​ជា​បុព្វហេតុ​ដ៏​ចម្បង ក្នុង​ការ​លើកកម្ពស់​កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ ។»

លោក​បណ្ឌិត​ប្រធាន​ក្រុមប្រឹក្សាភិបាល​មាន​ប្រសាសន៍​ទៀត​ថា សាកលវិទ្យាល័យ​បាន​អញ្ជើញ​វាគ្មិន​ល្បី​ៗ​ជាតិ​-​អន្តរជាតិ មក​ធ្វើ​បទ​បង្ហាញ​ដើម្បី​ចែករំលែក​បទ​ពិសោធន៍​ដល់​និស្សិត​គ្រប់​ៗ​ជំនាន់​ដែល​កំពុង​សិក្សា ហើយ​ក៏​បាន​ផ្ដល់​ឱកាស​ឱ្យ​និស្សិត​ចុះ​ឈ្មោះ​ធ្វើ​កម្មសិក្សា ក្នុង​ការ​ផ្សារ​ភ្ជាប់​រវាង​ទ្រឹស្ដី​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្ដែង ដែល​ជា​ទុន​ដ៏​សំខាន់​សម្រាប់​ការ​សរសេរ​សារ​ណា និង​និក្ខេបបទ​បញ្ចប់​ការ​សិក្សា ។

យោង​តាម​ការ​ស្ទង់​មតិ​ប្រចាំឆ្នាំ​បាន​បង្ហាញ​ថា និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​ទី​នេះ អ្នកមាន​ការងារ​ធ្វើ​ចំនួន​៨៤,៦១​ភាគរយ ក្នុង​នោះ​ការងារ​ត្រូវ​ជំនាញ​ចំនួន​៣៩,៦៣​ភាគរយ  ការងារ​មិន​ត្រូវ​ជំនាញ​ចំនួន​៥៥,៩៥​ភាគរយ និង​ការងារ​អាជីវកម្ម​ផ្ទាល់ខ្លួន​ចំនួន​៤,៤២​ភាគរយ ។

វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ឱកាស​នេះ គឺ​ពិតជា​បានឆ្លុះ​បញ្ចាំង​នូវ​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​វិស័យ​អប់រំ​ដែល​ជា​វិស័យ​អាទិភាព ក្នុង​ចំណោម​វិស័យ​អាទិភាព​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល ក្នុង​ទិស​ដៅ​បន្ត​ការ​ពង្រឹងសមត្ថភាព និង​គុណភាព​ប្រកួតប្រជែង​ក្នុង​ការ​ចូលរួម​ចំណែក​លើ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ សម្រាប់​ជា​ប្រយោជន៍​ដ៏សំខាន់​របស់​សង្គម ជាតិ​ទាំងមូល ៕