ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាស៊ាន​បាន​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៧​ក្នុង​សកលលោក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៥ ដែល​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា កាលពី​ថ្ងៃ​ទី​២៥ឧសភា លោកទេស​រដ្ឋមន្ត្រី

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៥ ដែល​ប្រារព្ធ​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា កាលពី​ថ្ងៃ​ទី​២៥ឧសភា លោកទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ពី​ជោគជ័យ​របស់​ប្រទេស​អាស៊ាន ក្នុង​ការ​ជំរុញ​កំណើន​ទំហំ​ពាណិជ្ជកម្ម និង​ការ​លើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក ។

ក្នុង​នោះ លោក​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ៖ « ចាប់តាំងពី​ការ​បង្កើត​សមាគម​អាស៊ាន​នៅ​ឆ្នាំ​១៩៦៧ រហូត​ដល់​ការ​បង្កើត​ជា​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នា​ឆ្នាំ​២០១៥ ប្រទេស​អាស៊ាន​បាន​ប្រែក្លាយ​ខ្លួន​ជា​តំបន់​សេដ្ឋកិច្ច​ដែល​មាន​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់ ជាមួយនឹង​កំណើន​ផលិតផល​ក្នុងស្រុក (GDP) ពី​១.៣០០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០០៧ ទៅ​ដល់​២.៦០០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៤ ដែល​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៧​ក្នុង​សកលលោក » ។

ជាមួយ​គ្នា​នេះ លោក​បណ្ឌិត​បាន​បន្ត​ថា ៖ « កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ភាព​ជោគជ័យ​របស់​អាស៊ាន​នេះ ។ ជាក់ស្តែង បើ​យោង​តាម​ការ​ព្យាករ​នា​ពេល​ថ្មី​នេះ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំឆ្នាំ​២០១៦ ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ខ្ពស់​រយៈពេល​៥​ឆ្នាំ​ជា​បន្តបន្ទាប់ ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ខ្លា​សេដ្ឋកិច្ច​ថ្មី​របស់​អាស៊ី » ។

លើស​ពី​នេះ លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន ក៏​បាន​លើក​ឡើង​ពី​សមិទ្ធផល​ដែល​រដ្ឋបាល​គយ​អាស៊ាន​បាន​រួមចំណែក​ក្នុង​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន តាម​រយៈ​ការ​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​បាន​លើកទឹកចិត្ត​ឲ្យ​អគ្គនាយក​គយ​អាស៊ាន​ទាំងអស់​បន្ត​ខិតខំ​អនុវត្ត​ផែនការ​អភិវឌ្ឍ​គយ និង​ការងារ​សមាហរណកម្ម​គយ​អាស៊ាន ដើម្បី​ឈាន​សម្រេច​គោលដៅ​របស់​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន ដែល​បាន​កំណត់​ក្នុង «​ទស្សនៈ​សហគមន៍​អាស៊ាន​២០២៥» ។

គួរ​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​រៀបចំ​កិច្ចប្រជុំ​អគ្គនាយក​គយ​អាស៊ាន​លើក​ទី​២៥ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៧ ឧសភា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ។ គោលបំណង​ចម្បង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​គយ និង​ការងារ​សមាហរណកម្ម​គយ​អាស៊ាន​របស់​ក្រុមការងារ​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​នីតិវិធី​គយ​, ក្រុមការងារ​អនុវត្ត​ច្បាប់​គយ និង​អនុលោម​ភាព និង​ក្រុមការងារ​កសាង​សមត្ថភាព​ចំណេះដឹង​គយ ។

កិច្ចប្រជុំ​នេះ​បាន​ប្រារព្ធ​បើក​ក្រោម​អធិបតីភាព​លោក​បណ្ឌិត អូន ព័ន្ធ​មុនី​រ័​ត្ន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​អគ្គនាយក​គយ​អាស៊ាន ទាំង​១០​ប្រទេស​, ក្រុមប្រឹក្សា​ពាណិជ្ជកម្ម អាស៊ាន​-​អា​មេ​រិ​ក​, ក្រុមប្រឹក្សា​ពាណិជ្ជកម្ម អាស៊ាន​-​អឺរ៉ុប​, បញ្ញើ​រហ័ស​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក និង​សភាពាណិជ្ជកម្ម​កម្ពុជា​៕