ខេត្តបាត់ដំបង ៖ ពលរដ្ឋដែលកំពុងជួបការខ្វះខាតចំនួន៥០គ្រួសារ រស់នៅភូមិនាងលេម ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល បានទទូលនូវការឧបត្ថម្ភជាស្បៀងអាហារពីសប្បុរសជនដែលរស់នៅក្នុងនិងក្រៅប្រទេស ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃដែលកំពុងជួបការលំបាក។
![Picture]()
តាមរយៈព្រះតេជគុណ ជា និវត្ត ចៅអធិការស្ដីទី វត្តអរិយផល ហៅ វត្តភ្នំនាងលេម និង មានការអញ្ជើញចូលរួមចែកផ្ទាល់ពីម្ចាស់ទាន រួមទាំងអាជ្ញាធរដែនដីផង ស្បៀងអាហារទាំងនោះ ត្រូវបានចែកជូនពលរដ្ឋនៅរសៀលថ្ងៃទី១៣ ធ្នូ ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណ «វត្តអរិយផល ឬ វត្តភ្នំនាងលេម» នេះតែម្ដង។
![Picture]()
អំណោយសប្បុរសទាំងនោះ បានផ្ដល់ជួនមួយគ្រួសារមាន អង្ករចំនួន២០គីឡូក្រាម មី០១កេស ត្រីខ០១យូរ ទឹកត្រី០១យូរ ទឹកស៊ីអ៊ីវ០១យូរ និងប្រាក់ចំនួន៥៥.០០០រៀល ។ ម្ចាស់ទានបាននិយាយថា ពិតមែនតែអំណោយទាំងនេះ មិនបានដោះស្រាយជីវភាពបានយូរអង្វែង តែក៏អាចដោះស្រាយការខ្វះខាតប្រចាំថ្ងៃបានមួយគ្រាហ៍ដែរ។ បើតាមលោក យ៉ាត កំសត់ អាចារ្យប្រចាំវត្តនេះ និងជាអ្នករៀបចំកម្មវិធីផ្ដល់អំណោយបាននិយាយថា សប្បុរសជនដែលបានផ្ដល់អំណោយនេះជាសប្បុរសជនខ្មែរ ដែលរស់នៅក្នុងនិងក្រៅប្រទេស ហើយក៏ជាអ្នកបានផ្ដូចផ្ដើមកសាង «វត្តអរិយផល» នេះតាំងពីដំបូងរហូតមកដល់ពេលនេះដែរ។ សប្បុរសជនទាំងនោះរួមមាន ឧបាសិកាជីម យួម (USA), ឧបាសក់កាន់ គង់ (USA), ឧសិកាជីវ យ៉ា, ឧបាសិកាគី សុភិន, ឧបាសិកាកាន់ គីន, ឧបាសិកាឡៅ សិទ្ធ, ឧបាសិកាជីវ គឹមសេង, ឧបាសិកាពៅ វណ្ណដា, ឧបាសក់ លី ជិនហៀង។
![Picture]()
លោកតាអាចារ្យបានបញ្ជាក់ថា សប្បុរសជនបានឧបត្ថម្ភស្បៀងអាហារទាំងនេះ តាមរយៈព្រតេជគុណ ជា និវត្ត ចៅអធិការវត្តអរិយផល ហើយនេះក៏មិនមែនជាលើកទី១ដែរ ដែលឧបាសក ឧបាសិកា ខាងលើ បានផ្ដល់ការឧបត្ថម្ភដល់ពលរដ្ឋដែលជួបការខ្វះខាតក្នុងជីវភាពគ្រួសារ គឺធ្លាប់បានជួយជាបន្តបន្ទាប់កន្លងមកហើយ ក្រៅតែពីជួយកសាងសមិទ្ធផលនានា នៅក្នុងវត្តអរិយផល ហៅ វត្តភ្នំនាងលេម។ ជាមួយនឹងការចែកទានដល់ពលរដ្ឋក្រីក្រចំនួន៥០គ្រួសារខាងលើនេះ បើតាមគណៈកម្មវត្ត បានប្រកាសថា សប្បុរសជន បានជួយឧបត្ថម្ភប្រាក់ចំនួនជាង១,០០០ដុល្លារបន្ថែមទៀត សម្រាប់ជួយសាងសង់ផ្លូវចូលវត្ត ដែលកំពុងមានអធិករដ៏ក្ដៅគគុកមួយនេះ ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ