លោកចូសេ មូរីនញ៉ូ គ្រូបង្វឹកក្លឹប Real Madrid រួចផុតពីការចាក់ដោយកាំបិត កាលពីសប្តាហ៍មុន បន្ទាប់ពីអ្នកការពារសន្តិសុខចូលរងជំនួសនេះបើតាមការបង្ហើបឱ្យដឹងរបស់ស្ថានីយវិទ្យុ «កាដេណា ស័រ»។
ហេតុការណ៍ប៉ុនប៉ងធ្វើឃាតនេះបានកើតឡើងកាលពីថ្ងៃសុក្រ ទី២៥ កុម្ភៈ ក្រោយពីកីឡាករក្លឹប Real Madrid ធ្វើដំណើរទៅដល់ព្រលានយន្តហោះមួយធ្វើការប្រកួតក្របខណ្ឌបាល់ទាត់ La Liga អេស្ប៉ាញ ជួបជាមួយក្លឹប Deportivo ដោយមានលទ្ធផល០-០ ។ នៅក្នុងខណៈពេលលោកមូរីនញ៉ូ កំពុងចុះហត្ថលេខាជាមួយអ្នកគាំទ្រក៏ស្រាប់តែមានបុរសមិនស្គាល់មុខម្នាក់បានព្យាយាមចូលចាក់លោកដោយកាំបិត។ ទោះបីជាយ៉ាងណាក៏ដោយ សមត្ថកិច្ចការពារសុវត្ថិភាពរបស់ក្លឹបម្នាក់បានស្ទុះចូលទៅពាំងមុខកាំបិតធ្វើឱ្យលោកម៉ូរីនញូ គេចផុតពីគ្រោះថ្នាក់ ប៉ុន្តែសន្តិសុខខាងលើបានរងរបួសដោយការចាក់មួយកាំបិតជម្រៅ៤សង្ទីម៉ែត្រ ។
ហេតុការណ៍ខាងលើត្រូវបានថតដោយម៉ាស៊ីនថតសុវត្ថិភាពក្នុងព្រលានយន្តហោះ និងសមត្ថកិច្ចប៉ូលិសកំពុងតាមចាប់ខ្លួនអ្នកបង្កហេតុ ខណៈពេលដំបូងមានការរំពឹងទុកថា ក្លឹប Real Madrid ព្យាយាមបិទព័ត៌មានខាងលើមិនឱ្យសាធារណជនបានដឹង ប៉ុន្តែត្រូវបានស្ថានីយវិទ្យុកាដេណាស័រ ធ្វើការផ្សព្វផ្សាយពីហេតុការណ៍នេះភ្លាមៗផងដែរ ។ ស្របពេលជាមួយគ្នានេះដែរ ស្ថានីយវិទ្យុកាដេណាស័រ បានបញ្ជាក់បន្ថែមទៀតថា ក្លឹប Real Madrid បានបង្កើនបទដ្ឋានការពារសុវត្ថិភាពដ៏តឹងរ៉ឹងក្នុងពេលប្រកួតជួបជាមួយក្លឹប Samtander កាលពីយប់ថ្ងៃអាទិត្យ ទី៦ មីនា កន្លងមក៕
ចែករំលែកព័តមាននេះ