ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ស្នើ​ចិន​ជំរុញ​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​បន្ថែម​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​បាន​ប្រកាន់​គោលនយោបាយ «​ចិន​តែ​មួយ​» ព្រោះ​ចិន​និង​កម្ពុជា មាន​ទំនាក់ទំនង​មិត្តភាព​ការទូត​ជាមួយ​គ្នា​ដ៏​យូរលង់​មក​ហើយ ។ មរតក​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​លើក​ស្ទួយ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​បាន​ប្រកាន់​គោលនយោបាយ «​ចិន​តែ​មួយ​» ព្រោះ​ចិន​និង​កម្ពុជា មាន​ទំនាក់ទំនង​មិត្តភាព​ការទូត​ជាមួយ​គ្នា​ដ៏​យូរលង់​មក​ហើយ ។ មរតក​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​លើក​ស្ទួយ​ដល់​ចំណុចកំពូល ដែល​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ មាន​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​បាន​សហការ​គាំទ្រ​គ្នា​ទាំង​នៅ​ក្នុង​តំបន់ និង​លើ​ពិភពលោក​។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​ចិន​ជំរុញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​មក​ទស្សនា និង​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​ផង​ដែរ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​កម្ពុជា ។

ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សភា​ប្រជាជន​ខេត្ត​យូ​ណា​ន ប្រទេស​ចិន ដែល​ដឹកនាំ​ដោយ​លោក ចាង ប៉ាយ​រូ អនុប្រធាន​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ខេត្ត​យូ​ណា នៅ​ឯ​រដ្ឋ​សភាជាតិ កាលពី​ថ្ងៃ​ទី​១៩​ឧសភា លោក​បណ្ឌិត ងួ​ន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋសភា​ជាតិ បាន​ស្នើ​ឲ្យ​ចិន​ជំរុញ​អ្នកទេសចរ​និង​អ្នក​វិនិយោគ​មក​កម្ពុជា ឲ្យ​បាន​ច្រើន​ថែម​ទៀត ។

លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា ៖ « ចិន​បាន​ជួយ​ជំនួយ​ឥត​សំណង​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​លើ​គ្រប់​វិស័យ ដែល​ជា​ការ​ផ្តល់​ជំនួយ​ដោយ​គ្មាន​លក្ខខណ្ឌ និង​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស » ។

ជា​ការ​ឆ្លើយ​តប លោក ចាង ប៉ាយ​រូ បាន​លើក​ឡើង​ថា ៖ « ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិបត្តិ​លើក​នេះ គឺ​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ កសិកម្ម និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ » ។

លោក ចាង ប៉ាយ​រូ បាន​បញ្ជាក់​ថា ៖ «​កម្ពុជា​-​ចិន មាន​កិច្ចសហការ​ជាមួយ​គ្នា​យ៉ាង​ល្អ និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​មាន​កិច្ចសហការ​លើ​គ្រប់​វិស័យ ។ ក្រោម​កិច្ច​ខិតខំ​ប្រឹងប្រែង និង​កិច្ចសហការ​ល្អ កម្ពុជា​បាន​គាំទ្រ នូវ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ ដែល​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​យូរអង្វែង ។ រដ្ឋាភិបាល​ចិន​បាន​ជំរុញ​អ្នក​វិនិយោគទុន និង​អ្នកទេសចរ​យ៉ាងច្រើន​មក​កម្ពុជា ដោយសារ​កម្ពុជា​មាន​តំបន់​ប្រវត្តិសាស្ត្រ​និង​ប្រាសាទបុរាណ​ជា​ច្រើន »​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ចប់​នូវ​ជំនួប​សវនាការ​ជាមួយ​លោក ងួ​ន ញ៉ិល រួច​មក គណៈប្រតិភូ​បាន​ចូល​ជួប​សំណេះសំណាល​ជាមួយ​លោក ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា​ផង​ដែរ​នៅ​ឯ​វិមាន​រដ្ឋសភា ដើម្បី​ពិភាក្សា​ពង្រឹង​កិច្ចសហការ​គ្នា​រវាង​ស្ថាប័ន​សភា​កម្ពុជា និង​ចិន ៕