ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក​សម្ដេច​តេ​ជោ​គ្រោង​នឹង​ផ្សាយ​កម្មវិធី The Voice

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​សរសើរ​កម្មវិធី The Voice ក្នុង​រដូវ​កាល​ទី​២ និង​បាន​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​ចូលរួម​បញ្ចេញ​

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​សរសើរ​កម្មវិធី The Voice ក្នុង​រដូវ​កាល​ទី​២ និង​បាន​លើកទឹកចិត្ត​ដល់​យុវជន​ឱ្យ​ចូលរួម​បញ្ចេញ​ទេព​កោសល្យ​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យ​សិល្បៈ​ក្នុង​កម្រិត​ខ្នាត​អន្តរជាតិ​នេះ ។

ការ​ថ្លែង​កោតសរសើរ​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ កន្លង​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​សរសើរ​កម្មវិធី Cambodia Idol ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ដែរ ហើយ​ចាត់​ទុក​ថា កម្ម​វី​ធី​ទាំងនោះ​ជា​កម្មវិធី​ដ៏​ល្អ និង​មាន​លក្ខណៈ​លំដាប់​ពិភពលោក ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ថា «​ខ្ញុំ​សូម​កោតសរសើរ​ដល់​យុវជន យុវតី​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​បញ្ចេញ​សមត្ថភាព នៅ​ក្នុង​កម្មវិធី​ខ្នាត​អន្តរជាតិ​មួយ​ចំនួន ដែល​បាន​រៀបចំ​ដោយ​ទូរទស្សន៍​ហង្ស​មាស និង​រស្មី​ហង្ស​មាស ដូច​ជា The Voice, Cambodia Idol និង «​ខ្ញុំ​ជា​យុវជន​គំរូ​កម្ពុជា​» ជាដើម​ដែល​រៀបចំ​ដោយ​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​ផ្ទាល់​តែ​ម្តង ។ កម្មវិធី​ទាំងនេះ​បាន​ផ្តល់​នូវ​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​យុវជន​ខ្មែរ​ទូ​ទាំង​ប្រទេស​ឱ្យ​មានឱកាស​បញ្ចេញស្នាដៃ និង​សមត្ថភាព​ដើម្បី​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​វិស័យ​សិល្បៈ​ក្នុង​កម្រិត​ខ្នាត​អន្តរជាតិ ។ ទាំង​អស់នេះ​គឺ​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខ​សន្តិភាព ទើប​យើង​ទាំងអស់​គ្នា​មានឱកាស ចូលរួម​ផលិតកម្ម​វិធី និង​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​បែប​នេះ​បាន ។

ខ្ញុំ​ផ្ទាល់​នៅ​តែ​បន្ត​ការ​គាំទ្រ និង​លើកទឹកចិត្ត​យុវជន​យុវតី​ឱ្យ​ចូលរួម​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​ការ​ប្រកួតប្រជែង​សមត្ថភាព ចំណេះដឹង និង​ជំនាញ​នៅ​ក្នុង​កម្មវិធី​ដ៏ ល្អ​ៗ​ទាំងនេះ ។ សូម​អរគុណ​នាយក​ក្រុមហ៊ុន​ទូរទស្សន៍​ហង្ស​មាស និង​រស្មី​ហង្ស​មាស ផលិតករ ចៅក្រម​គណៈកម្មការ Coach ទាំង​បួន​មាន​ក្មួយ ណុ​ប បា​យ៉ា​រិ​ទ្ឋ ក្មួយ​ឱ​ក សុ​គ​ន្ឋ​កញ្ញា ក្មួយ​ឆ​ន សុវណ្ណ​រាជ និង​ក្មួយ​ពេជ្រ សោភា​» ។

សម្ដេច​តេ​ជោ​ហ៊ុន សែន បញ្ជាក់​ថា ដើម្បី​ផ្តល់​ការ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​យុវជន​ក៏​ដូច​ជា​ផ្តល់​ការ​កម្សាន្ដ នឹង​មានការ​ផ្សាយ​សា​ឡើង​វិញ​កម្មវិធី​ដ៏​មាន​ប្រជាប្រិយភាព​ទាំង​ពីរ​នេះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ផ្ទាល់​នៅ​ពេល​ផ្សាយ​ជា​បន្តបន្ទាប់​ខាង​មុខ​នេះ ។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​តេ​ជោ​ក៏​នឹង​ចាក់​ផ្សាយ​ផង​ដែរ​បទ​ចម្រៀង​ដែល​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ ។ សិល្បៈ​ដែល​ថត​ដោយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៃ​ទិវា​វប្បធម៌​៣​មីនា ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។ ការ​ប្រឡង​ចម្រៀង​ប្រពៃណី ល្ខោនបាសាក់ យីកេ មហោរី កំណាព្យ​ដោយ​ទូរទស្សន៍​បាយ័ន ។ បទ​ចម្រៀង​ទាក់ទង​ដល់​ការ​អភិវឌ្ឍ និង​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ។

សម្ដេច​តេ​ជោ​ហ៊ុន សែន នឹង​ផ្សាយ​បទ​ចម្រៀង​ដែល​ផលិត​ដោយ​ទូរទស្សន៍ ឬ​ផលិតកម្ម​ផ្សេង​ទៀត​ផង​ដែរ ក្នុង​ករណី​ទទួល​បានការ​អនុញ្ញាត ។ ទោះជា​យ៉ាងណា​ក្ដី​សម្ដេច​តេ​ជោ​ហ៊ុន សែន មិន​ចាត់​ទុក​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​នេះ​ជំនួស​ឱ្យ​វិទ្យុ និង​ទូរទស្សន៍​ណាមួយ​ទេ តែ​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង ឬ​សិល្បៈ​អាច​ជួយ​ដល់​ជនរួមជាតិ ពិសេស​យុវជន​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​មិន​មាន​ពេល​មើល​ទូរទស្សន៍ ហើយ​ជា​អ្នក​និយម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ​បាន​ទស្សនា​កម្សាន្ដ ៕