ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យពុទ្ធាភិសេក​ព្រះ​ពុទ្ធរូប​ប្រោសសត្វ ធ្វើ​ពី​ល្បាយ​លោហធាតុ​នៅ​វត្ត​ព្រែក​ហូរ

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ពិធី​បុណ្យពុទ្ធាភិសេក​ព្រះ​ពុទ្ធរូប ព្រះ​អង្គ​ទ្រង់​ឈរ​ប្រោសសត្វ ធ្វើ​ពី​ស្ពាន់​លាយ​មាស និង​ប្រាក់ កម្ពស់​៩,៩​ម៉ែត្រ និង​ទម្ងន់​៩,៩០​តោន ទ្រ​ដោយ​ប​ល័​ង្ក​ផ្កា​ឈូកស​៥​ស្រទាប់ កម្ពស់​៩,៩០​ម៉ែត្រ

ខេត្តកណ្តាល ៖ ពិធី​បុណ្យពុទ្ធាភិសេក​ព្រះ​ពុទ្ធរូប ព្រះ​អង្គ​ទ្រង់​ឈរ​ប្រោសសត្វ ធ្វើ​ពី​ស្ពាន់​លាយ​មាស និង​ប្រាក់ កម្ពស់​៩,៩​ម៉ែត្រ និង​ទម្ងន់​៩,៩០​តោន ទ្រ​ដោយ​ប​ល័​ង្ក​ផ្កា​ឈូកស​៥​ស្រទាប់  កម្ពស់​៩,៩០​ម៉ែត្រ និង​សមិទ្ធផល​មួយ​ចំនួន​ទៀត នៅ​វត្ត​ព្រះពុទ្ធ​អណ្តែត​ហៅ​វត្ត​ព្រែក​ហូរ សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

ផ្តួចផ្តើម​កសាង​ឡើង​ដោយ​លោក​ជំទាវ ឧកញ៉ា​សៀង ចាន់​ហេង ប្រធាន​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ និង​សប្បុរសជន​មួយ​ចំនួន​ទៀត ពិធី​បុណ្យពុទ្ធាភិសេក និង​សម្ពោធ​ដារ​ឆ្លង​ជា​ផ្លូវការ បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២១ និង​ព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៦ ។

លោក​ជំទាវ​ឧកញ៉ា​សៀង ចាន់​ហេង មាន​ប្រសាសន៍​ថា សមិទ្ធផល​ដែល​បម្រើ​ឲ្យ​វិស័យ​ព្រះពុទ្ធ​សាសនា នៅ​ក្នុង​ទី​អារាម​ព្រះពុទ្ធ​អណ្តែត ដែល​ធ្វើ​បុណ្យពុទ្ធាភិសេក និង​បុណ្យ​​ឆ្លង​នេះ រួម​មាន​រូប​ព្រះពុទ្ធ​ទ្រង់​ឈរ​ប្រោសសត្វ​កម្ពស់​៩​ម៉ែត្រ​៩​តឹក សាងសង់​អំពី​ស្ពាន់ លាយ​មាស និង​ប្រាក់ ប​ល័​ង្ក​ផ្កាឈូក ប្រាំ​ស្រទាប់ កម្ពស់​៩,៩០​ម៉ែត្រ ខាងក្នុង​បល័​ង្ក​តម្កល់​ផ្ទាំងគំនូរ​ផុស​អំពី​ពុទ្ធប្រវត្តិ និង​ព្រះពុទ្ធ​រូបអង្គ​តូច​ចំនួន​៥០០០​អង្គ រូបសំណាក​ស្តេច​ចក្រ​ទិស​ទាំង​៤ កាន់​ឆត្ររួត​, រូប​សត្វ​ឆ្នាំ​ទាំង​១២ រូប​ព្រះ​នារាយណ៍ និង​ព្រះ​វិស្ណុ ។ សមិទ្ធផល​ទាំងនេះ​ចាប់ផ្តើម​សាងសង់​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១២ និង​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ចំណាយ​ប្រាក់ សរុប​ប្រមាណ​ជាង​៦៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ប្រាក់​ផ្ទាល់​របស់​លោក​ជំទាវ សៀង ចាន់​ហេង ៩០% និង​សប្បុរសជន​១០% ។ សមិទ្ធផល​ដែល​កសាង​ឡើង​នៅ​ក្នុង​អារាម​នេះ គឺ​ដើម្បី​បូជា​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា និង​ថ្ងៃ​បុណ្យ​បុណ្យ​វិសាខបូជា ដែល​ទើប​កន្លង​ផុត​ទៅ ពិសេស​សម្រាប់​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន គោរព​បូជា​តរៀង​ទៅ ។

អភិបាលក្រុង​តា​ខ្មៅ លោក​ហេង ធៀ​ម ឱ្យ​ដឹង​ថា វត្ត​ព្រះពុទ្ធ​អណ្តែត ជា​វត្ត​មួយ​មាន​វ័យ​ចំណាស់ កសាង​ឡើង​នៅ​សម័យ​កាលដែល​ប្រទេស​កម្ពុជា ធ្លាក់​ក្នុង​នឹម​ត្រួតត្រា​របស់​អាណានិគមនិយម​បារាំង ក្នុង​អំឡុង​ពុទ្ធសករាជ ២៤២៩ គ្រឹ​ស្ត​សករាជ​១៨៨៥ ហើយ​រហូត​មក​ដល់​ពេល​នេះ​មាន​អាយុកាល​ជាង​១៣០ ឆ្នាំ​ហើយ ដោយ​ឆ្លងកាត់​ការ​ដឹកនាំ​របស់​ព្រះ​ចៅអធិការ​វត្ត​ចំនួន​៦​ព្រះ​អង្គ រួម​និង​ព្រះ​ចៅអធិការ​នា​បច្ចុប្បន្ន​នេះ ។

លោក​បណ្ឌិត​ម៉ៅ ភិ​រុណ អភិបាល​ខេត្តកណ្តាល ដែល​អ​ញ្ចើ​ញ​ជា​អធិបតី​នា​ឱកាស​នោះ​បាន​កោតសរសើរ​លោក​ជំទាវ​សៀង ចាន់​ហេង ដែល​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​យ៉ាង​ច្រើន​​កសាង​សមិទ្ធផល​ថ្មី​បម្រើ​ឱ្យ​វិស័យ​ព្រះពុទ្ធ​សាសនា និង​បាន​ចាត់​ទុក​ការ​កកើត​ឡើង​សមិទ្ធផល​ថ្មី​នេះ គឺជា​ការ​បញ្ជាក់​ពី​ការ​រីក​ចម្រើន​បន្ថែម​ទៀត ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​​របស់​យើង ពិសេស​ជួយ​ឲ្យ​វត្ត​ព្រះពុទ្ធ​អណ្តែត​កាន់តែ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត ស័ក្តិ​សមជា​កន្លែង​គោរព​បូជា​របស់​ពុទ្ធបរិស័ទ ព្រមទាំង​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​នៅ​ខេត្តកណ្តាល ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​ឡើង  ៕