ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ធ្វើ​អី បើ​បង់លុយ​លែង​វិញ​ដដែល

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​៨​នាក់ គោ​យន្ត​ក​ន្រៃ្ត​៧​គ្រឿង និង​សម្ភារៈ​សម្រាប់​អារឈើ​មួយ​ចំនួន ដែល​មន្ត្រី​បរិស្ថាន​ខេត្ត​បើក​ប្រតិបត្តិការ​បង្ក្រាប

ខេត្តមណ្ឌលគិរី ៖ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មនុស្ស​ចំនួន​៨​នាក់ គោ​យន្ត​ក​ន្រៃ្ត​៧​គ្រឿង និង​សម្ភារៈ​សម្រាប់​អារឈើ​មួយ​ចំនួន ដែល​មន្ត្រី​បរិស្ថាន​ខេត្ត​បើក​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​អ្នក​លួច​ចូល​អារឈើ​នៅ​ក្នុង​ព្រៃ​ការពារ​មណ្ឌលគិរី​កាលពី​រសៀល​ថ្ងៃ​ទី​២១ ឧសភា ២០១៦ ក្នុងស្រុក​កោះ​ញែក ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៣ ឧសភា ២០១៦ ។

សេចក្តីរាយការណ៍​ពី​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​មនុស្ស​៨​នាក់​ខាងលើ និង​បញ្ជូន​មក​កាន់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃ​ទី​២១​ឧសភា​ដើម្បី​កសាង​សំណុំរឿង ចំណែក​វត្ថុ​តាង​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​ផ្ញើរ​ទុក​នៅ​ស្នាក់​ការ​ព្រៃ​ការពារ​មណ្ឌលគិរី ស្រុក​កោះ​ញែក បណ្តោះអាសន្ន រង់ចាំ​ដោះស្រាយ​បន្ត ។

ទោះជា​យ៉ាងណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក ឈិ​ត សុផល អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ឧសភា​នេះ ហើយ​ជាមួយ​គ្នា​នេះ​ដែរ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក ហាន សា​ខន នៅ​ពេល​អ្នកកាសែត​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ មាន​អ្នកឆ្លើយ​ថា មិនមែន​ជា​លេខ​របស់​លោក ហាន សុ​ខន នោះ​ទេ ។ ជាមួយ​គ្នា​នេះ​ដែរ វត្ថុ​តាង​ដែល​មន្ត្រី​បរិស្ថាន​ផ្ញើរ​នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញ៉ែ​ក​នោះ លោក ឈួ​ន សេរី​វឌ្ឍន៍ ក៏​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ដែរ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​មាន​អ្នកឆ្លើយ​តប​។

អភិបាលស្រុក​កោះ​ញ៉ែ​ក លោក ម៉ើ​ល សឿ​ន បាន​ឲ្យ​ដឹង​តាម​រយៈ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ឧសភា​នេះ​ថា មន្ត្រី​បរិស្ថាន​ខេត្តមណ្ឌលគិរី​ពិតជា​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៨​នាក់​រួម​និង​គោ​យន្ត​កន្ត្រៃ​៧​គ្រឿង​ពិតមែន តែ​ករណី​នេះ​លោក​បាន​ទទួល​ព័ត៌មាន​ថា មន្ត្រី​ជំនាញ​រួម​និង​ភាគី​ពាក់ព័ន្ធ​បាន​ជូ​ប​ដោះស្រាយ​គ្នា​រួចរាល់​ហើយ ដោយ​ខាង​មន្ត្រី​ជំនាញ​បាន​អនុញ្ញាត​អោយ​ពលរដ្ឋ​ទាំងនោះ​យក​គោ​យន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​កាប់​ដើមឈើ​នៅ​ក្នុង​ព្រៃ​កា​ពារ​បន្ត​ទៀត​។

ប្រភព​ព័ត៌មាន​ដាច់​ដោយឡែក​បាន​លើក​ឡើង​ថា ក្នុង​ការ​ដោះ​លែង​ពលរដ្ឋ​រួម​និង​វត្ថុ​តាង​ជាក់ស្តែង​ទាំងនោះ មន្ទីរ​បរិស្ថាន​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​រាល់​សកម្មភាព​កាប់​រុក​រា​ន្ត​ព្រៃឈើ​ក្នុង​តំបន់​ការពារ ហើយ​លើស​ពី​នេះ​មន្ត្រី​ជំនាញ​បាន​ទាមទារ​ប្រាក់​ក្នុង​ម្នាក់​១​លាន​រៀល​ជា​ថ្នូរ​និង​ការ​ដោះ​លែង​មិន​ប​ញ្ជួ​ន​ទៅ​កាន់​ស្ថាប័ន​តុលាការ​ផង​ដែរ ។

ជុំវិញ​ព័ត៌មាន​ដែល​មានការ​លើក​ឡើង​ថា មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ទារប្រាក់​ពី​ពលរដ្ឋ​១​លាន​រៀល​ក្នុង​ម្នាក់​ជា​ថ្នូរ​ក្នុង​ការ​ដោះ​លែង​ពួក​គេ​នោះ អ្នក​សារព័ត៌មាន​មិន​អាច​ស្វែងរក​ការ​បកស្រាយ​ណាមួយ​ពី​មន្ត្រី​ជំនាញ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤​ឧសភា​នេះ ។