ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SCG ត្រៀម​ថវិកា​ជាង​140​លាន​ដុល្លារ​សម្រាប់​ពង្រីក​ការ​វិនិយោគ​ក្នុង​តំបន់​អាស៊ាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ SCG ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ប្រចាំ​តំបន់​អាស៊ាន បាន​ត្រៀម​នូវ​ទឹកប្រាក់​ប្រមាណ​ជាង​១៤០​លាន​ដុល្លារ​សម្រាប់​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ាន ដោយ​ផ្តោត​ទៅ​លើ​ផលិតផល​មានគុណ​តម្លៃបន្ថែម​ខ្ពស់

រាជធានី​ភ្នំពេញ ៖ SCG ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​ប្រចាំ​តំបន់​អាស៊ាន បាន​ត្រៀម​នូវ​ទឹកប្រាក់​ប្រមាណ​ជាង​១៤០​លាន​ដុល្លារ​សម្រាប់​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ាន ដោយ​ផ្តោត​ទៅ​លើ​ផលិតផល​មានគុណ​តម្លៃបន្ថែម​ខ្ពស់ និង​អភិវឌ្ឍន៍​នូវ​បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី​ដែល​បំពេញ​តាម​តម្រូវការ​ទីផ្សារ ។

ក្រោយ​បាន​ឡើង​កាន់​តំណែង​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម និង​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ត៍​ដ៏​ធំ​មួយ​កាលពីដើម​ឆ្នាំ​នេះ លោក Roongrote Ransiyopash ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន​អេស ស៊ី ជី (SCG) បាន​មាន​ប្រសាសន៍​ថា ៖ « ក្រុមហ៊ុន​របស់​លោក​បាន​កំណត់​ទិស​ដៅ​កំណើន​ជា​មធ្យម​៥%​ក្នុងឆ្នាំនេះ សម្រាប់​ពង្រឹង​ការ​វិនិយោគ​បន្ថែម​ទៀត ខណៈ​ដែល​ទីផ្សារ​អាស៊ាន​កំពុង​តែ​កើនឡើង​ប្រមាណ​៥% ជា​រៀង​រាល់​ឆ្នាំ ។ យើង​ចង់​សម្រេច​បាន​នូវ​កំណើន​ក្នុង​កម្រិត​ដូច​គ្នា​នេះ ឬ​បើ​ខ្ពស់​ជាង​នេះ​កាន់តែ​ប្រសើរ ។ អាស៊ាន​នៅ​តែ​ជាទី​ផ្សារ​យុទ្ធសាស្ត្រ​មួយ​ដែល​មាន​សមត្ថភាព​ចំណាយ​ខ្ពស់ និង​មាន​ប្រជាជន​ជាង​៦០០​លាន​នាក់​។ យើង​មើលឃើញ​ថា តំបន់​នេះ​គឺជា​ទីតាំង​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ការ​ពង្រីក​អាជីវកម្ម ក៏​ដូច​ជា​ពង្រីក​វត្តមាន​របស់​យើង​នៅ​ក្នុង​ប្រទេស​បណ្តា​អាស៊ាន » ។

លោក​បន្ត​ថា ៖ « យើង​ក៏​ចាប់អារម្មណ៍​ចំពោះ​ទីផ្សារ​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ចិន​ផង​ដែរ ដែល​មាន​ប្រជាជន​ប្រមាណ​៦០ ទៅ​៨០​លាន​នាក់​ដែល​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការ​រីក​លូតលាស់ ។ អេស ស៊ី ជី កំពុង​តែ​សម្លឹង​មើល​ទីផ្សារ​នៅ​បណ្តា​ទីក្រុង​ភាគ​ខាងត្បូង​ប្រទេស​ចិន ដែល​គេ​រំពឹង​ថា អាច​នឹង​មាន​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស ប្រសិន​បើ​មាន​សេវា​ភ័ស្តុភារ​ដើម្បី​ជួយ​ជំរុញ​ប្រតិបត្តិការ​អាជីវកម្ម ។ អេស ស៊ី ជី នឹង​ចំណាយពេល​២​ឆ្នាំ​-៣​ឆ្នាំ ដើម្បី​សិក្សា​ពី​ទីផ្សារ​ភាគ​ខាងត្បូង​ប្រទេស​ចិន មុន​នឹង​សម្រេច​ចិត្ត​ទៅ​លើ​ប្រភេទ​អាជីវកម្ម​ដែល​គួរតែ​វិនិយោគ ។ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​វិញ ក្រុមហ៊ុន​នឹង​បន្ត​យកចិត្តទុកដាក់ និង​ពិចារណា​ថា តើ​ប្រទេស​ណា និង​វិស័យ​ណា​មួយ​​ដែល​គួរតែ​ពង្រីក​ការ​វិនិយោគ​បន្ថែម​ទៀត » ។

លោក​បន្ថែម​ថា ៖ « ឆ្នាំ​នេះ អេស ស៊ី ជី គ្រោង​នឹង​ចំណាយ​ទឹកប្រាក់​ចំនួន​៥​ពាន់​លាន​បាត ឬ​ប្រមាណ​ជាង​១៤០​លាន​ដុល្លារ​នៃ​ខ្ទង់​ថវិកា​វិនិយោគ​របស់​ខ្លួន ដើម្បី​ពង្រីក​អាជីវកម្ម​នានា​របស់​ក្រុមហ៊ុន​នៅ​ក្នុង​តំបន់​អាស៊ាន រួម​ទាំង​ប្រទេស​ថៃ​ផង​ដែរ ។ អេស ស៊ី ជី នឹង​បន្ត​ផ្តោត​លើ​ផែនការ​របស់​ខ្លួន ក្នុង​ការ​បង្កើត​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​បំពេញ​តាម​តម្រូវការ​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ និង​បន្ត​បង្កើត​ផលិតផល​ដែល​មានគុណ​តម្លៃបន្ថែម​ខ្ពស់ ដែល​នឹង​ចូលរួម​ចំណែក​បង្កើត​ប្រាក់​ចំណូល​បន្ថែម​ទៀត​ដល់​ក្រុមហ៊ុន » ។

លោក​លើក​ឡើង​ថា ៖ « ដើម្បី​បង្កើត​ផលិតផល​ដែល​មានគុណ​តម្លៃបន្ថែម​ខ្ពស់​ថ្មី​ៗ​ក្រុមហ៊ុន​ក៏​វិនិយោគ​កាន់តែ​ច្រើន​ក្នុង​កិច្ចការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (R&D) ពោល​គឺ​មិន​បង្កើន​តែ​ខ្ទង់​ថវិកា​វិនិយោគ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើន​ទាំង​ធនធានមនុស្ស​ផង​ដែរ ។ ឆ្នាំ​នេះ អេស ស៊ី ជី បាន​ត្រៀម​បម្រុង​ទុក​ប្រមាណ ១% នៃ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​សរុប​របស់​ខ្លួន ឬ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​៤​ពាន់​លាន​បាត​សម្រាប់​កិច្ចការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ។ នេះ​ជា​ការ​កើនឡើង​ពី​ចំនួន​ទឹកប្រាក់​ត្រឹម​៣​ពាន់​លាន​បាត ឬ​ស្មើនឹង​០,៨% នៃ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​សរុប កាលពី​ឆ្នាំ​មុន ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​មាន​បុគ្គលិក​ប្រមាណ​១​ពាន់​នាក់​ដែល​កំពុង​បំពេញការងារ​ក្នុង​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ »  ។

លោក​លើក​ឡើង​ទៀត​ថា ៖ « ផលិតផល​មានគុណ​តម្លៃបន្ថែម​ខ្ពស់​បាន​ចូលរួម​ចំណែក​ប្រមាណ​ជា​៣៩% នៃ​ប្រាក់​ចំណូល​សរុប​របស់​យើង ហើយ​យើង​រំពឹង​ថា ភាគរយ​នេះ​នឹង​កើនឡើង​កាន់តែ​ខ្ពស់​បន្ថែម​ទៀត​នៅ​ពេល​ដែល​យើង​បន្ត​អភិវឌ្ឍន៍​ផលិតផល​ទាំងនោះ​បន្ថែម ។ យើង​នឹង​មិន​បង្កើន​ចំនួន​បុគ្គលិក​ដែល​បំពេញការងារ​ក្នុង​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទេ ។ ប៉ុន្តែ​យើង​នឹង​ប្រមូលផ្តុំ​នូវ​បុគ្គលិក​ដែល​បាន​បំពេញការងារ​នៅ​ក្នុង​ផ្នែក​ទីផ្សារ និង​សេវា​អតិថិជន ដែល​ពួក​គាត់​មានបទពិសោធន៍​ធ្វើការ​ជាមួយ​អតិថិជន​ច្រើន ដើម្បី​សហការ​គ្នា​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី ។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​បង្កើត​ផលិតផល​ថ្មី​ដែល​បំពេញ​តាម​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន » ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន អេស ស៊ី ជី បាន​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​វៀតណាម ក្នុង​វិស័យ​ស៊ីម៉ង់ត៍ សម្ភារ​សំណង់ សេវាកម្ម​វេច​ខ្ចប់ និង​ផលិតផល​គីមី​ឥន្ធនៈ ។ ចំណែក​នៅ​ប្រទេស​ឡាវ មី​យ៉ា​ន់​ម៉ា កម្ពុជា សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី​វិញ ក្រុមហ៊ុន​បាន​ផ្តោត​លើ​អាជីវកម្ម​វេច​ខ្ចប់ និង​សម្ភារ​សំណង់ ។

ក្រុមហ៊ុន​អេស ស៊ី ជី បាន​បញ្ចេញ​នូវ​របាយការណ៍​ថា ខ្លួន​រកបាន​ប្រាក់​ចំណូល​សរុប​ប្រមាណ​១១០​ពាន់​លាន​បាត ឬ​ប្រមាណ​ជាង​៣​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ ខណៈ​ប្រាក់​ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​ក្នុង​ត្រីមាស​ទី​១​នេះ បាន​កើនឡើង​ដល់​១៣,៦​ពាន់​លាន​បាត ឬ​ប្រមាណ​៣៨២​លាន​ដុល្លារ កើនឡើង​២៣% បើ​ធៀប​នឹង​ឆ្នាំ​មុន ដែល​ភាគច្រើន​បាន​មក​ពី​ផល​ចំណេញ​ក្នុង​អាជីវកម្ម​វេច​ខ្ចប់ និង​សារធាតុ​គីមី ៕